កូរ៉េខាងត្បូង៖ ទិន្នន័យរដ្ឋាភិបាលបង្ហាញកាលពីថ្ងៃអង្គារថាតម្លៃទំនិញប្រើប្រាស់របស់ប្រទេសកូរ៉េខាងត្បូងបានបន្តកើនឡើងជិត២%ក្នុងខែមេសាក្នុងពេលតម្លៃប្រេងឡើងខ្ពស់ ។
យោងតាមការិយាល័យស្ថិតិកូរ៉េបង្ហាញថាសន្ទស្សន៍តម្លៃទំនិញប្រើប្រាស់ក្នុងប្រទេសកូរ៉េខាងត្បូងបានឡើងថ្លៃ១,៩%កាលពីខែមុនធៀបនឹងអំឡុងពេលកាលពីឆ្នាំ២០១៦ដែលថយចុះពីកំណើន២,២%កាលពីខែមុន ។
តម្លៃទំនិញប្រើប្រាស់កំពុងស្ថិតនៅត្រឹងក្នុងរង្វង់២%គិតចាប់តាំងពីខែដំបូងនៃឆ្នាំ២០១៦ដោយសារតែការឡើងថ្លៃនៃតម្លៃហាងឆេងប្រេងប្រមាណជា១,៣%ក្នុងខែធ្នូកាលពីឆ្នាំទៅ ។ ធៀបនឹងខែមុនសន្ទស្សន៍តម្លៃទំនិញបានថយចុះ០,៣ពិន្ទុឬស្មើនឹង១០២,៦៦ពិន្ទុក្នុងខែមេសា ខណៈដែលកាលពីឆ្នាំ២០១៥វាស្ថិតក្នុងកម្រិត១០០ពិន្ទុ ។
ចំណែកអតិផរណាស្នូលមិនរាប់បញ្ចូលតម្លៃអាហារនិងតម្លៃប្រេងដែលងាយនឹងប្រែប្រួលបានឡើងថ្លៃ១,៥%ធៀបនឹងឆ្នាំទៅ ។
ការិយាល័យស្ថិតិបានឲ្យដឹងថាការកើនឡើងនៃតម្លៃប្រេងបានជំរុញឲ្យតម្លៃទំនិញប្រើប្រាស់កាលពីខែមុនឡើងថ្លៃ ប៉ុន្តែអតិផរណាក្នុងខែមេសាគឺជាផ្នែកមួយដែលទូទាត់នឹងការធ្លាក់ចុះនៅក្នុងតម្លៃបន្លែ ។ តម្លៃផលិតផលប្រេងសាំងឡើងថ្លៃ១១,៧%កាលពីខែមុនធៀបនឹងឆ្នាំមុនក្នុងពេលដែលតម្លៃប្រេងឆៅពិភពលោកមាននិន្នាការឡើងថ្លៃ ។
រីឯតម្លៃសាំងឡើង៩,៥%ក្នុងខែមេសានិងម៉ាស៊ូតឡើង១៤,១% ខណៈឧស្ម័នធម្មជាតិឡើង៣,៩%ក៏គាំទ្រដល់ការឡើងថ្លៃនៃទំនិញប្រើប្រាស់ប្រចាំខែផងដែរ។
ប៉ុន្តែតម្លៃបន្លែបានធ្លាក់ចុះ៦,១%ក្នុងខែមេសាធៀបឆ្នាំមុន ដោយសារការកើនឡើងក្នុងការផ្គត់ផ្គង់ក្នុងនិទាឃរដូវ។ជាពិសេសតម្លៃស្ពៃក្តោបចិនបានធ្លាក់ថ្លៃ៣៦,៦%កាលពីខែមុន ខណៈខាត់ណានិងខ្ញីធ្លាក់ថ្លៃ៤២%និង៣៦% ។
ប្រែសម្រួលដោយ៖ អុីវ វិចិត្រា