Thursday, December 5, 2024
Homeតារាបរទេសបេន នារីសម្បូរស្នេហ៍ ប្រុសចោម

បេន នារីសម្បូរស្នេហ៍ ប្រុសចោម

តារាឯកស្រី បេន រេវញ៉ាណាន់ ឬនាងធិប ក្នុងរឿង “ចំណងស្នេហ៍អាឃាត” ទើបតែប្រឡូកក្នុង វិស័យសិល្បៈ មិនបានយូរប៉ុន្មាន តែនាងអាចឆក់យក បេះដូងបុរសជាច្រើននាក់…។

បេន រេវិញ៉ាណាន់ ថាកឺត កើតនៅខេត្តឡាំភូន កាលពីថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ១៩៩២។ នាង ជានារីស្រស់ស្អាតដែលធ្លាប់ជាប់ជាបវរកញ្ញាលេខ១ ប្រចាំខេត្តឡាំភូន និងឈៀងម៉ៃ សម្រស់ ពីធម្មជាតិនេះហើយដែលនាំឱ្យនាងមានឱកាសក្លាយជាតួឯកក្នុងរឿង “មកុដរាជិនីសម្រស់ វគ្គ១” (តួនាងលូកសូ) និងពេលនេះកំពុងក្លាយជាតួឯកស្រីនាងធិប ក្នុងរឿង “ចំណងស្នេហ៍ អាឃាត”។ ពេលនេះ ល្បីថា សម្រស់របស់នាងបានឆក់ស្រូបបេះដូងបុរសជាច្រើនរូប។
យ៉ាងហោចណាស់ក៏មានដំណឹងថា មានបុរសក្នុងពិភពសិល្បៈដល់ទៅ៤នាក់ បានរាយ អន្ទាក់ស្នេហ៍ដាក់នាង។ បុរសទាំង៤នាក់នោះ គឺតូណូ ផាឃិន, តាន់ ណៈផាត់, ឆាគ្រីត យ៉ែមណាន និងចេត ចេតភិផាត់។

► បេន-តូណូ ៖

ដំណឹងនេះកើតឡើងនៅពេលមានការបែកធ្លាយរូបថតបេន រេវិញ៉ាណាន់ អង្គុយបញ្ចុក បាយគ្នាយ៉ាងរ៉ូមែនទិកតែ២នាក់តទល់ជាមួយលោកតូណូ ផាឃិន ដែលជាតារាចម្រៀង និងសម្តែងល្បីមួយរូប។ ស្របពេលជាមួយគ្នានោះ លោកតូណូ ក៏បានបង្ហោះសារក្នុងអ៊ីនស្តាក្រាមថា “ជាភរិយាបង ត្រូវតែអត់ធ្មត់”។ ហាក់ដូចជាពាក្យលួងលោមដល់ភាគីស្រី ដែលកំពុងឡោមព័ទ្ធដោយដំណឹងស្នេហានេះ។ ចំណែក បេន ក៏បង្ហោះរូបរបស់នាងធ្វើមាត់ខ្ជូតជាមួយនឹងពាក្យពេចន៍ថា “ស្រលាញ់គ្នា ត្រូវធ្វើមាត់ស្រួចបែបនេះ”។ ត្រឹមតែប៉ុណ្ណឹងមហាជនក៏សន្និដ្ឋានថា អ្នកទាំងពីរជាគូស្នេហ៍ថ្មីតែម្តង។ ទោះជាយ៉ាងណា អ្នកទាំងពីរទទួលស្គាល់ថា មានការបរិភោគបាយជាមួយគ្នាមែន តែជាការជួបគ្នាដោយចៃដន្យ ហើយពួកគេគ្មានអ្វីលើសពីមិត្តភក្តិទេ

► បេន-ឆាគ្រីត ៖

ដំណឹងស្នេហាជាមួយ តូណូ មិនទាន់ទាំងចប់ស្រួលបួលផង បេន ក៏មានដំណឹងរឹតតែក្តៅគគុកថ្មី ជាមួយតារាឯកព្រាននារី ឆាគ្រីត យ៉ែមណាន។ ព័ត៌មានផ្សាយថា លោក ឆាគ្រីត បាននាំ បេន ទៅណែនាំឱ្យមិត្តភក្តិគេស្គាល់ក្នុងឋានៈជាសង្សារថ្មីទៀតផង។

ករណីនេះ បេន បំភ្លឺថា ស្ត្រីម្នាក់នោះ អាចមានមុខមាត់ស្រដៀងនាង ទើបនាំឱ្យមានការយល់ច្រឡំ។ ជារួម នាងបដិសេធថា នាងពុំមែនជាជនទី៣ ដែលធ្វើឱ្យឆាគ្រីត បែកបាក់ពីប្រពន្ធគេឡើយ ព្រោះនាងបានជួបឆាគ្រីត តែម្តងគត់ ក្នុងពេលលេងរឿង “មន្តស្នេហ៍កំលោះប៉ិនត” ជាមួយគ្នា។

► បេន-កាន់ ណៈផាត់ ៖

កាន់ ណៈផាត់ ជាបុរសដែលទើបតែបែកបាក់ជាមួយសង្សារស្រី ហើយក៏មានដំណឹងស្នេហាជាមួយ បេន ម្នាក់ទៀតហើយ។ ម្តងនេះ បេន បដិសេធថា “បងកាន់ អត់បានតាមចែចង់ខ្ញុំទេ។ ខ្ញុំដឹងហើយថា គាត់ជាមនុស្សចូលចិត្តលេងសើចច្រើន។ ពេលមានដំណឹងជាមួយបងកាន់បែបនេះ ខ្ញុំភ្ញាក់ផ្អើលណាស់។ ខ្ញុំខ្លាចប្រិយមិត្តរបស់គាត់យល់ច្រឡំ។ ឯរឿងដែលគេផ្សារភ្ជាប់ទៅនឹងបាតដៃទី៣ គឺជារឿងដែលខ្ញុំបារម្ភណាស់ដែរ។ ការពិតខ្ញុំនិងគាត់គ្រាន់តែជាបងនិងប្អូនប៉ុណ្ណោះ”។

► បេន-ចេត ៖

ដូចលើកមុនដែរ បេន តែងតែក្លាយជាបាតដៃទី៣ ជានិច្ច ព្រោះ ចេត ចេតភិផាត់ ទើបតែបែកបាក់ជាមួយសង្សារស្រីឈ្មោះយិនស៊ី។ ម្តងនេះ បេន ទទួលស្គាល់ត្រឹមតែថា ពួកនាងជាបងប្អូន ខណៈដែល ចេត ក៏ចេញការពារថា បេន ពុំមែនជាបាតដៃទី៣ឡើយ ព្រោះខ្លួននិង យិបស៊ី បែកបាក់ ដោយសារមូលហេតុផ្សេង…។
មើលទៅ បេន ក្លាយជាស្រីដែលមានមន្តស្នេហ៍រោលរាល ប្រចាំពិភពសិល្បៈថៃ ទៅហើយ ព្រោះមានតែដំណឹងប្រុសៗ តាមចែចង់រហូត។

បេន និយាយថា “ខ្ញុំក៏មិនដឹងថា ហេតុអ្វីបានជាមានអ្នកតាមចែចង់ច្រើនបែបនេះ? ចាត់ទុកថាជាសំណាងល្អទៅចុះ”។
ទោះជាយ៉ាងណា បេន ហាក់ដូចជាបិទផ្លូវចំពោះ បុរសទាំងនោះ ព្រោះចុងក្រោយនេះនាងខ្សឹបប្រាប់ថា នាងមានបុរសដែលត្រូវចិត្តហើយ តែនាងសូមលាក់ទុកជាអាថ៌កំបាំងសិន៕

RELATED ARTICLES