ភ្នំពេញ ៖ បុរសម្នាក់បានទៅលួចបង្កាត់ភ្លើងស្នេហ៍ជាមួយនារីម្នាក់ រហូតដល់មានកូនមួយ ថតទាំងរូបភាពរក្សាទុកក្នុងទូរស័ព្ទជាអនុស្សាវរីយ៍ ខ្លាចបែកធ្លាយរឿងប្រពន្ធដើមឆែកឃើញ ភ័យស្លន់ស្លោ ក៏យកទូរស័ព្ទទៅឲ្យជាងលុបរូបភាពចោល ព្រោះខ្លាចកាន់យកទៅផ្ទះត្រូវប្រពន្ធដើមឆែកឃើញរូបស្រីស្នេហ៍ ដឹងអី ជាងទូរស័ព្ទមិនហ៊ានលុបរូបភាពចោល ព្រោះមិនមានការអនុញ្ញាតពីម្ចាស់ទូរស័ព្ទ ហើយពេលមកដល់ផ្ទះ ប្រពន្ធឆែកឃើញ ក៏ខឹងស្ទុះវឹងចាប់ទូរស័ព្ទបោកចោលខ្ទេច ស្រាប់តែបុរខ្លួនមួយជិះទូកពីររូបនេះបែរជាមករករឿងជាងជួសជុលទូរស័ព្ទទៅវិញ រួចនាំទៅប៉ុស្តិ៍នគរបាលចោមចៅ ផ្អើលទាំងព្រឹកថ្ងៃទី២០ ខែឧសភា ឆ្នាំ២០១៧ ។
បុរសកំហូច មិនប្រាប់ឲ្យស្គាល់ឈ្មោះ ស្គាល់អត្តសញ្ញាណឡើយ មានអាយុជាង៣០ឆ្នាំ ។ ចំណែកភាគីម្ខាងទៀត ជាជាងជួសជុលទូរស័ព្ទ នៅផ្សារចោមចៅ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ។
តាមការរៀបរាប់ពីភាគីម្ចាស់ទូរស័ព្ទបានឲ្យដឹងថា កាលពីរសៀលថ្ងៃទី១៩ ខែឧសភា ខ្លួនបានយកទូរស័ព្ទម៉ាកសាំសុងទៅឲ្យជាង លាង ហ្វម៉ាត និងលុបរូបភាពចោល ដោយគិតថាខ្លាចប្រពន្ធដើមឆែកមើលឃើញរូបប្រពន្ធចុងក្នុងទូរស័ព្ទ បន្ទាប់ពីបែកធ្លាយរឿងលួចមានប្រពន្ធថ្មី។ តែផ្ទុយទៅវិញ នៅយប់ថ្ងៃដដែល ក្រោយយកទូរស័ព្ទពីជាងទៅវិញ រឿងដែលខ្លួនផិតក្បត់លួចលាក់ប្រពន្ធនោះ ត្រូវបានបែកធ្លាយអស់រលីង ដោយសារប្រពន្ធដើមឆែកទូរស័ព្ទមើលឃើញ មានរូបប្រពន្ធចុងមានទាំងកូនទៀត នាងក្តៅចិត្តឆេវ ក៏ចាប់យកទូរស័ព្ទបោកចោលខ្ទេច ទើបខឹងជាង ពេលដែលយកទូរស័ព្ទទៅជួសជុល ហេតុអ្វីមិនលុបរូបមនុស្សស្រីចោល ទើបខ្លួនត្រូវប្រពន្ធរករឿង ។
តាមសម្តីជាងជួសជុលទូរស័ព្ទវិញ បានឲ្យដឹងនៅចំពោះមុខមន្រ្តីនគរបាលប៉ុស្តិ៍ចោមចៅ ថា បុរសខាងលើ បានកាន់ទូរស័ព្ទមកឲ្យខ្លួនជួសជុល លាង ហ្វម៉ាតកម្មវិធី តែមិនប្រាប់ឲ្យលុបឯកសារ លុបរូបភាពចោលនោះទេ ខ្លួនជាជាងក៏មិនហ៊ានប៉ះពាល់ រាល់រូបភាព ឯកសារផ្សេងៗដែលមាននៅក្នុងទូរស័ព្ទខាងលើឡើយ យកតែថ្លៃជួសជុលចំនួន៣ដុល្លារប៉ុណ្ណោះ ផ្ទុយទៅវិញ បែរជាមកប្តឹងខឹងរករឿង ចោទប្រកាន់ថា មកពីជាងមិនលុបរូបភាពប្រពន្ធចុងចោល ទើបប្រពន្ធដើមឆែកឃើញបោកចោលខ្ទេច ។
នៅចំពោះមុខមន្ត្រីនគរបាល ភាគីខាងម្ចាស់ទូរស័ព្ទ កើតទុក្ខមិនសុខចិត្ត ចោទទៅលើជាង ទើបប្រពន្ធដើមរករឿង ហើយទាមទារឲ្យសងថ្លៃទូរស័ព្ទចំនួន៤០ដុល្លារ ក៏ប៉ុន្តែភាគីខាងជាងវិញ បានឆ្លើយទាំងហួសចិត្តថា យី! លួចមានស្រីថ្មី លួចមានប្រពន្ធចុង អត់ចេះវិធីសាស្រ្តរក្សាការពារសេចក្តីសុខដោយខ្លួនឯង មកបន្ទោសជាងទៅវិញ ធ្វើឲ្យអ្នកសាព័ត៌មាននគរបាល ពលរដ្ឋបានដឹងឮ ផ្ទុះសំណើច មិននឹកស្មានដល់ ទើបភាគីខាងម្ចាស់ទូរស័ព្ទទាមទារលុយថ្លៃជួសជុល៣ដុល្លារទៅវិញ តែត្រូវបានភាគីខាងជាងខ្ជិលរវល់ជាមួយនូវទង្វើអ្វីដែលបុរសរូបនេះលួចប្រព្រឹត្ត ឈប់ជជែកជាមួយ នាំខាតពេលវេលា ទើបហុចលុយចំនួន៣ដុល្លារ ថ្លៃជួសជុលទៅឲ្យខាងម្ចាស់ទូរស័ព្ទ រួចក៏ជិះម៉ូតូចែកផ្លូវគ្នាចាកចេញទៅរៀងខ្លួន៕