Thursday, December 5, 2024
Homeតារាបរទេសតឺ ពេញចិត្ត មិវ ស្របពេលនាងបែកបាក់ប្រុសស្នេហ៍

តឺ ពេញចិត្ត មិវ ស្របពេលនាងបែកបាក់ប្រុសស្នេហ៍

ចំណងស្នេហា៨ឆ្នាំ រវាងស្រីស្អាត មិវ និដ្ឋា និងបុរសក្រៅរង្វង់សិល្បៈ ត្រូវបានបញ្ចប់យ៉ាងសោះកក្រោះ ខណៈដែលមានស្រមោលរូបភាពបុរសសង្ហា តឺ ឆាន់ថៈវិត ចូលមកពាក់ព័ន្ធក្នុងឋានៈបាតដៃទី៣ ។
រឿងនេះចាប់ផ្តើមឡើងនៅពេលទស្សនាវដ្តីល្បី Honeymoon Travel បានបង្ហោះរូបភាពស្រីស្អាត មិវ និដ្ឋា អមដោយពាក្យបរិយាយថា “ទំនេរហើយ សូមញ៉ែចុះ”។ ជាមួយគ្នានេះ គេក៏បានដាក់រូប មិវ អមជាមួយរូប តឺ ឆាន់ថៈវិត ហាក់ដូចជាកំលោះ តឺ បានចូលខ្លួនមកជំនួសអតីតសង្សារក្រៅរង្វង់សិល្បៈដូច្នេះដែរ។
មិនត្រឹមតែប៉ុណ្ណឹង ភ្នែកគ្រប់គូរបស់មហាជនក៏ផ្តោតទៅលើ តឺ ជាមួយនឹង ការចង់ដឹងថាតើ តឺ មានអ្វីជាមួយ មិវ ឬអត់? មិនទាន់ទាំងបានចម្លើយពីសាមីខ្លួនផងក៏មានការសន្និដ្ឋានថា តឺ ជាបាតដៃទី៣ប្រល័យស្នេហ៍៨ឆ្នាំ រវាង មិវ និងបុរសក្រៅរង្វង់សិល្បៈទៅហើយ។
រងការចោទប្រកាន់បាតដៃទី៣បែបនេះ តឺ មិនអាចសម្ងំស្ងៀមឡើយ ប្រញាប់ ចេញមកបកស្រាយថា “អត់បានញ៉ែនាងទេ បាទ! រឿងបាតដៃទី៣នេះ មិនគួរពាក់ព័ន្ធនឹងខ្ញុំទេ! ការពិត ខ្ញុំទើបតែបានដឹងថា នាងនៅទំនេរ (ក្រោយពេលមានការចុះផ្សាយនៃបណ្តាញសារព័ត៌មាន)។ ខ្ញុំ និង មិវ ពុំសូវបាននិយាយគ្នាពីរឿងផ្ទាល់ខ្លួនប៉ុន្មានឡើយ។ នាងប្រហែលជាមានរឿងផ្ទាល់ខ្លួន ដែលមិនសូវសប្បាយចិត្ត ឬមិនស្រួលនិយាយ”។
ទោះជា តឺ បដិសេធរឿងពាក់ព័ន្ធជាមួយ មិវ ក្តី ប៉ុន្តែចរន្តមហាជនគាំទ្រឱ្យអ្នកទាំងពីរក្លាយជាសង្សារពិតប្រាកដ។ សូម្បីតែតារាសម្តែងជើងចាស់អ្នកស្រី មូ ភិមផៈណា ក៏គាំទ្រអបអរអ្នកទាំងពីរដែរ។ កត្តានេះ តឺ យល់យ៉ាងម៉េចដែរ?


តឺ ញញឹមឆ្លើយតបថា “សប្បាយចិត្តណាស់បាទ! គេប្រហែលជាចំអន់លេងទេ។ សួរថា មានគេ សួរខ្ញុំច្រើនទេ គឺច្រើនណាស់! តែខ្ញុំអត់បានចែចង់ មិវ ទេ”។ ចម្លើយនេះ សម្រាប់តែពេលបច្ចុប្បន្នប៉ុណ្ណោះ ព្រោះទៅថ្ងៃមុខទៀត តឺ ប្រាប់ថា “ចំណែករឿងអនាគត ខ្ញុំតាមញ៉ែនាងឬអត់ ចៃដន្យខ្ញុំពុំមែនជា ណូស្ត្រាដាមុស (ហោរាល្បីល្បាញ ក្នុងអតីតកាលរបស់ពិភពលោក) ទើបពុំបានដឹងពីរឿងអនាគត។ ខ្ញុំមានអារម្មណ៍ត្រេកអរនៅពេលមានអ្នកអបអរ។ ខ្ញុំយល់ថា មហាជនស្លុងអារម្មណ៍តាមការសម្តែងរបស់យើង។ ប្រហែលជាឃើញថា យើងសមគ្នា គួរឱ្យស្រលាញ់ទាំងគូ”។
-ក្រោយមានព័ត៌មាននេះលោក តឺ បាននិយាយជាមួយ មិវ ឬនៅ?
“អត់បាននិយាយទេ។ តែខ្ញុំប្រហែលជាត្រូវនិយាយទៅរកនាង។ សួរថា មិវ ត្រូវចិត្ត ខ្ញុំទេ? គឺត្រូវម៉ាច់។ ខ្ញុំចង់មានន័យថា នាងត្រូវចិត្តមនុស្សជាច្រើននាក់។ នាងគួរឱ្យស្រលាញ់ ចូលចិត្តលេងសើច កំប្លែង រួសរាយ នៅក្បែរធ្វើឱ្យសប្បាយចិត្ត។ ដោយផ្ទាល់ខ្លួន ខ្ញុំគ្មានស្តង់ដារអ្វីច្រើនទេ។ បើស្រលាញ់គឺស្រលាញ់ហើយ”។ កន្លងមកធ្លាប់មានដំណឹងថា លោក តឺ ពេញចិត្ត មិវ? “បាទ! ត្រឹមត្រូវ។ មុននេះ ខ្ញុំនៅមិនទាន់ស្គាល់នាងនោះអី។ លុះពេលបានរួម ការងារជាមួយគ្នា ទើបដឹងថា នាងពូកែណាស់យកចិត្តទុកដាក់ក្នុងការងារ ឯនិស្ស័យក៏គួរឱ្យស្រលាញ់។ ក្រុមគ្រួសាររបស់នាងក៏គួរឱ្យស្រលាញ់។ ខ្ញុំមានឱកាសបានជួបគ្រួសារនាងញឹកញាប់។ អ្នកម៉ែរបស់ មិវ មកកន្លែងថតជាប្រចាំ។ ពេលទៅបរទេស អ្នកម៉ែ ឬប្អូនស្រី នាងក៏ទៅដែរ។ ខ្ញុំក៏បាននិយាយជាមួយអ្នកម៉ែ និងប្អូនស្រី មិវ ញឹកញាប់”។

-ពេលនេះលោកដូចជារឹតតែស្និទ្ធស្នាលជាមួយ មិវ?
“យើងកាន់តែស្និទ្ធស្នាលឡើង។ សួរថា ខ្ញុំដឹងថា មិវ ទំនេរឬទេ ក៏មិនសូវជាច្បាស់ប៉ុន្មានឡើយ។ នាងពុំដែលនិយាយចេញមកត្រង់ៗ។ ខ្ញុំក៏អត់ដឹងដូចគ្នាដែរ”។
បើនាងទំនេរ លែងពាក់ព័ន្ធជាមួយនរណាហើយ លោកតាមចែចង់ នាងឬអត់? “វាអាស្រ័យលើបច្ច័យជាច្រើនយ៉ាង”។
ស្តាប់ទៅ តឺ ដូចជាមិនបដិសេធលទ្ធភាពតាមចែចង់ មិវ ទេ។ ជាពិសេស ប្រយោគចុងក្រោយរបស់ តឺ រឺតតែគួរឱ្យសង្ស័យពីភាពជិតស្និទ្ធរបស់ពួកគេ ដោយ តឺ និយាយថា “ខ្ញុំទំនេរ៣ឆ្នាំមកហើយ គួរតែមាន (សង្សារ) ហើយ៕​

RELATED ARTICLES