ភ្នំពេញ៖ យុវជនម្នាក់ត្រូវបានកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលកាកាប ឃាត់ខ្លួនក្រោយពីមានយុវជនម្នាក់មកប្តឹងថា បានប្រើហឹង្សាទៅលើខ្លួន ដោយសារមិនព្រមដូរលុយឲ្យ កាលពីម៉ោង១៩និង៣០នាទីល្ងាច ថ្ងៃទី២០ ខែឧសភា ឆ្នាំ២០១៧ នៅក្នុងហាងខារ៉ាអូខេឫស្សីមាស ផ្លូវ២០០៤ ភូមិត្រពាំងល្វា សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ។
ជនបង្កហេតុឈ្មោះ ទិត្យ ច័ន្ទដារ៉ា អាយុ២១ឆ្នាំ មុខរបរហៅម៉ូយដាក់ហាងខាងលើ ស្នាក់នៅក្នុងហាងខារ៉ាអូខេឫស្សីមាស ផ្លូវ២០០៤ ភូមិត្រពាំងល្វា សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ។ចំណែកជនរងគ្រោះ ឈ្មោះ ធី ឆ័យ អាយុ ១៨ឆ្នាំ មុខរបរបុគ្គលិកស្ថានីយប្រេងឥន្ធនៈ ស្នាក់នៅភូមិត្រពាំងល្វា សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ។
ជនរគ្រោះបានប្រាប់សមត្ថកិច្ចថា កាលពីម៉ោងរំលងអាធ្រាត្យ ឈានចូលថ្ងៃទី២០ ខែឧសភា ឆ្នាំ២០១៧ ខណៈដែលគាត់កំពុងនៅកន្លែងស្ថានីយប្រេងមុខបន្ទាយ៩៩ ស្រាប់តែបង្កហេតុបានយកលុយក្រដាសមួយម៉ឺន មកដូរ ពេលនោះគាត់ប្រាប់វិញថា មិនមានលុយរាយទេ មានតែក្រដាស៥០០០រៀល ចំនួន២សន្លឹក តើដូរទេ? គ្រាន់តែនិយាយប៉ុណ្ណឹង ស្រាប់តែបង្កហេតុលោតមកវាយខ្លួនទាំងកំរោល បណ្តាលឲ្យរងរបួសយ៉ាងដំណំ ក្រោយវាយហើយ ជនសង្ស័យបានគេចខ្លួនបាត់។
ជនរងគ្រោះ បានប្រាប់ទៀតថា ក្រោយមកខ្លួនបានមកកាន់ប៉ុស្តិ៍នគរបាលរដ្ឋបាលកាកាបដើម្បីដាក់ពាក្យបណ្តឹង លុះម៉ោង១៩និង៣០នាទី សមត្ថកិច្ចប៉ុស្តិ៍ក៍ទៅឃាត់យុវជនខាងលើ ដល់កន្លែងធ្វើការ (ខារ៉ាអូខេប្ញស្សីមាស) តែម្តង។
នៅចំពោះមុខសមត្ថកិច្ច ជនបង្កហេតុខាងលើបានសារភាពថា មូលហេតុដែលខ្លួនវាយយុវជនខាងលើ ដោយសារតែខឹងជនរងគ្រោះឌឺដងសំដីដាក់ខ្លួន ពេលយកលុយទៅដូរ ដោយទ្រាំសំដីផ្លែផ្កាមិនបាន ក៍ជ្រុលដៃវាយតែម្តងទៅ។
បច្ចុប្បន្នយុវជនបង្កហេតុ ត្រូវបានកម្លាំងសមត្ថកិច្ចឃាត់ខ្លួសាកសួរបណ្តោះអាសន្ន នៅអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ។