ម្តងនេះ ប្រហែលជាពិបាកបដិសេធបន្តិច នៅពេលលោក ប៉ង ណាវ៉ាត បណ្តើរស្រីក្នុងសង្គម អភិជន អឺយ ថាន់យ៉ៈរេត ទៅញ៉ាំការ៉េមកែវមួយ២នាក់ ហើយមានចាប់ដៃ ចាប់ជើងប្រឡែងគ្នា យ៉ាងមានសេចក្តីសុខ ។
ការពិតលោក ប៉ង ណាវ៉ាត់ តួឯកប្រុសក្នុងរឿង “ចំណងស្នេហ៍អាឃាត” និងស្ត្រីអភិជន អឺយ ថាន់យ៉ៈរេត ធ្លាប់មានដំណឹងស្នេហាជាមួយគ្នា តាំងពីពេលពួកគេបណ្តើរគ្នាដើរលេងក្នុងថ្ងៃបុណ្យនៃសេចក្តីស្រលាញ់កន្លងមកម៉្លេះ។
ប៉ុន្តែលោក ប៉ង បែរជាមាត់រឹង បដិសេធថា ពួកគេគ្រាន់តែជាបងប្អូនប៉ុណ្ណោះ ពុំមែនជាគូស្នេហ៍អ្វីទេ។ ពេលនោះ មហាជនហាក់ជឿការបកស្រាយរបស់បុរស សម្បូរស្នេហ៍នេះ ហើយព័ត៌មានស្នេហានោះក៏ចាប់ផ្តើមរលត់បាត់បន្តិចម្តងៗ។ ប៉ុន្តែឥឡូវព្យុះស្នេហានោះចាប់ផ្តើមបក់បោកជាថ្មី ព្រោះមានអ្នកភ្នែករហ័សប្រទះឃើញលោក ប៉ង និងនារី អឺយ បណ្តើរគ្នាក្នុងហាងល្បីម្តុំឡាតប្រាវ ដោយមានចាប់ដៃ ប៉ះពាល់ខ្លួនប្រាណគ្នាយ៉ាងជិតស្និទ្ធ ហើយថែមទទួលទានការ៉េមកែវមួយ២នាក់ វេញខ្សែនេត្រាចូលគ្នាយ៉ាងមានសេចក្តីសុខ។ អ្នកបានឃើញមិនបណ្តោយឱ្យបរិយាកាសនេះកន្លងផុតទៅទេ ប្រាញប់ទាញទូរស័ព្ទចុចផ្តិតយករូបភាពនោះមួយរំពេច។ ទិដ្ឋភាពនោះហាក់ឆ្លុះបញ្ចាំងអំពីគូស្នេហ៍ រូមែនទិក ជាជាងបងប្អូន ដូចការបកស្រាយរបស់អ្នកទាំងពីរ។
កន្លងមក នៅពេលមានពាក្យចចាមអារ៉ាមពីទំនាក់ទំនងស្នេហាខុសវ័យនេះ លោកព្យាយាមនិយាយពង្វាងដានថា “ពេលនេះ ទំនាក់ទំនងរបស់ពួកយើង គឺបងប្អូន មិនដល់ថ្នាក់សិក្សាស្វែងយល់ចិត្តថ្លើមគ្នាឡើយ។ ប្អូនស្រី (អឺយ) នាងនៅក្មេងណាស់ ឯខ្ញុំក៏ចាស់ណាស់ទៅហើយ។ បើសួរថា ខ្ញុំតាមចែចង់នាងទេ? សូមរង់ចាំមើលនាពេលអនាគត។ ពេលនេះយើងស្គាល់គ្នា និងនិយាយគ្នាយល់រឿង។ បណ្តោយទៅតាមដំណើរសិនទៅ។ ម៉្យាងទៀត ខ្ញុំធ្វើអ្វីក៏មិនដែលលាក់បាំង ហើយក៏មិនប្រកូកប្រកាសដែរ ព្រោះបើលែងលះគ្នា នាំតែខ្មាសគេ។ ឯខាងប្អូនស្រីក៏មិនដែលលាក់បាំងធ្វើអ្វី អ្នកទាំងអស់គ្នាឃើញស្រាប់ហើយ”។
ចំណែកនារីវ័យក្មេងក្នុងសង្គមអភិជន អឺយ វិញ ក៏ផ្តល់ ចម្លើយថា “លោក ប៉ង គឺជាបងប្រុសម្នាក់”។ បើចង់ដឹងថា លោកតាមចែចង់នាងឬអត់ សូមឱ្យទៅសួរភាគីប្រុសចុះ។ រួចហើយ នាងក៏ប្រាប់ថា ភាគីប្រុសមិនបានចែចង់នាងទេ ហើយពួកនាងប្រាស្រ័យគ្នាដូចជាបងប្អូន។
តែរូបភាពញ៉ាំការ៉េម កែវមួយពីរនាក់ ខណៈដែលខ្សែ នេត្រាវេញចូលគ្នានេះជាការឆ្លុះបញ្ចាំងថា លោក ប៉ង ពិតជា ពុំបានតាមចែចង់នាងមែន ព្រោះអ្វីៗបានឆ្លងផុតដំណាក់កាល នេះចូលដល់វគ្គស្រលាញ់គ្នាទៅហើយ។
កន្លងមក លោកត្រូវបានគេប្រសិទ្ធនាមថា ជាកំពូលព្រាននារី ប្រចាំពិភពសិល្បៈថៃ ដោយលោកធ្លាប់មានគូស្នេហ៍ជាច្រើននាក់ ទាំងអ្នកនៅក្នុងពិភពសិល្បៈ និងនៅក្រៅសិល្បៈ។ ប៉ុន្តែគេពុំដែល ឃើញលោកសំចតបេះដូងនៅត្រឹមនារីណាម្នាក់ឡើយ៕