រាជធានីភ្នំពេញ ៖ ស្ត្រីម្នាក់ប្រកបដោយទុក្ខព្រួយពេញខ្លួន បានតាមរកកូនប្រុសវ័យ២០ឆ្នាំ របស់គាត់ដែលបានបាត់ខ្លួនគ្មានដំណឹង រយៈពេល៣ថ្ងៃហើយ មិនដឹងជាទៅទីណា និងជាប់ទៅជាមួយម៉ូតូស៊េរីទំនើប១គ្រឿងផងដែរ ដែលជាហេតុធ្វើឲ្យគាត់មានការព្រួយបារម្ភយ៉ាងខ្លាំង ខ្លាចមិត្តភក្ដិនាំទៅធ្វើបាបយកម៉ូតូ និងប្រើប្រាស់គ្រឿងញៀន ទើបនៅវេលាម៉ោង៩និង១៥នាទីព្រឹក ថ្ងៃទី២១ ខែឧសភា ឆ្នាំ២០១៧ គាត់បានធ្វើដំណើរទៅកាន់ប៉ុស្ដិ៍នគរបាលចោមចៅដាក់ពាក្យបណ្ដឹងសុំឲ្យនគរបាលជួយអន្តរាគមន៍ស្វែងរកកូនគាត់ផង ។ យុវជនដែលបាត់ខ្លួននោះ ឈ្មោះ វង់ ណារ៉ុត អាយុ២០ឆ្នាំ មុខរបរជាកម្មករផ្នែកអនាម័យ នៅក្នុងក្រុមហ៊ុនផែស្ងួត តេង ឡាយ មានស្រុកកំណើតនៅក្នុងភូមិខ្នារុង ឃុំបឹងត្រាចខាងត្បូង ស្រុកសំរោង ខេត្តតាកែវ មានម្ដាយឈ្មោះ រស់ ផល្លី អាយុ៤៩ឆ្នាំ មុខរបរកសិករ និងឪពុកឈ្មោះ យ៉ឹក ធី អាយុ៤៩ឆ្នាំ មុខរបរកសិករ រស់នៅក្នុងភូមិ-ឃុំខាងលើ ។
ប្រភពពីស្ត្រីដែលជាម្តាយ បានឱ្យដឹងថា កូនប្រុសគាត់បានបាត់ខ្លួនកាលពីថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០១៧ ដោយឈ្មោះ រិទ្ធ គឺជាមិត្តភក្ដិនោះជាអ្នកនាំទៅ ប៉ុន្តែមិនបានដឹងថា នាំទៅកន្លែងណាមួយឡើយ ហើយមុនពេលចាកចេញទៅ អ្នកជិតខាងបានឃើញមានយុវជន៣ទៅ៤នាក់ទៀត បានជិះម៉ូតូទៅរកកូនគាត់ បន្ទាប់មកក៏បាននាំគ្នាចាកចេញទៅបាត់ ចំណែកកូនប្រសារគាត់ជាប់រវល់ធ្វើការមិនបានដឹងទេ ។ លុះក្រោយមកទើបដឹង ក៏បានខលប្រាប់គាត់ថា កូនប្រុសគាត់បាត់ខ្លួនទៅហើយ ខណៈនោះបានធ្វើឲ្យគាត់មានការព្រួយបារម្ភខ្លាំងណាស់ ពីសុវត្ថិភាពកូនប្រុស ព្រោះនៅជាប់ខ្លួនគេមានម៉ូតូម៉ាកហុងដាឌ្រីម C១២៥ ស៊េរីឆ្នាំ២០១៧ មួយគ្រឿង ទើបនឹងទិញថ្មីៗទៀត ហើយគាត់ភ័យខ្លាចឈ្មោះ រិទ្ធ នោះនាំទៅធ្វើបាបបង្ខំឲ្យប្រើប្រាស់គ្រឿងញៀន ព្រោះជននេះទំនងជាមនុស្សញៀនថ្នាំផង ។ ប្រភពខាងលើបានបន្តថា នៅពេលបានជួបឈ្មោះរិទ្ធ គាត់បានសួរថាកូនគាត់នៅឯណា ត្រូវបានជននោះ ឆ្លើយថាអត់ដឹងទេ និងបានប្រាប់ថា កូនគាត់ទៅជាមួយនឹងគេមែន ប៉ុន្តែក្រោយមកបានបែកផ្លូវគ្នាវិញ ហើយខ្លួនមិនបានដឹងថា កូនគាត់ទៅណាទៀតនោះទេ ដែលការឆ្លើយនោះគាត់មិនជឿឡើយ ។ ទោះបីជាបែបណា គាត់បានទៅប្ដឹងនគរបាលប៉ុស្ដិ៍ចោមចៅ ឲ្យជួយហៅឈ្មោះរិទ្ធ ដើម្បីសាកសួរដែរ ប៉ុន្តែនគរបាលបានប្រាប់ថា គ្មានភស្តុតាងសម្រាប់ដាក់បន្ទុកលើជននោះទេ មិនអាចហៅបានឡើយដូច្នេះគាត់មិនដឹងថា តើគិតធ្វើដូចម្ដេចទេ? ។
ជាចុងក្រោយស្ត្រីរូបនោះបានដង្ហើយហៅឲ្យកូនប្រុសពៅ ប្រញាប់ត្រឡប់មកផ្ទះវិញ បើបាត់ម៉ូតូក៏បាត់ទៅចុះ អាចរកលុយទិញទៀតបាន ឪពុកម្ដាយមិនប្រកាន់នឹងកូនឡើយ បើបាត់ម៉ូតូមែនចាំឪពុកម្ដាយទិញឲ្យជិះទៀត ឲ្យតែកូនមកវិញដោយសុវត្ថិភាព គ្មានរឿងអីកើតឡើងនោះ គឺជារឿងសប្បាយចិត្តហើយ ។ គាត់ដឹងថា កូនប្រុសគាត់ប្រហែលជាបាត់ម៉ូតូ ទើបមិនហ៊ានចូលផ្ទះហើយរឿងមួយទៀត ប្រសិនបើដឹងថា កូនលង់ខ្លូនទៅប្រើប្រាស់គ្រឿងញៀននោះ គាត់ជាម្ដាយនឹងនាំទៅដាក់នៅមណ្ឌលបន្សាបគ្រឿងញៀន មិនទុកឲ្យខូចអនាគតនោះទេ ហើយបើមានអ្នកឃើញកូនគាត់ សូមបងប្អូនទាំងអស់ជួយផ្ដល់ដំណឹងជូនគាត់ផង តាមរយៈនគរបាលប៉ុស្ដិ៍ចោមចៅ ៕