Monday, January 20, 2025
Homeព័ត៌មានជាតិគ្នា១០នាក់ ក្នុងនោះមានភេទទី៣ម្នាក់ វ៉ៃយកៗតែម្តង អ្នកណាសុខចិត្ត

គ្នា១០នាក់ ក្នុងនោះមានភេទទី៣ម្នាក់ វ៉ៃយកៗតែម្តង អ្នកណាសុខចិត្ត

ភ្នំពេញ ៖ នារីវ័យក្មេងម្នាក់អះអាងថា ត្រូវបានសិស្សសាលាមួយក្រុម មានគ្នាប្រហែល១០នាក់ បានព្រួតលើកគ្នាមកវ៉ៃ បណ្តាលឲ្យរងរបួសមុតក្រចក ស្នាមពេញមុខ ខូចសម្រស់អស់រលីង ផ្តើមចេញពីទំនាស់សម្តីឌឺដងដាក់គ្នា ទើបកើតទុក្ខមិនសុខចិត្ត ត្បិតខ្លួនចាញ់ប្រៀប ចាញ់កម្លាំងគូបក្ខដិបក្ខ ក៏សម្រេចចិត្តរត់ទៅប្តឹងប៉ូលីស ខណៈដែលគូសត្រូវនាំគ្នារត់គេចទៅផ្ទះអស់ ។

ហេតុការណ៍ខាងលើកើតឡើងកាលពីវេលាម៉ោង៣រសៀល ថ្ងៃទី២២ ខែឧសភា ឆ្នាំ២០១៧ ស្ថិតនៅមុខវិទ្យាល័យបណ្តុះបណ្តាលបច្ចេកទេសនិងចំណេះទូទៅ ជម្ពូវ័ន សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ។

នារីវ័យក្មេងរងរបួសស្នាមពេញមុខ ជាអ្នកចាញ់ក្នុងសមភូមិប្រយុទ្ធ មានឈ្មោះ កា រតនា ១៩ឆ្នាំ ឈប់រៀន មានទីលំនៅជាប់សាលារៀនខាងលើ ។ ចំណែកគូបក្ខដិបក្ខជានារីមួយក្រុមខាងលើប្រមាណ១០នាក់ ក្នុងនោះមានខ្ទើយម្នាក់ ជាសិស្សរៀនថ្នាក់ទៅ១១ វិទ្យាល័យខាងលើ ក្នុងនោះ មាននារីម្នាក់ដែលនាងស្គាល់ឈ្មោះ សៅ សាវី អាយុ១៧ឆ្នាំ ។

តាមការរៀបរាប់ពីនារីរងគ្រោះ បានឲ្យដឹងថា កន្លងមក រូបគេធ្លាប់មានទំនាស់ពាក្យសម្តីជាមួយនារីឈ្មោះ សៅ សាវី ចេះតែឌឺដងដៀមដាមដាក់គ្នា រហូតបោះពាក្យបោះសម្តី វ៉ៃគ្នា១ស្មើ អាចបើកការប្រកួតបាន មិនចាំបាច់មានអាជ្ញាកណ្តាល ។  ទីបំផុត តាមអ្វីដែលពួកគេទាំង២នាក់ណាត់គ្នាប្រកួត ស្រាប់លេចមុខភាគីម្ខាង១០នាក់ សម្រុកចូលទីលានប្រកួត ប្រដាប់ទៅដោយម្រាម ក្រចកក្រញៅខ្ញាំ ខ្វាចពេញមុខ ហើយនាំគ្នារត់ទៅផ្ទះបាត់អស់ នៅសល់តែនារីជាអ្នកចាញ់ មិនបានរត់គេផ្ទះនឹងគេភ្លាមទេ រត់ទៅប៉ុស្តិ៍ប៉ូលីស ដើម្បីសុំប្តឹងក្នុងហេតុផលកើតទុក្ខមិនសុខចិត្ត ១០នាក់មកវ៉ៃម្នាក់ មានទាំងខ្ទើយមកជាមួយទៀត ។

ទោះជាយ៉ាងណាក្តី ទាំងនេះគ្រាន់តែសម្តីភាគីម្ខាងតែប៉ុណ្ណោះ នគរបាលរង់ចាំ ហៅភាគីម្ខាងទៀត មកសួរនាំជាមុនសិន ៕

RELATED ARTICLES