ខេត្តឧត្តរមានជ័យ៖ ផ្ទះមួយខ្នង រួមនិងសម្ភារៈជាច្រើនទៀត ត្រូវបានភ្លើងឆេះអស់ តែក្នុងរយះពេលមួយប៉ព្រិចភ្នែក ដោយធ្វើការជួយសង្រ្គោះមិនបាន។ ដែលករណីនេះបណ្តាលមកពីឆ្លងចរន្តអគ្គិសនីភ្លើងសូលែ។ ហេតុការណ៏នេះបានកើតឡើងកាលពីវេលាម៉ោង០៤ និង៤៥នាទិល្ងាច ថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០១៧ ស្ថិតក្នុងភូមិពាម ឃុំអូរស្វាយ ស្រុកត្រពាំងប្រាសាទ។
សមត្ថកិច្ចនគរបាលមូលដ្ឋានបាននិយាយឲ្យដឹងថា “ជនរងគ្រោះជាម្ចាស់ផ្ទះមានឈ្មោះ សៀង គន្ធា ភេទស្រីអាយុ៣៧ឆ្នាំ ជាស្ត្រីមេម៉ាយមានកូន៤នាក់ ក្នុងបន្ទុក រស់នៅភូមិឃុំកើតហេតុខាងលើ។ សម្ភារៈដែលរងការខូចខាត រួមមានផ្ទះឈើប្រក់ស័ង្កសី ទំហំ៥មគុណ៦ម ស្រូវ៦០បេ ទូរទស្សន៏២គ្រឿង ធុងបាស ថវិកា៣០មុឺនរៀល និងសម្ភារប្រើប្រាស់ជាច្រើនទៀត។ សមត្ថកិច្ចបន្តថា ក្រោយពីចុះពិនិត្យជាក់ស្តែងឃើញថា ករណីអគ្គីភយ័នេះបណ្តាលមកពីទុស្សេចរន្តអគ្គិសនីភ្លើងសូលែ។
គួរកត់សម្គាល់ឃើញថា បច្ចុប្បន្ននេះ មានក្រុមជិះម៉ូតូតាមភូមិ លក់ផលិតផលសូលែនេះជាច្រើន មិនដឹងថា ម៉ាកអ្វី ជាអ្វីនោះទេ ដើរឃោសនាឲ្យប្រជាពលរដ្ឋអោយទិញប្រើ ដល់ប្រជាពលរដ្ឋមិនយល់ ក៏ទិញទៅប្រើតាមការអូសទាញរបស់អ្នកលក់។ ដែលបញ្ហានេះសូមបងប្អូនប្រជាពលរដ្ឋត្រូវធ្វើការប្រុងប្រយ័ត្ន មិនត្រូវទិញរបស់របរដែលដឹកលក់តាមម៉ូតូនោះទេ គួរទិញនៅតាមហាងលក់ដែលគេមានអាស័យដ្ឋានច្បាស់លាស់ ទើបជាការប្រសើរ ងាយស្រួលខូចខាត ឫមានបញ្ហាអ្វី យើងអាចទៅសួរនាំបាន បើទិញតាមម៉ូតូគេយកលុយ ហើយគេទៅបាត់ហើយ៕