ភ្នំពេញ ៖ បុរសម្នាក់បាត់បង់អស់ម៉ូតូមួយគ្រឿង តាំងព្រឹកព្រលឹម បន្ទាប់ពីឌុបប្រពន្ធទៅធ្វើការងាររោងចក្រ ដំបូលក្រហម ភូមិទួលពង្រ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ត្រូវបានជនសង្ស័យមានគ្នា២នាក់ មកនិយាយលួងលោង ប្រើល្បិចខ្ចីម៉ូតូជិះទៅរកទិញទឹកសុទ្ធ បែជានាំគ្នាជិះចាកចេញទៅបាត់ តែមកប្រាប់ប៉ូលីសប៉ុស្តិ៍ចោមចៅ នៅវេលាម៉ោង១១និង១០នាទីថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៧ ថា ចោរដាក់ថ្នាំទៅវិញ ។
ជនរងគ្រោះមានឈ្មោះ សន ហោឡុង ហៅសន ម៉ាញ ភេទប្រុស អាយុ២១ឆ្នាំ ស្នាក់នៅផ្ទះជួល ភូមិដីថ្មី សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ មានស្រុកកំណើតភូមិបូតគង ឃុំទឹកថ្លា ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង ។ ម៉ូតូដែលជនសង្ស័យបោកយកទៅបាត់ ម៉ាកហុងដា សេ១២៥ ស៊េរី២០១៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1FF-9314 ។
តាមសម្តីជនរងគ្រោះ ប្រាប់ប៉ូលិសជំហានដំបូងថា ខ្លួនត្រូវថ្នាំគេ ទើបអស់ម៉ូតូមួយគ្រឿង ក៏ប៉ុន្តែក្រោយពីជជីកសួររកមូលហេតុពិត ទើបជនរងគ្រោះសារភាពថា កាលពីវេលាម៉ោង៧ព្រឹក ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៧ ខ្លួនបានឌុបប្រពន្ធទៅធ្វើការនៅរោងចក្រដំបូលក្រហម ភូមិទួលពង្រ សង្កាត់ចោមចៅ លុះជិះចាកចេញមកវិញបានបន្តិច បានឈប់ម៉ូតូ ហើយត្រូវបានជនសង្ស៍យគ្នា២នាក់ ដើរមកនិយាយលេងជាមួយ ហើយនិយាយលួងលោម សុំស្គាល់ សុំរាប់អាន ខ្ចីម៉ូតូជិះប្រាប់ថាទៅរកទិញទឹកសុទ្ធ គ្រាន់តែបានម៉ូតូ ជនសង្ស័យទាំង២នាក់ បើកគេចទៅបាត់ ទុកឲ្យខ្លួននៅអង្គុយរងចាំ បាត់យូរទៅៗ នៅមិនឃើញវិលវិញ ទើបដឹងថា បាញ់បោកគេ ហើយខ្លាចប្រពន្ធ ក្រុមគ្រួសារស្តីបន្ទោស ប្រាប់សមត្ថកិច្ចថា ត្រូវថ្នាំគេអស់ម៉ូតូមួយគ្រឿងទៅវិញ មកកុហកទាំងប៉ូលីសទៀត តែគ្មានអ្នកណាជឿ ទីបំផុតសារភាពប្រាប់ទម្លាយរឿងប្រាប់អស់ ។
ទោះជាយ៉ាងណាក្តី ជនរងគ្រោះ ត្រូវបាននគរបាលសាកសួររឿងហេតុ និងទទួលបណ្តឹង ដើម្បីបន្តការស្រាវជ្រាវ ៕