Monday, January 20, 2025
Homeព័ត៌មានជាតិស្ត្រីម្នាក់បង្កើតហ្វេសប៊ុកដាក់រូបក្លែងក្លាយ បោកយកលុយអាណិកជន បានជិត២០ម៉ឺនដុល្លារ

ស្ត្រីម្នាក់បង្កើតហ្វេសប៊ុកដាក់រូបក្លែងក្លាយ បោកយកលុយអាណិកជន បានជិត២០ម៉ឺនដុល្លារ

(ភ្នំពេញ) ស្ត្រីវ័យជាង៣០ឆ្នាំម្នាក់ ដែលមានទាំងប្ដី មានទាំងកូនទៅទៀត បានលួច បង្កើតគណនីហ្វេសប៊ុក ដាក់ឈ្មោះក្លែងក្លាយ និងយករូបថតស្ត្រីផ្សេង ដែលមានរូបសម្រស់ស្រស់ស្អាត មកដាក់ រួចហើយយកទៅទាក់ទងជាមួយអាណិកជនខ្មែរ រស់នៅប្រទេសញូវហ្សេឡែនដ៍ វ័យចំណាស់ម្នាក់រហូតដល់លង់ស្នេហ៍លើនាង ដោយលទ្ធផលចុងក្រោយ បានចាញ់បោកអស់ប្រាក់ ២៧ម៉ឺនដុល្លារ (លុយញូវហ្សេឡែនដ៍) ស្មើជិត២០ម៉ឺនដុល្លារអាមេរិក។

មន្ត្រីនគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃមួយរូប បានបង្ហើបឲ្យដឹងថា ការឃាត់ខ្លួនស្ត្រីខាងលើ ធ្វើឡើងកាលពីវេលាម៉ោង៧និង៤៥នាទីយប់ ថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០១៧ ម្សិលមិញនេះ និងបន្ទាប់ពីទទួលបានពាក្យបណ្ដឹងរបស់ជនរងគ្រោះ និងយោងតាមបញ្ជារបស់លោកសៀង សុខ ព្រះរាជអាជ្ញារងអមសាលាដំបូង រាជធានីភ្នំពេញរួចមក។

ជនសង្ស័យដែលត្រូវកម្លាំងនគរបាលព្រហ្មទណ្ឌឃាត់ខ្លួននេះ ត្រូវបានគេស្គាល់ឈ្មោះ ជិន សោភា ហៅជិន ស្រីដេត អាយុ៣៣ឆ្នាំ រស់នៅភូមិទួលសាម៉ សង្កាត់កំបូល ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ជាស្ត្រីកំពុងមានប្ដី និងមានកូន នៅក្នុងបន្ទុកបីបួននាក់ទៀតផង។ ចំណែកជនរងគ្រោះត្រូវបានគេស្គាល់ឈ្មោះ អ៊ា មឿន ជាអាណិកជនវ័យចំណាស់មួយរូប រស់នៅប្រទេសញូវហ្សេឡែនដ៍។

តាមការរៀបរាប់ពីជនរងគ្រោះ បានបង្ហើបឲ្យដឹងថា កាលពីខែមិថុនា ឆ្នាំ២០១៣ ស្ត្រីឆបោកខាងលើបានទូរស័ព្ឌច្រឡំលេខចូលទៅទូរស័ព្ឌរបស់លោក ហើយក៏មានការទំនាក់ទំនងស្គាល់គ្នា រហូតមក។ ក្នុងនោះស្ត្រីខាងលើក៏បានប្រាប់ឲ្យដឹងពីគណនីហ្វេសប៊ុករបស់នាង ដែលដាក់ឈ្មោះក្លែងក្លាយ ហើយយករូបថតស្ត្រីវ័យក្មេង ដែលមានរូបសម្រស់ស្រស់ស្អាតម្នាក់ ដែលម្ចាស់រូបនេះ មានប្ដីនិងមានកូន រស់នៅខេត្តបាត់ដំបង ថាជារូបរបស់នាង ធ្វើឲ្យបុរសអាណិកជនលង់ស្នេហ៍ រហូតមានទំនាក់ទំនងគ្នាយ៉ាងស៊ីជំរៅ ដោយបុរសអាណិកជន តាំងចិត្តចូលស្តីដណ្ដឹង រៀបការតាមប្រពៃណីទៀតផង។

ក្រោយពីមានទំនាក់ទំនងគ្នាតាមទូរស័ព្ឌ និងតាមហ្វេសប៊ុក មកបុរសខាងលើឧស្សាហ៏ផ្ញើលុយឲ្យចាយ ហើយស្ត្រីរូបនេះដែលតាំងខ្លួនជាស្រីក្រមុំ ប្រាប់ទៅបុរសអាណិកជនខាងលើ ដោយធ្វើការត្អូញត្អែរខ្វះនេះ ខ្វះនោះ ដូចជាខ្វះលុយធ្វើផ្ទះឲ្យបានសមរម្យ ដើម្បីរៀបចំពិធីមង្គលការ ឲ្យពេញមុខពេញមាត់ជាដើម រហូតដល់បុរសអាណិកជន ផ្ញើកាតអេធីអឹម និងប្រាប់លេខកូដកាតរបស់ខ្លួន អោយមកនាងសម្រាប់ទុក បើកលុយយកទៅប្រើប្រាស់តាមចិត្តចង់ អស់២៧ម៉ឺនដុល្លារញូវហ្សេឡែនដ៍។

ប៉ុន្តែនៅពេលដែលបុរសអាណិកជន មកលេងស្រុកខ្មែរ ដើម្បីបានជួបមុខគូកំណាន់ចិត្ត បែរជានាង រួមទាំងម្ដាយផងដែរ តែងកុហកថា នាងមានការសំខាន់ចេញទៅក្រៅប្រទេសបាត់ទៅហើយ ហើយស្ត្រីខាងលើដែលចេញមុខមកជួប បែរជាប្រាប់ថា ត្រូវជាបងស្រីរបស់នាងទៅវិញ។ ដោយមានការសង្ស័យ បុរសអាណិកជនបានធ្វើការស្រាវជ្រាវ តាមរយៈរូបថតនៅក្នុងហ្វេសប៊ុករហូតដល់ដឹងការពិតថា តាមពិតម្ចាស់រូបថតក្នុងហ្វេសប៊ុកនោះជាស្ត្រីម្នាក់មានប្ដី មានកូនរស់នៅខេត្តបាត់ដំបង ឯណោះ ដោយម្ចាស់រូបមិនបានដឹងរឿងនោះទេ។

ក្រោយបែករឿង បុរសអាណិកជនក៏បានព្យាយាមទាក់ទងទៅស្ត្រីខាងលើ ដើម្បីដោះស្រាយគ្នា តែរូបនាងមិនត្រឹមតែមិនទទួលខុសត្រូវប៉ុណ្ណោះទេ គឺថែមទាំងចង់រកប្ដឹងបុរសអាណិកជន ពីបទបរិហារកេរ្តិ៍ថែមទៀតផង។

ចុងក្រោយបុរសអាណិកជនបានប្រមូលភស្តុតាងគ្រប់គ្រាន់ ដាក់ពាក្យបណ្ដឹងទៅកាន់នគរបាល ក្រសួងមហាផ្ទៃ កាលពីថ្ងៃទី៥ ខែឧសភា ឆ្នាំ២០១៧កន្លងទៅនេះ រហូតដល់សមត្ថកិច្ចបើកការ ស៊ើបអង្កេត ឈានទៅដល់ឃាត់ខ្លួនតាមបញ្ជាព្រះរាជអាជ្ញាតែម្ដងទៅ។

យោងតាមចម្លើយសារភាពនៅចំពោះមុខសមត្ថកិច្ច នារីឈ្មោះជិន សោភា បានអះអាងថា ខ្លួនពិតជាបានយករូបអ្នកដទៃមកក្លែងបន្លំផ្ញើសារទៅឲ្យបុរសអាណិកជនខាងលើថា ដើម្បីឲ្យជឿជាក់ថា ជារូបខ្លួន ដើម្បីបោកបញ្ឆោតយកប្រាក់ប្រាកដមែន តាមរយៈការដកប្រាក់ពីអេធីអឹម វីសា កាតដែលបុរសអាណិកជនខាងលើផ្ញើមកអោយ។ បច្ចុប្បន្ន ស្រីខាងលើសមត្ថកិច្ចព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃបានកសាងសំណុំរឿង ដើម្បីបញ្ជូនទៅតុលាការអនុវត្តតាមច្បាប់៕

RELATED ARTICLES