ឧត្តរមានជ័យ៖ សេចក្តីរាយការពីកម្លាំងនគរបាលខេត្តឧត្តរមានជ័យ បានឲ្យដឹងថា មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង ដោយរថយន្តធំដឹកផ្លែល្ពៅ ម៉ាក FUSO ពាក់ផ្លាកលេខ កំពង់ចាម 3A-0892 បង្កក្រឡាប់ខ្លួនឯង នៅលើស្ពានកណ្តែក ដែលស្ថិតនៅលើផ្លូវជាតិលេខ ៦៨ ភូមិកណ្តែក សង្កាត់សំរោង ក្រុងសំរោង បណ្តាលអោយរបួសធ្ងន់មនុស្ស៣នាក់ និងរបួសស្រាល៨នាក់ (ប្រុសទាំងអស់) កាលពីវេលាម៉ោង៣និង៥០នាទីទៀបភ្លឺ ថ្ងៃទី២៥ ខែឧសភាឆ្នាំ២០១៧ រីឯអ្នករបួសបានត្រូវបញ្ជូនទៅកាន់មន្ទីរពេទ្យបង្អែកខេត្តឧត្តរមានជ័យ ។
សមត្ថកិច្ចបន្តថា ក្រោយពីកម្លាំងសមត្ថកិច្ចយើងទទួលបានព័ត៌មានភ្លាម បានទៅអន្តរាគមន៍ និងដឹកបញ្ជូនជនរងគ្រោះទៅកាន់មន្ទីរពេទ្យ រីឯរថយន្តកម្លាំងសមត្ថកិច្ច បានស្ទូចរថយន្ត និងប្រមូលផ្លែល្ពៅឲ្យម្ចាស់ ចំណែកអត្តសញ្ញាណជនរងគ្រោះ និងតៃកុងរថយន្តពុំទទួលបានឡើយ។
សមត្ថកិច្ចជំនាញបានសន្និដ្ឋានថា ករណីគ្រោះចរាចរណ៍ខាងលើនេះ គឺសង្ស័យតៃកុងរថយន្តងងុយដេក ហើយដល់ចំណុចផ្លូវកោង និងមានស្ពានខាងមុខ ទើបបង្កក្រឡាបផ្ងារជើងតែម្តង៕