ភ្នំពេញ៖ កូនកម្លោះកូនក្រមុំកំពុងតែសូត្រមន្តថ្ងៃចូលរោងការ ស្រាប់តែខ្យល់គួចប៉ើងរោងការទៅទើរលើបង្គោលខ្សែភ្លើង ដូចធ្វើរោងការលើអាកាសអញ្ចឹង បង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង២និង៣០នាទី រសៀលថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០១៧ នៅតាមកំណាត់ផ្លូវបេតុងព្រៃសក្នុងភូមិថ្មី សង្កាត់ដង្កោ ខណ្ឌដង្កោ។
ប្រភពព័ត៌មានពីកន្លែងកើតហេតុ បានប្រាប់ឲ្យដឹងថា រោងការខាងលើធ្វើនៅតាមផ្លូវបេតុងព្រៃស ហើយជាថ្ងៃចូលរោងការ មានកូនប្រុសមានឈ្មោះ រស់ ភារ៉េត និងកូនស្រី ឈ្មោះលីលក្ខិណា ខណៈពេលឪពុកម្ដាយទាំងសងខាងបានរៀបចំពិធីសូត្រមន្តតាមប្រពៃណីសាសនា ស្រាប់តែមានខ្យល់កន្ត្រាក់បក់មកយ៉ាងខ្លាំងបណ្ដាលឲ្យរោងការប៉ើងទើរលើបង្គោលភ្លើង នៅចិញ្ចើមផ្លូវដូចសង់រោងលើអាកាស តែមិនបង្កឲ្យមនុស្សរងរបួសទេ។
អ្នកឃើញហេតុការណ៍បានឲ្យដឹងថា ពួកគាត់បាននិយាយពីមាត់មួយទៅមាត់មួយថា នេះគ្រាន់តែជាថ្ងៃចូលរោងការទេ បើសិនជាចំធំវិញ មិនដឹងជាយ៉ាងទេ ហើយនិងមានមនុស្សរងរបួសច្រើនមើលទៅ ព្រោះរោងដែលខ្យល់បក់ទើរលើបង្គោលភ្លើងនោះ គឺសុទ្ធខ្សែមេភ្លើងធំៗឆាប់និងងាយបង្កឲ្យមនុស្សគ្រោះថ្នាក់ ។
ក្នុងករណីនេះដែលក្រុមព័ត៍មានយើងមិនអាចទាក់ទងទៅកាន់ឪពុកម្ដាយកូនប្រុសកូនស្រីបានទេ ព្រោះតែពួកគាត់រវល់ ។
ក្រោយពីកើតហេតុសមត្ថកិច្ចខណ្ឌដង្កោ បានទាក់ទងទៅខាងអគ្គិសនី អោយជួយបិទភ្លើង ដើម្បីអោយអ្នកសាងសង់រោងការ រុះរើយករោងមកសាងសង់ជាថ្មីឡើងវិញ ៕
វីដេអូ៖ កំពុងសូត្រមន្តចូលរោងការ ខ្យល់កួចបុើងរោងការ ទើរលើបង្គោលខ្សែភ្លើង
Posted by Angkorthom Magazine on Thursday, 25 May 2017