Sunday, May 19, 2024
Homeតារាខ្មែរសួង សាខារ៉ានីត បារម្ភសុខភាពប្រជាពលរដ្ឋខ្មែរ១៥លាននាក់ កំពុងប្រឈមនឹងជាតិគីមី

សួង សាខារ៉ានីត បារម្ភសុខភាពប្រជាពលរដ្ឋខ្មែរ១៥លាននាក់ កំពុងប្រឈមនឹងជាតិគីមី

តារាភាពយន្ដសាច់សខ្ចីដូចបណ្ដូលចេក កញ្ញាសួង សាខារ៉ានីត បានចេញមុខលើកដំបូង ដែលឈឺឆ្អាលអំពីការនាំបន្លែសាច់ស្រស់ពីប្រទេសជិតខាង ជារៀងរាល់ថ្ងៃ ជាពិសេស គឺនាំចូលពីវៀតណាម ដែលផ្ទុកជាតិគីមី ប្រឈមការប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សុខភាពប្រជាជនកម្ពុជា រាប់លាននាក់ នាពេលបច្ចុប្បន្ន។

ស្រីស្អាតរូបនេះថ្លែងថា ”ទោះជាខ្ញុំចេញមុខរិះគន់នេះ ត្រូវបាត់បង់ជីវិត ក៍ខ្ញុំមិនខ្លាចដែរ ព្រោះអីខ្ញុំគិតថា មនុស្សយើងគង់តែស្លាប់ដូចគ្នាទេ អីចឹងនៅពេលដែលយើងអាចជួយជីវិតអ្នកដទៃបាន យើងត្រូវតែធ្វើវា។ រាល់ថ្ងៃខ្ញុំបារម្ភបំផុតពីការនាំចូលបន្លែពីប្រទេសជិតខាងយើង មួយថ្ងៃ៥០តោន តើប៉ះពាល់អ្នកណាខ្លះទៅ ព្រោះភាគច្រើន ច្បាស់ណាស់ថាផលិតផលទាំងនោះ សុទ្ធតែផ្ទុកនូវសារធាតុគីមី។ ហើយមានសាច់ស្រស់ខ្លះ ប្រទេសគេលែងលក់កើតហើយព្រោះហួសកំណត់ បែរជានាំចូលមកលក់នៅស្រុកខ្មែរទៅវិញ។ សម្រាប់ខ្ញុំជាប្រជាជនសាមញ្ញម្នាក់ មិនមែនជាតារាល្បីអីទេ អីចឹងខ្ញុំសំណូមពរដល់មន្ដ្រីកាំកុងត្រូលទាំងអស់ ដែលនៅច្រកព្រំដែនឲ្យគាត់ឲ្យគាត់មានការពិនិត្យទំនិញឲ្យបានច្បាស់លាស់ផង មុននឹងឲ្យនាំចូលមកស្រុកយើង ព្រោះបើគិតតែឲ្យនាំចូលៗ ដោយមិនយកចិត្តទុកដាក់នោះ ច្បាស់ណាស់ថាអ្នករងគ្រោះគឺបងប្អូនប្រជាជនយើង ពេលដែលគាត់ឈឺ តើគាត់មានលុយឯណាទៅព្យាបាលជំងឺទៅ? អីចឹងខ្ញុំមានតែលើកដៃដប់សុំអង្វរបងៗមន្ដ្រីកាំកុងត្រូលយើង សូមឲ្យគាត់ជួយប្រជាជនយើងផង ព្រោះថាបើគាត់ហូបអាហារបន្លែដែលសុទ្ធតែជាតិគីមីរាល់ថ្ងៃនោះ តើសុខភាពគាត់នឹងទៅជាយ៉ាងណា?”។

ការចេញមុខរបស់តារាស្រីសាច់សខ្ចី សួង សាខារ៉ានីត ផ្ញើសារដល់មន្ដ្រីកាំកុងត្រូលនៅពេលនេះ គឺស្របពេលដែលតារាល្បីសឹងតែទាំងអស់ នៅក្នុងសមាគមមិត្តសិល្បៈស្ម័គ្រចិត្តជួយសង្គម ដែលដឹកនាំដោយអ្នកនាងចន ចន្ទ័លក្ខិណា និងសង្សារថ្មី លោកហេងឡុង ហៅរ័ត្ន កំពុងតែជាប់ដៃឃោសនាហែរគណបក្សយ៉ាងសស្រាក់សស្រាំ ដើម្បីរកសំឡេងឆ្នោតឲ្យបក្សកាន់អំណាច តែរ៉ានីត បែរជាដេកមិនលក់ និងភ័យជំនួសប្រជាជនកម្ពុជា ១៥លាននាក់ ដែលកំពុងតែទទួលទានបន្លែរនាំចូលពីវៀតណាម ៥០តោន ជារៀងរាល់ថ្ងៃនោះទៅវិញ ខណៈដែលមន្ដ្រីធំៗសឹងតែទាំងអស់សុទ្ធតែមានកសិដ្ឋានបន្លែររបស់ខ្លួនគ្មានជាតិគីមី នៅតាមបណ្ដាខេត្ត ដូចនេះអ្នកដែលរងគ្រោះពីការញាំអាហារដែលបន្លែរផ្ទុកជាតិគីមីនាំចូលពីប្រទេសជិតខាងនោះ គឺគ្មានអ្នកណាក្រៅពីប្រជាជនកម្ពុជា ដែលក្រីក្ររនោះឡើយ។

តារាភាពយន្ដដែលចូលចិត្តលេងជាតួឆ្នាសឆ្នើមរូបនេះ បន្ថែមថា ”ខ្ញុំរន្ធត់ចិត្តណាស់បង! ពេលដែលដឹងថា ក្នុង១ថ្ងៃ ប្រជាជនយើងញាំបន្លែដែលនាំចូលពីគេ ៥០តោននោះ។ ចុះបើសិនជាមានជាតិគីមីទាំង៥០តោនហ្នឹងទៅ តើប៉ះពាល់អ្នកណាខ្លះទៅ? និយាយទៅតាមដឹងសូម្បីតែគល់ស្លឹកគ្ រៃដែលយើងអាចដាំបានដោយខ្លួនឯងនោះ ក៍យើងនាំចូលពីគេដែរ អីចឹងតម្លៃកសិកម្មក្នុងស្រុកយើង តើនឹងទៅជាយ៉ាងណា ទីផ្សារប្រទេសជិតខាងក្ដោបបានយ៉ាងនេះទៅហើយនោះ?”។

យោងតាមអង្គការស្បៀងអាហារពិភពលោក បានឲ្យដឹងថា សព្វថ្ងៃនេះ កម្ពុជា បាននាំចូលបន្លែពីប្រទេសវៀតណាម ៥០តោន ជារៀងរាល់ថ្ងៃ ព្រោះតែផលិតផលក្នុងស្រុកមិនអាចផ្គត់ផ្គងគ្រប់គ្រាន់បានឡើយ។ ប៉ុន្ដែអ្នកខ្លះបានលើកឡើងថា តម្លៃកសិកម្មក្នុងស្រុកធ្លាក់ចុះដោយសាតែមានឈ្មួញកណ្ដាលជាអ្នកសម្លាប់តម្លៃកសិផលក្នុងស្រុក តាមរយៈការទម្លាក់តម្លៃមិនអាចឲ្យកសិករបន្ដដាំផលិតផលក្នុងស្រុកតទៅទៀត ហើយឈ្មួញបានបើកដៃឲ្យនាំចូលបន្លែពីក្រៅប្រទេសវិញ ដែលធ្វើឲ្យប្រជាជនមានការបាក់ទឹកចិត្តក្នុងការដាំបន្លែរឲ្យបានគ្រប់គ្រាន់ សម្រាប់ផ្គត់ផ្គង់តាមទីផ្សារតម្រូវនៅក្នុងស្រុក គឺមានតែនាំចូលពីប្រទេសជិតខាង ហើយបង្ខំចិត្តទទួលទានបន្លែទាំងដឹងថាសុទ្ធតែមានជាតិគីមី។ ប៉ុន្ដែរកន្លងមក មិនមានតារាល្បីៗរូបណាចេញមុខឈឺឆ្អាលរឿងនេះឡើយ ព្រោះខ្លាចមានការរិះគន់ពីមន្ដ្រីរដ្ឋាភិបាល និងអ្នកខ្លះទៀតយល់ថា កាលណាពួកគេមានលុយចង់ញាំរបស់ល្អថ្លៃ គឺចប់ទៅហើយ។ ប៉ុន្ដែកញ្ញាសួង សាខារ៉ានីត បែរជាហ៊ានចេញមុខតែម្នាក់ឯង ដើម្បីចង់ទប់ស្កាត់បន្លែសាច់ស្រស់ ដែលកំពុងតែដឹកចូលមកកម្ពុជា មានផ្ទុកសារជាតិគីមីទាំងនោះ។

ស្រីស្រស់សាខារ៉ានីត បន្លែមថា ”ខ្ញុំគិតថា បើគ្រាន់តែខ្ញុំសំណូមពរឲ្យបងៗមន្ដ្រីកាំកុងត្រូលពិនិត្យទៅលើទំនិញបន្លែសាច់ស្រស់ កុំឲ្យមានសារជាតិគីមីចូលមកនាំឲ្យប្រជាជនយើងញាំទៅប៉ៈពាល់ដល់សុខភាពនោះ មានគេស្អប់ខ្ញុំនោះ ខ្ញុំក៍សុខចិត្តទទួលឲ្យគេស្អប់ដែរ។ ខ្ញុំគិតថា យើងម្នាក់ៗគង់់តែស្លាប់ដូចគ្នាទេ​ អីចឹងបើខ្ញុំអាចធ្វើអ្វីបានមានប្រយោជន៍ដល់អ្នកដទៃខ្លះ ទោះជាគេមិនពេញចិត្តខ្ញុំ ក៍ខ្ញុំមិនខឹងដែរ”។

សួង សាខារ៉ានីត បានប្រឡូកសិល្បះសម្ដែងជាង១០ឆ្នាំមកហើយ ពេលនេះកំពុងថតរឿងភាគថ្មីឲ្យប៉ុស្ដិ៍បាយ័ន រឿង ”លោកយាយកំពូលស្នេហ៍” និងថតរឿងថ្មីមួយទៀត ឲ្យប៉ុស្ដិ៍ហង្សមាស ផងដែរ។ សាខារ៉ានីត ដែលធ្លាប់មានព័ត៌មានថា មានគូស្នេហ៍ជាមន្ដ្រីធំជិះរថយន្ដ Land Cruiser V8 នោះ ត្រូវបានគេបង្ហើបថា ពេលនេះនាងបានប្រេះឆាស្នេហ៍កណ្ដាលផ្លូវទៅហើយ ពេលនេះមានប្រុសសម្បូរទ្រព្យមិនតិចរូបទេ ដែលកំពុងចង់ចូលខ្លួនមកស្អំរបួសបេះដូងស្រីស្អាតរូបនេះ។ក្រៅពីជាតារាភាពយន្ដម្នាក់ដែលមានភាពលេចធ្លោជាតួស្រីស្អាតកាចឆ្នាសឆ្នើមនោះ រ៉ានីត ក៍ត្រូវមហាជនសរសើរខ្លាំងដែរ តាមរយៈសកម្មភាពមនុស្សធម៌របស់នាង ដែលតែងតែចុះទៅចែកសម្ភារៈសិក្សារដល់សិស្សានុសិស្សក្រីក្រនៅតាមទីជនបទឆ្ងាយៗជាច្រើនខេត្តកន្លងមក៕

RELATED ARTICLES