ខេត្តព្រះសីហនុៈ នាយប់ថ្ងៃទី២៧ ឈានចូលថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០១៧ វេលាម៉ោង០៣និង១៥នាទីទៀបភ្លឺ មានការភ្ញាក់ផ្អើលដល់សមត្ថកិច្ចបានចុះមករុករក និងធ្វើការស្រាវជ្រាវ បន្ទាប់ពីទទួលព័ត៏មានថា មានជនរងគ្រោះម្នាក់ក្នុងករណីប្លន់ ដោយរុញទម្លាក់ចូលក្នុងជ្រោះមួយកន្លែង ស្ថិតក្នុងភូមិ០១ សង្កាត់លេខ០១ ក្រុងព្រះសីហនុ (ក្បែរវត្តលើ) ប៉ុន្តែចុងក្រោយ មិនមែនជាករណីប្លន់នោះទេ គឺជាករណីជនសង្ស័យខឹងលួងលោមប៉ះភេទទី៣។
យោងតាមប្រភពព័ត៍មាននៅកន្លែងកើតហេតុ បានឲ្យដឹងថា នៅវេលាម៉ោង០៣និង១៥នាទីទៀបភ្លឺ មានការភ្ញាក់ផ្អើលមួយករណី ក្រោយពីទទួលបណ្តឹងថា មាករណីប្លន់លើស្ត្រីម្នាក់ដែលជាបុគ្គលិកកាស៊ីណូ កំពង់សោមស៊ីធី ដោយជនសង្ស័យមានគ្នាចំនួន០២នាក់ បានធ្វើសកម្មភាពរុញស្ត្រីរងគ្រោះឈ្មោះ អ៊ឹង សុខ ភេទស្រី អាយុ២៦ឆ្នាំ ជាបុគ្គលិកកាស៊ីណូកំពង់សោម ស៊ីធី ទម្លាក់ចូលក្នុងជ្រោះមួយកន្លែង ស្ថិតក្នុងភូមិ០១ សង្កាត់លេខ០១ ក្រុងព្រះសីហនុ (ក្បែរវត្តលើ) បណ្តាលឲ្យរងរបួសស្រាល រួចយកម៉ូតូម៉ាក ហុងដា សេ១២៥ ពណ៏ខ្មៅ សេរី២០១៥ ជិះចេញទៅបាត់ ដោយសុវត្តិភាព។
បើយោងតាមការអះអាងពីស្ត្រីរងគ្រោះបានឲ្យដឹងថា នៅថ្ងៃកើតហេតុវេលាម៉ោង១៨ល្ងាច ខណៈពេលនាងចេញពីធ្វើការនៅកាស៊ីណូកំពង់សោមស៊ីធី បងធម៏របស់នាង ឈ្មោះ ផុន បានទូរស័ព្ទហៅនាងមកផឹកស៊ី នៅក្រោយពេទ្យរហូតដល់ពាក់កណ្តាលអាធ្រាត បងធម៏របស់នាងបានចេញទៅមុន រហូតដល់ម៉ោងជាង២យប់ នៅពេលនាងស្រវឹង មិត្តភក្តិបងធម៏ ក៏បានដឹកនាំនាងចេញមកក្រៅ ហើយច្រាននាងទម្លាក់ចោល រួចយកម៉ូតូជិះចេញទៅបាត់ ក្រោយមកនាងបានទូរស័ព្ទហៅរថយន្តពេទ្យមកដឹកនាង ទើបនាងរួចផុតពីជីវិត។
ជុំវិញបញ្ហានេះផងដែរ លោកឧត្តមសេនីយ៏ទោ ជួន ណារិន្ឋ ស្នងការនគរបាលខេត្ត បានបដិសេធថា ករណីនេះមិនមែនជាករណីប្លន់ដូចអ្វីដែលជនរងគ្រោះបានរាយការណ៍នោះទេ តាមពិតករណីនេះកើតឡើងដោយសារភាគីរងគ្រោះដែលជាបុរសភេទទី៣ បន្លំជាស្ត្រីភេទ បបួលក្រុមជនសង្ស័យផឹកស៊ី ហើយមានបំណងរួមភេទ តែនៅពេលចាប់ផ្តើម បែរជាមានភេទដូចគ្នាទើបធ្វើឲ្យភាគីជនសង្ស័យ ខឹងក៏វ៉ៃទម្លាក់ពីលើម៉ូតូ ហើយយកម៉ូតូមកទុកឲ្យភាគីរងគ្រោះវិញហើយបានគេចខ្លួនបាត់ទៅ។ ប៉ុន្តែបើទៅបីជាយ៉ាងនេះក្តី ជនសង្ស័យកំពុងត្រូវបានសមត្ថកិច្ច ស្វែងរកចាប់ខ្លួន តាមនីតិវិធីច្បាប់៕