ភ្នំពេញ ៖ បុរសម្នាក់ស្រវឹងស្រានឹកឃើញរឿងក្មួយម្ចាស់ផ្ទះយកម៉ូតូទៅស៊ីគ្រឿង បានយកដុំថ្មគប់ផ្ទះ និងបំផ្លាញទ្រព្យសមត្តិ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន បង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១និង៣០នាទី ថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៧ នៅផ្ទះសំអាងការ អប្សរាខ្មែរស្តាយ ស្ថិតនៅតាមបណ្តោយផ្លូវ២០១១ ភូមិតាងួន សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ។
ម្ចាស់ផ្ទះមានឈ្មោះ ម៉ម ខេមរា ភេទស្រី អាយុ៥៥ឆ្នាំ មុខរបរសំអាងការ រស់នៅផ្ទះកើតហេតុខាងលើ ។ ចំណែកជនបង្កមានឈ្មោះ សំវ៉ាន់ ហួរ ភេទប្រុស អាយុ៣២ឆ្នាំ ជាជនជាតិវៀតណាម មុខរបរលក់នំអាកោ ស្នាក់នៅផ្ទះជួលតាងួន សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ។
តាមសំដីជនបង្កបានសារភាពថា នៅវេលាម៉ោង៨និង៣០នាទីយប់ ថ្ងៃកើតហេតុ ខ្លួនបានទៅរករឿងជាមួយក្មួយម្ចាស់ផ្ទះរួចម្តងមកហើយ ដោយសារខឹងក្មួយម្ចាស់ផ្ទះ និងប្អូនរបស់គាត់បានយកម៉ូតូគាត់យកទៅស៊ីគ្រឿង អស់ជាង១០០ដុល្លារ ។ ពេលនោះ ក្មួយម្ចាស់ផ្ទះ បាននិយាយ ថា ខ្លួនមិនបាននាំប្អូនរបស់គាត់ទៅស៊ីគ្រឿងទេ ទៅសួរប្អូនខ្លួនឯងទៅ នរណាជាអ្នកនាំ ។
ប្រភពបានបន្តទៀតថា បន្ទាប់មកខ្លួនបានផឹកស្រាស្រវឹង នឹកឃើញរឿងយកម៉ូតូទៅស៊ីគ្រឿង ក៏បានយកដុំថ្ម លើកផើងផ្កាគប់ និងវាយទៅលើផ្ទះខាងលើ បណ្តាលឲ្យបែកបាក់
អក្សរស្លាកប៉ាណូជាច្រើនកន្លែង ក៏ត្រូវសមត្ថកិច្ចនាំយកទៅសួរនាំនៅប៉ុស្តិ៍នគរបាលកាកាប។
ក្រោយពេលកើតហេតុជនរងគ្រោះបានដាក់ពាក្យបណ្តឹងទាមទាសំណង ចំនួន១០០០ដុល្លារ តែជនបង្កខាងលើ ដោយស្រវឹងខ្លាំងពេក រង់ចាំស្វាងស្រាសិន ទើបដោះស្រាយទៀត ៕