Monday, January 20, 2025
Homeព័ត៌មានជាតិអាសន្នធំហើយ!!! សត្វគោ ក្របី ងាប់ដោយកើតជំងឺសាទឹក ត្រូវបានឈ្មួញកាប់សាច់លក់តាមទីផ្សារក្នុងខេត្តកំពង់ធំ

អាសន្នធំហើយ!!! សត្វគោ ក្របី ងាប់ដោយកើតជំងឺសាទឹក ត្រូវបានឈ្មួញកាប់សាច់លក់តាមទីផ្សារក្នុងខេត្តកំពង់ធំ

កំពង់ធំ ៖ ចូលបងប្អូនប្រជាពលរដ្នក្នុងខេត្តកំពង់ធំ ប្រយ័ត្នឆ្លងជំងឺសាទឹកពីសត្វគោ ក្របី ដែលកំពុងតែមានជំងឺ ងាប់អស់ជាច្រើនក្បាលនៅភូមិច្រម៉ាស ឃុំសំបូរ ស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ ដោយប៉ុន្មានថ្ងៃនេះ ត្រូវបានឈ្មួញរកស៊ីគោ ក្របី មួយចំនួន ឃុបឃិតជាមួយមន្ត្រីពុក រលួយមួយចំនួនតូច កាប់យកសាច់មានជំងឺទាំងនោះ យកមកលក់នៅទីផ្សារនានា ក្នុងខេត្តកំពង់ធំ មិនខ្វល់ពីសុខភាពប្រជាពលរដ្ឋ និងគ្មាន់ការបង្ក្រាបទប់ស្កាត់នៅឡើយ។

បើតាមការឲ្យដឹងពីលោកមេភូមិច្រម៉ាស បានឲ្យដឹងថា ចាប់តាំងពីថ្ងៃ២០ មកដល់ថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០១៧នេះ មានសត្វគោ ក្របី បានងាប់ជាបន្ដបន្ទាប់ ក្នុងនោះ មានសត្វគោ ៦ ក្បាល សត្វក្របី ចំនួន២០ក្បាល និងសត្វដែលកំពុងមានជំងឺ ត្រូវបានឈ្មួញកាប់សាច់លក់ចេញអស់ចំនួន៣៥ក្បាលហើយ ។

លោកមេភូមិបាននិយាយបន្តទៀតថា អ្នកមកប្រមូលទិញសត្វឈឺនិងងាប់ទាំងអស់នេះ ជាឈ្មួញរកស៊ីគោក្របី មកពីភូមិកំពង់ក្របៅ បានមកសហការជាមួយនិងឈ្មួញដុះស្លែម្នាក់ ប្រចាំស្រុកប្រាសាទសំបូរ ដែលគេស្គាល់ឈ្មោះ  ហ៊ុន ថាន រស់នៅភូមិត្រពាំងជ្រូក ឃុំសំបូរ ស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ  ដែលធ្លាប់ល្បី តៗគ្នា ខាងទិញគោកក្របីដែលងាប់ កាប់យកសាច់ទៅលក់នៅទីរួមខេត្ត ។

លោក ខៀវប៉ាង អភិបាលស្រុកប្រាសាទសំបូរ បានប្រាប់ក្នុងកិច្ចសម្ភាសន៍ថា សត្វគោ ក្របី ពិតជាមានងាប់មែន ដោយងាប់ចាប់តាំងពីថ្ងៃទី២១ មកម្លេះ កាលនោះគ្មានអ្នកណារាយការណ៍មកទេ  លុះដឹងដំណឹងនេះ ក្រោយមកលោកបានឲ្យពេទ្យសត្វចុះទៅមើល តែរហូតមកដល់ថ្ងៃទី២៩ នេះ ហាក់ដូចជាស្ងប់ស្ងត់វិញ  ។

លោក ចាន់បញ្ញាវ័ន្ដ មន្ដ្រីពេទ្យ សត្វខេត្តកំពង់ធំ បានឆ្លើយក្នុងកិច្ចសម្ភាសន៍ថា លោកបាន យកចិត្តទុកដាក់ណាស់ចំពោះសុខភាពប្រជាពលរដ្ន ហើយប៉ុន្មានថ្ងៃមុន ខ្ញុំបានចុះមកពិនិត្យជំងឺទាំងនេះរួចរាល់ហើយ ព្រមទាំងបានណែនាំដល់អ្នកភូមិឲ្យចិញ្ចើមសត្វ ចងខ្សែឲ្យបានត្រឹមត្រូវ កុំចិញ្ចឹមលែង តែអ្នកភូមិមិនសូវសហការជាមួយមន្រ្ដីជំនាញទេ រាល់ការធ្វើវ៉ាក់សាំងម្ដងៗ គោ ក្របីផ្អើល មិនអាចចាក់បានទេ លុះមានជំងឺផ្ទុះឡើង ទើបនាំគ្នាភ័យ ។ លោកក៏បានបន្ដថា ខ្ញុំកំពុងតែពង្រឹងមន្រ្ដីនៅតាមសត្វឃាតដ្ឋាននានា ប្រសិនបើមានសត្វងាប់យកចូលក្នុង សត្វឃាតដ្ឋាន នោះគឺត្រូវតែចាប់ មិនឲ្យកាប់យកសាច់ទៅចរាចរលក់ក្នុងទីផ្សារឡើយ  ហើយពាក់ព័ន្ធនឹងសត្វងាប់ទាំងនេះ អ្នកភូមិត្រូវការកម្រៃខ្លះ ចំណែកឈ្មួញក៏សម្រុកទិញសត្វទាំងនេះដែរ ដែលយើងពុំអាចទប់ស្កាត់បាន។

ឯកឧត្តម សុខ លូ អភិបាលនៃគណៈអភិបាលខេត្តកំពង់ធំ បានមានប្រសាសន៍ថា លោកនឹងពិនិត្យមើលជុំវិញករណីសត្វគៅ ក្របី ដែល ងាប់ និងកំពុងឈឺ ត្រូវបានឈ្មួញកាប់ យកសាច់លក់ ដើម្បីការពារសុខភាពបងប្អូន និងប្រជាពលរដ្ន ។

យ៉ាងណាក៏ដោយ ប្រជាពលរដ្ឋសម្តែងភាពភ័យខ្លាចយ៉ាងខ្លាំង ចំពោះការយកសាច់សត្វដែលងាប់ និងមានជំងឺមកបរិភោគ  ហើយក៏បានសំណូមពរដល់អភិបាលខេត្ត សុំឲ្យចាត់វិធានការចំពោះឈ្មួញ ដែលគិតតែប្រយោជន៍ផ្ទាល់ខ្លួន មិនគិតពីសុខភាពប្រជាពលរដ្ន និងចាត់វិធានការក្ដៅលើមន្ត្រីដែលឃុបឃឹត តែងតែធ្វើរបាយការណ៍ក្បត់ និងសកម្មភាពជាក់ស្តែងនៅក្នុងស្រុកប្រាសាទសំបូរ ទាំងនេះផង៕

RELATED ARTICLES