ភ្នំពេញ ៖ បុរសម្នាក់ឈ្លោះជាមួយប្រពន្ធវេចខោអាវទៅលេងផ្ទះមិត្តភក្តិ ជិះម៉ូតូតាមផ្លូវងងឹតហើយស្រវឹងស្រាផងនោះ បានរេចង្កូតធ្លាក់ប្រឡាយ អត់មានទឹក បណ្តាលឲ្យរងរបួសបែកមុខមាត់ បង្កឲ្យមានការភ្ញាក់ផ្អើល កាលពីវេលាម៉ោង១០និង៤៥នាទីយប់ ថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០១៧ តាមបណ្តោយផ្លូវដី ស្ថិតនៅភូមិដូង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ។
បុរសរងគ្រោះមិនបានប្រាប់ឈ្មោះនោះទេ គ្រាន់តែដឹងថា ជិះម៉ូតូម៉ាក ស្មាស់រីវ៉ូ ពណ៌ខ្មៅ ពាក់ស្លាកលេខសៀមរាប 1D -0157 ជិះពីលិចទៅកើត។
តាមប្រភពព័ត៌មានពីប្រជាពលរដ្ឋនៅកន្លែងកើតហេតុ បានប្រាប់ឲ្យដឹងថា មុនពេលគេលឺសំឡេងម៉ូតូរោទិ៍ ហើយស្ងាត់ឈឹង ប្រជាពលរដ្ឋបានមកមើលឃើញបុរសខាងលើ សន្លប់ស្តូកក្នុងប្រឡាយ។
តាមបុរសខាងលើបានបង្ហើបប្រាប់ខ្លះៗថា កាលពីព្រលប់មុនកើតហេតុ រូបគាត់បានឈ្លោះគ្នាជាមួយប្រពន្ធ ហើយបានចេញមកផឹកស្រាជាមួយមិត្តភក្តិនៅក្បែរផ្ទះ លុះផឹករួចហើយ ក៏ចូលទៅក្នុងផ្ទះយកសាក់កាដូដាក់ខោអាវ រួចក៏ជិះម៉ូតូចេញ បំណងទៅផ្ទះមិត្តភក្តិ ដែលនៅម្ដុំផ្សារព្រៃទា ដោយធ្វើដំណើរតាមផ្លូវដី មានសភាពងងឹតផង ហើយស្រវឹងស្រាផងនោះ ទើបជិះម៉ូតូធ្លាក់ប្រឡាយអត់ទឹក ដែលគេជីកទុកចោល បណ្ដាលឲ្យរងរបួសបែកមុខមាត់ ហូរឈាមពេញផ្ទៃមុខ ភ្លាមៗនោះ រថយន្តសង្រ្គោះមកដឹកយកទៅព្យាបាល តែអ្នករងរបួសមិនព្រមទៅព្យាបាលទេ ។
ក្រោយកើតហេតុ បងប្អូនប្រជាពលរដ្ឋឃើញហេតុការណ៍ បានជួយលើកម៉ូតូរបស់គាត់ចេញពីប្រឡាយ រង់ចាំសាច់ញាតិមកនាំយកទៅផ្ទះវិញ៕