Monday, January 20, 2025
Homeព័ត៌មានជាតិប្រជាពលរដ្ឋ៣ភូមិ ប្រារព្ធធ្វើបុណ្យភូមិ​ បន្ទាប់ពី​ប្រមូលផលដំណាំ​និងស្រូវ

ប្រជាពលរដ្ឋ៣ភូមិ ប្រារព្ធធ្វើបុណ្យភូមិ​ បន្ទាប់ពី​ប្រមូលផលដំណាំ​និងស្រូវ

ភ្នំពេញ៖ ប្រជាពលរដ្ឋចំនួន៣ភូមិ តំណាងឱ្យជាង១០០០គ្រួសារ និងមានការចូលរួមពីអាជ្ញាធរមានសមត្ថកិច្ចក្នុងមូលដ្ឋានបានរៀបចំធ្វើបុណ្យភូមិ ឬហៅថា​ ដាបាតលាន ដើម្បីឧទ្ទិស​ដល់ជីដូនតា និងអ្នកតាម្ចាស់ទឹកដី ទេវតា ដែលថែរក្សា​នៅក្នុងភូមិ បន្ទាប់ពីប្រជាពលរដ្ឋប្រជា ពលរដ្ឋច្រូតកាត់ស្រូវនៅរដូវប្រាំងរួច និងប្រមូលផលដំណាំផ្សេងៗ ចប់សព្វគ្រប់ ។​

ពិធីបុណ្យនេះបានប្រព្រឹត្ត​ធ្វើឡើងកាលពីថ្ងៃទី២៧ ខែឧសភា ឆ្នំា២០១៧ នៅភូមិពោធិ៍ មង្គលភូមិព្រែកក្តី ភូមិស្លែងដីដុះ ស្ថិតក្នុងឃុំព្រែកតាទែន ស្រុកពញ្ញាឮ ខេត្តកណ្តាល។​

តាមរយៈលោកឃុតរុំ ​មេភូមិពោធិ៍មង្គល​ បានប្រាប់ឱ្យដឹងថា ពិធីបុណ្យនេះមានទំនៀមទំលាប់តាំងពីជីដូនជីតាមកម្ល៉េះ បន្ទាប់ពីប្រជាពលរដ្ឋច្រូតកាត់ស្រូវរដូវប្រាំងរួច និងប្រមូលផលដំណាំផ្សេងៗ ដូចជាដំណាំឈូក ល្ងរ ពោត សណ្តែក។​ល។​

លោកមេភូមិពោធិ៍មង្គល បានបន្តទៀតថា ពិធីបុណ្យនោះប្រជាពលរដ្ឋបាននិមន្តព្រះសង្ឃសូត្រមន្ត និងចំរើនព្រះបរិត្ត រួចបួងសួងឧទ្ទីសកុសលដល់ជីដូនជីតា និងអ្នកតាម្ចាស់ទឹកដី
ទេវតាដែលថែរក្សា​ទឹកដីនៅក្នុងភូមិទាំង៣ខាងលើនេះ ​សូមពរសូមជ័យសុខ សប្បាយទាំងអស់គ្នា និងសូមឱ្យឆ្នាំក្រោយៗទៀត ធ្វើស្រែ និងដាំដំណាំផ្សេងៗ ទទួលបានផលកើនច្រើនៗជាងរៀងរាល់ៗឆ្នាំ។

បន្ទាប់ពីពិធីបួងសួងសុំសេចក្តីសុខសប្បាយ និងការបង្កបង្កើនផលដំណាំគ្រប់មុខ ទទួល
បានភោគផលជាទីប្រសើររួចហើយ ប្រជាពលរដ្ឋបានពិធី​​ហែសន្ធឹក ឬហៅថា សំពៅបណ្តែតទឹកទន្លេ ជូនដូនតាឱ្យទៅស្រុកវិញ ​នៅក្នុងសំពៅនោះមានស្រូវ សណ្តែក ពោត ល្ង ប្រហុក អំបិល ស្ករអង្ករ ទៅតាមទំនៀមទន្លាប់ជីដូនជីតាដែលមានជាយូរលង់មកហើយ ដើម្បីសុំពរជ័យមកវិញបានសុខគ្រប់គ្នា និងការដាំដុះទទួលបានផលកើនឡើងជារៀងរាល់ឆ្នាំ ។ ក្នុង​កម្មវិធីបុណ្យមានការប្រគំតន្ត្រីរាំលេងកម្សាន្តសប្បាយ ​និងមានល្បែងក្មេងរត់ប្រណាំង។​

លោក​មេភូមិបានបន្តទៀតថា ពិធីបុណ្យនេះ ទោះបីជាប្រជាពលរដ្ឋនៅក្នុងភូមិទាំង៣ខ្វះខាតយ៉ាងណាក៏ដោយ នៅតែពួតគាត់មិនដែលខកខានធ្វើនោះទេ តែងតែប្រមូលបងប្អូនប្រជាពលរដ្ឋក្នុងភូមិទាំង៣ខាងលើ និងនាំគ្នាធ្វើពិធីបុណ្យ​ជារៀងៗរាល់ឆ្នាំផងដែរ៕

RELATED ARTICLES