ភ្នំពេញ ៖ បុរសម្នាក់ត្រូវបានប្រជាពលរដ្ឋដេញតាមចាប់ក្របួចជាប់ និងស្វាគមន៍ម្នាក់មួយដៃបណ្ដាលឲ្យរងរបួសបែកមុខបែកមាត់ ហូរឈាមស្រោចពេញមុខ បន្ទាប់ពីរូបគេបានធ្វើសកម្មភាពយកម៉ូតូសងកូរ៉េទៅផ្ញើ ចង់បន្លំសំបុត្រយកម៉ូតូថ្មី ។
ហេតុការណ៍ខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង០៩និង៣០នាទីព្រឹក ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៧ នៅត្រង់ចំណុចកន្លែងផ្ញើម៉ូតូក្រសួងប្រៃសណីយ៍ ផ្លូវ១០២ កែង១៣ ភូមិ៥ សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។
ជនសង្ស័យឈ្មោះសួន ប៉ុនលី ភេទប្រុស អាយុ39ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះ138 ផ្លូវលំ សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ពីបទលួច (បន្លំ សំបុត្រផ្ញើម៉ូតូយកម៉ូតូ) និងម៉ូតូរបស់ជនសង្ស័យ ម៉ាកសង់កូរ៉េ ពណ៍ក្រហម អត់ស្លាកលេខ ។
តាមប្រភពព័ត៌មានពីសាក្សីនៅកន្លែងកើតហេតុ បានឲ្យដឹងថា នៅមុនពេលកើតហេតុ ជនសង្ស័យបានជិះម៉ូតូមួយគ្រឿង ម៉ាកសង់កូរ៉េ ពណ៍ក្រហម បានយកទៅផ្ញើម៉ូតូនៅមុខក្រសួងប្រៃសណីយ៍ ក្បែររមណីដ្ឋានវត្តភ្នំ ហើយមួយសន្ទុះក្រោយមក ពេលខ្លួនត្រឡប់មកយកម៉ូតូវិញ ជនសង្ស័យបានប្រើល្បិចបន្លំយកសំបុត្ររបស់ខ្លួន ដែលម៉ូតូម៉ាកសង់កូរ៉េ បែរជាយកម៉ូតូមួយគ្រឿងម៉ាក់ហុងដា សេ១២៥ របស់អ្នកផ្សេងវិញ ភ្លាមៗនោះ អ្នកទទួលផ្ញើបានដឹងថា ម៉ូតូដែលជនសង្ស័យយកនេះមិនមែនជារបស់ជនសង្ស័យ ប្រុងចាប់ឲ្យជាប់ភ្លាមនោះ ជនសង្ស័យក៏បានព្យាយាមរត់ចោលម៉ូតូ ដើម្បីយករួចខ្លួន តែត្រូវអ្នករត់កង់បីកាត់ចង្កូតជួយអន្តរាគមន៍ ធ្វើឲ្យជនសង្ស័យលោតមិនផុត បណ្ដាលឲ្យដួលក្បែរប៉ុស្តិ៍វត្តភ្នំ ទើបប្រជាពលរដ្ឋចាប់ជាប់ នាំគ្នាវាយម្នាក់មួយដៃមួយជើងរងរបួសតែម្តង ។
ក្រោយកើតហេតុ សមត្ថកិច្ចនគរបាលមូលដ្ឋានប៉ុស្តិ៍វត្តភ្នំ ចេញមកអន្តរាគមន៍ទាន់ពេលវេលា ដោយចាប់មកប៉ុស្តិ៍ និងធ្វើការសាកសួរ ដើម្បីចាត់ការតាមច្បាប់ ៕