ភ្នំពេញ៖ បញ្ហាសំរាមនៅតាមទីសាធារណៈក្នុងប្រទេសកម្ពុជា មិនមែនជាប្រធានបទថ្មីនោះទេ ក៏ប៉ុន្តែដំណោះស្រាយឆ្លើយតបទៅហ្នឹងបញ្ហាដែលកើតមានឡើងដដែលៗ និងជារៀងរាល់ថ្ងៃនេះហាក់ដូចជាគ្មានប្រសិទ្ធភាពនៅឡើយ។ ក្រៅពីកត្តាអនុវត្តច្បាប់ដែលនៅមានភាពធូររលុង និងយន្តការគ្រប់គ្រងសំរាមនៅមានភាពខ្វះខាតហើយនោះ ការមិនផ្លាស់ប្ដូរទម្លាប់ចាស់របស់ពលរដ្ឋកម្ពុជា កង្វះការយល់ដឹង និងកង្វះការផ្សព្វផ្សាយ ក៏ជាបញ្ហាចម្បង ដែលបង្កឲ្យមានបញ្ហាសំរាមនៅកម្ពុជា ផងដែរ។
ជាទូទៅ គេកត់សម្គាល់ថា ការបន្សល់កាកសំណល់សំរាមតែងកើតមានឡើងនៅពេលដែលមានការប្រមូលផ្ដុំមនុស្សច្រើននៅកន្លែងសាធារណៈ ណាមួយមិនថាផ្លូវតូច ឬផ្លូវធំទេ រយៈពេលចុងក្រោយនេះ សង្កេតឃើញសំរាមនៅតំបន់មួយចំនួនរប៉ាត់រប៉ាយ និងកន្លែងខ្លះគរនៅចិញ្ចើមផ្លូវ និងហៀរដល់ទ្រូងផ្លូវក៏មាន ជាពិសេសនៅតាមតាមកែងផ្លូវកែងបេតុងនានា គ្រប់បណ្តាសង្កាត់!។
មានហេតុផលច្រើនយ៉ាង ដែលនាំឲ្យកើតមានគំនរសំរាមរាយប៉ាយបែបនេះ។ ទី១ អាចមកពីប្រជាពលរដ្ឋទុកដាក់សំរាមវេចខ្ចប់ មិនមានសណ្តាប់ធ្នាប់ និងមិនមានធុងសំរាមត្រឹមត្រូវ។ មូលហេតុទី២ មកពីក្រុមហ៊ុនស៊ិនទ្រី ដែលម៉ៅការខាងប្រមូលសំរាម មិនយកសំរាមទៀងទាត់។
ហេតុនេះហើយបានជាបងប្អូនប្រជាពលរដ្ឋមួយចំនួនបានយកសំរាមមកបោះចោល នៅនិងចិញ្ចើមផ្លូវ និងហៀរមកលើផ្លូវ បណ្តាលឲ្យសត្វពាហន:រើកកាយ រប៉ាត់រប៉ាយពេញផ្លូវ និងសំរាមខ្លះស្អុយរលួយ ជិះក្លិនអសោច ធ្វើឲ្យប៉ះពាល់ដល់សុខភាព និងផ្លូវដង្ហើមអ្នកដែលធ្វើដំណើរឆ្លងកាត់ទីនោះ ហើយអ្វីដែលធ្ងន់ធ្ងរជាងគេ គឺប្រជាពលរដ្ឋដែលមានលំនៅដ្ឋាននៅក្បែរទទួលរងគ្រោះជាងគេ ។
បងប្អូនប្រជាពលរដ្ឋ ដែលរស់នៅទីនោះ បាននាំគ្នាធ្វើការរិះគន់ដល់ក្រុមហ៊ុនស៊ិនទ្រីថា យកលុយពីពួកគាត់រាល់ខែ តាមរយៈវិក្កយបត្រ រួមជាមួយវិក្កយបត្រភ្លើង តែមិនឃើញចុះមក ប្រមូលសំរាមតាមផ្ទះពួកគាត់សោះ។
ចំណែកអាជ្ញាធរសមត្ថកិច្ចវិញ ក៏ត្រូវតែដាក់វិធានការរឹតបន្តឹងក្រុមហ៊ុនស៊ិនទ្រី គឺត្រូវតែដាក់កម្លាំងចុះប្រមូលសំរាមឲ្យទៀងទាត់។ បើសិនជាស៊ិនទ្រី មិនមានលទ្ធភាពប្រមូលសំរាមឲ្យទៀងទាត់ទេ អាជ្ញាធរភូមិ ឃុំ សង្កាត់ ត្រូវចាត់កម្លាំងរបស់ខ្លួន មួយភូមិ ៥ទៅ១០ នាក់ ដើម្បី ប្រមូលសំរាម ហើយយកលុយថ្លៃសេវាជំនួសស៊ិនទ្រីតែម្តង។
ដូច្នេះដើម្បីដោះស្រាយបញ្ហាសំរាមនេះ ប្រជាពលរដ្ឋគួរតែទុកដាក់វេចខ្ចប់សំរាមឲ្យបានត្រឹមត្រូវ ហើយគួរមានធុងសំរាម នៅមុខផ្ទះរបស់ខ្លួន។ រីឯក្រុមហ៊ុនស៊ិនទ្រី ត្រូវចាត់កំលាំង ទៅប្រមូលសំរាម តាមផ្ទះប្រជាពលរដ្ឋឲ្យទៀងទាត់ មួយថ្ងៃម្តង ឫបីថ្ងៃម្តង ជាប្រចាំពេលនោះ សំរាមតាមផ្លូវ អាចនឹងលែងមានទៀតហើយ៕