Monday, January 20, 2025
Homeព័ត៌មានជាតិខ្មោចស្រីត្រូវសង្សាររឹតកសម្លាប់ អន់ចិត្តតុលាការ

ខ្មោចស្រីត្រូវសង្សាររឹតកសម្លាប់ អន់ចិត្តតុលាការ

អ្នកស្រីសេង សារ៉ាន់ អាយុ៤៨ឆ្នាំ រស់នៅផ្ទះលេខ១១៤៧ ផ្លូវជាតិលេខ២ ភូមិព្រែកតានូ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ បានរៀបរាប់ទាំងទឹកភ្នែកថា គាត់កំពុងកាន់មរណទុក្ខកូនស្រីដែលស្លាប់ដោយការធ្វើឃាត ថ្ងៃណាក៏យំអាល័យកូនអភ័ព្វនេះដែរ។ គាត់មានកូន៤នាក់ សុទ្ធតែស្រីដែលកូនស្រីច្បងមាននិស្ស័យស្រលាញ់ភេទដូចគ្នា មិនសូវចូលផ្ទះ ឬគិតគូរដល់ម្តាយទេ ចំណែកកូនទី៣ និងទី៤ នៅតូចៗជាប់ក្នុងការសិក្សា។ ដោយឡែក កូនដែលស្លាប់នោះ ជាកូនទី២ ឈ្មោះកែវ បញ្ញា ហៅកូនមាន់ អាយុ២១ឆ្នាំ ជាកូនលុះដោយដំបូន្មាន តែងជួយរកស៊ីសម្រាលបន្ទុកគាត់ជាស្រីមេម៉ាយ និងជួយមើលការខុសត្រូវប្អូនៗ មិនគួរអកុសលអ្វីកូនស្រីនេះ ត្រូវគេធ្វើឃាតគ្មានមេត្តា។

សពនាងកែវ បញ្ញា ត្រូវសង្សារប្លុងចោលក្នុងគំនរសំរាម ប៉ូលិសកំពុងត្រួតពិនិត្យ

អ្នកស្រីសេង សារ៉ាន់ បន្តទៀតថា គាត់ដឹងថា កូនស្រីទី២នេះមានសង្សារ តែមិនធ្លាប់ស្គាល់កំលោះនោះដែរ និងដឹងយ៉ាងច្បាស់ថា ទោះជាមានស្នេហាក៏កូនស្រីនេះចេះរក្សាប្រពៃណីខ្មែរ មិនដែលភ្លើតភ្លើនទុំមុនស្រគាលនោះទេ។ គាត់ស៊ើបសួរដឹងថា កំលោះម្នាក់នោះ ធ្លាប់រៀនជាមួយនាងនៅវិទ្យាល័យ លុះប្រលងបាក់ឌុបជាប់ នាងបញ្ញា ក៏ឈប់រៀន ងាកមកជួយរកស៊ីលក់ដូរម្តាយ ឯកំលោះម្នាក់នោះជាកូនអ្នកមាន បានបន្តការសិក្សានៅសាកលវិទ្យាល័យ។ លុះចូលមកដល់ថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៦ សង្សាររបស់កូនស្រីនោះ បានទូរស័ព្ទហៅនាងបញ្ញា ទៅយកទូរស័ព្ទស្មាតហ្វូន១គ្រឿង ដែលគេជូននាងជាគ្រឿងបញ្ចាំចិត្ត។ លុះនាងទៅយក ក៏ត្រូវឃាតករជាសង្សាររឹតកសម្លាប់ ប្លន់យកគ្រឿងអលង្ការ និងម៉ូតូ រួចបោះចោលក្នុងគំណរសំរាម ត្រូវបានសមត្ថកិច្ចហៅគាត់ ទៅយកសពមកធ្វើបុណ្យ ទាំងយំសោកបោកខ្លួនសែនស្តាយកូនស្រីជាពន់ពេក។

 

អ្នកស្រីសារ៉ាន់ បន្តទៀតថា ពេលគាត់សួរសមត្ថកិច្ច ក៏បានដឹងថា ឃាតករដៃឆៅជាសង្សារ កូនស្រីនោះមានឈ្មោះយ៉េន សុបញ្ញា អាយុ២០ឆ្នាំ (ឈ្មោះបញ្ញា ដូចកូនស្រី) បានល្បួងកូនស្រីគាត់ទៅយកវត្ថុបញ្ចាំចិត្តនៅផ្ទះមួយកន្លែង ក្នុងបុរីប៉េងហួត ផ្លូវឧកញ៉ាម៉ុងប្ញទ្ធី។ ពេលនាងទៅដល់ ឃាតករក៏សម្លាប់នាងដោយរឹតកនឹងខ្សែនីឡុង ប្លន់យកម៉ូតូស្កុបពី១គ្រឿង និងខ្សែកប្លាទីនទម្ងន់៧ជី។ គាត់មិនអស់ចិត្ត ក៏ចូលទៅសួរឃាតករដល់ទីឃុំឃាំងថា “ហេតុអ្វីបានជាឯងសម្លាប់កូនអញ?” អានោះក៏ឆ្លើយថា មកពីវាញៀនថ្នាំ និងជំពាក់លុយគេអត់អីសង ក៏រៀបគម្រោងសម្លាប់ស្រីសង្សារ រហូតបានសម្រេច។ គាត់ឈឺចាប់ណាស់ បានដាក់ពាក្យបណ្តឹងទារជំងឺចិត្ត និងសុំឱ្យតុលាការផ្តន្ទាទោសឃាតករតាមកំហុស ហើយតុលាការបានហៅគាត់ទៅសួរនាំតែម្តងគត់ កាលពីខែកុម្ភៈ ឆ្នាំ២០១៧ បន្ទាប់មកក៏ស្ងាត់សូន្យដូចចោរលួចសេះ ដែលគាត់សង្ស័យថា គេបំបិទសំណុំរឿងនេះចោល ដោយឃើញគ្រួសារគាត់ក្រពេក ចំណែកគ្រួសារឃាតករជាអ្នកមានទ្រព្យសម្បត្តិ។

អ្នកស្រីសារ៉ាន់ បន្តទាំងក្តុកក្តួលទៀតថា គាត់បានរៀបចំធ្វើបុណ្យបូជាសពកូនស្រីឯវត្តតាមប្រពៃណីខ្មែរ ប៉ុន្តែព្រលឹងនាងបញ្ញា នៅតែវិលវល់រកភពថ្មីមិនឃើញ។ ជាញឹកញាប់ កូនកម្សត់តែងបង្ហាញខ្លួននៅពេលយប់ស្ងាត់ សួរនាំរឿងអ្នកសម្លាប់នាងនោះ តើតុលាការកាត់ទោសឱ្យជាប់គុគប៉ុន្មានឆ្នាំ? ហើយគេមានសងជំងឺចិត្តខ្លះសម្រាប់គាត់ជាម្តាយ ដើម្បីបានជាដើមទុនរកស៊ីចិញ្ចឹមប្អូនៗដែរឬទេ? ពេលគាត់ប្រាប់ថា អត់ទាន់ដឹងទេ ហើយតុលាការ ក៏មិនទាន់បានកាត់ទោសឃាតករនោះដែរ បណ្តាលឱ្យកូនស្រីយំសោកបោកខ្លួន ផ្ទុះកំហឹងចំពោះឃាតករ និងអន់ចិត្តតុលាការដែលធ្វើការយូរ។ ខ្មោចកូនស្រីបានទាំងរៀបរាប់ពីអំពើពុករលួយរបស់តុលាការផងដែរ តែនាងជាខ្មោចគ្មានបារមី មិនអាចសងសឹកបានទេ។

ស្ត្រីជាម្តាយបន្តទៀតថា បើគិតមកដល់ពេលនេះ មានរយៈពេលជាង៧ខែហើយ ដែលរឿងហេតុកើតឡើងចំពោះកូនស្រីបណ្តូលចិត្ត ដោយមិនទាន់ឃើញចំណាត់ការរបស់តុលាការ។ គាត់បានដាក់ពាក្យបណ្តឹងត្រឹមត្រូវតាមនីតិវិធី ដោយទន្ទឹងរង់ចាំ ចៅក្រមកោះហៅទៅយកសំណងជំងឺចិត្ត មិនគួរណាស្ងាត់សូន្យឈឹងយ៉ាងនេះ។ ឥឡូវស្ទើរតែរាល់យប់ ដែលគាត់បានឃើញខ្មោចកូនស្រីមកយំសោកដោយកំហឹងចំពោះឃាតករ និងអន់ចិត្តតុលាការដែលខ្វះភាពយុត្តិធម៌ចំពោះប្រជាពលរដ្ឋក្រីក្រ។ ខ្មោចនាងបញ្ញា មិនអាចរកសុគតិភពឃើញទេ ដរាបណាសំណុំរឿងត្រូវផ្អឹបចោល ឬគេព្យាយាមបិទបាំងរឿងឃាតកម្មនោះ។ គាត់ជាស្រីមេម៉ាយមិនដឹងទៅពឹងអ្នកណាទេ ពេលទៅសួរតុលាការ គេឆ្លើយថា អត់ដឹងទេ។ ហេតុនេះ គាត់មានតែការអស់សង្ឃឹមប៉ុណ្ណោះ និងមានសំណូមពរដល់សម្តេចនាយករដ្ឋមន្ត្រីហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន សូមមេត្តាជួយគ្រួសារគាត់ផង។ គាត់មិនទាន់ចោទប្រកាន់តុលាការទេ ដោយមានសំណូមពរដល់ចៅក្រម សូមមេត្តាពន្លឿនការកាត់ក្តីនេះផង ដើម្បីឱ្យព្រលឹងកូនស្រីបានទៅយោនយកកំណើតក្នុងសុគតិភព កុំឱ្យវិលវល់ទាមទារយុត្តិធម៌ដូចពេលនេះ។

អ្នកយកព័ត៌មានយើងមិនអាចទាក់ទងសុំការបំភ្លឺពីខាងតុលាការបានឡើយ តែសង្ឃឹមថា បទសម្ភាសន៍របស់ស្ត្រីជាម្តាយនៃសពក្រមុំអភ័ព្វនេះ នឹងជំរុញតុលាការឱ្យចាត់ការបានលឿនមិនខាន។

គួរបញ្ជាក់ថា ជំនឿលើរឿងខ្មោចតៃហោង ឬខ្មោចដែលត្រូវគេធ្វើឃាត ដែលព្រលឹងនៅវិលវល់នេះ “អង្គរធំ” ធ្លាប់ចុះផ្សាយជាហូរហែ។ ជួនកាល ឃាតករ ឬជនពាក់ព័ន្ធនឹងឃាតកម្ម ទោះជាតុលាការមិនចាត់ការ ក៏ជួបគ្រោះថ្នាក់ចរាចរណ៍ឡានបុកស្លាប់ ជាដើម និងត្រូវគេជឿថា មកពីខ្មោចតាមចងពៀរ ឬតាមយកព្រលឹងឃាតករ ទើបបណ្តាលឱ្យជួបគ្រោះថ្នាក់យ៉ាងនេះ៕

RELATED ARTICLES