ភ្នំពេញ ៖ បុរសជាគ្រូបង្រៀនម្នាក់ បន្ទាប់ទំនេរពីការបង្រៀនសិសស្ស ឆ្លៀតឱកាសមកទីក្រុងភ្នំពេញ បំណងសួរសុខទុក្ខប្រពន្ធ ដែលស្នាក់នៅប្រកបរបររកសុី តែមិនស្រួលខ្លួនទៅរកកន្លែងកោសជប់ម៉ាស្សា អនិច្ចារ ខណៈដែលលង់សម្រស់ ស្លុងអារម្មណ៍ ស្តាប់អូនច្រៀងភ្លេចខ្លួន បាត់លុយអស់៦០០ដុល្លារ កាលពីវេលាម៉ោង៨យប់ថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០១៧ ស្ថិតនៅផ្ទះកោសជប់មួយកន្លែង គ្មានស្លាកយីហោ តាមផ្លូវ២០០៤ ភូមិត្រពាំងល្វា សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ ។
ជនរងគ្រោះក្នុងករណីខាងលើ មានឈ្មោះ ព្រំ ចាន់ថុន ភេទប្រុស អាយុ៣៧ឆ្នាំ មុខរបរជាគ្រូបង្រៀន នៅភូមិត្រពាំងខ្វា ឃុំភ្នំកុង ស្រុកអង្គជ័យ ខេត្តកំពត ចំណែកប្រពន្ធប្រកបរបរបើកកន្លែងបោកអ៊ុត នៅភូមិដំណាក់ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ។
តាមសម្តីជនរងគ្រោះបានឲ្យដឹងថា ខ្លួនទើបតែមកពីស្រុក មកលេងប្រពន្ធដែលរកសុីបោកអ៊ុត ក្នុងខណ្ឌសែនសុខ ហើយកាលពីវេលាម៉ោងខាងលើ ខណៈដែលមិនស្រួលខ្លួន បានទៅផ្ទះកោសជប់ម៉ាស្សាមួយកន្លែង តាមផ្លូវ២០០៤ ពេលដែលដេកផ្កាប់មុខ នារីម៉ាស្សាច្របាច់ឈ្លីក្បាល ហើយច្រៀងឲ្យស្តាប់រួចរាល់ចប់ម៉ោងហើយ ក៏លូកហោប៉ាវ ស្រាប់តែលុយក្នុងកាបូបបាត់អស់៦០០ដុល្លារ ទើបឆោឡោ ត្រូវបានក្រុមស្រ្តីម៉ាស្សា សម្របសម្រួលកុំឲ្យប្តឹងពួកគេជួយសង២០០ដុល្លារ តែជនរងគ្រោះមិនព្រម នៅតែប្តឹង ស្រាប់តែថ្ងៃទី០២ ខែមិថុនា រត់ទៅប្តឹងនគរបាលប៉ុស្តិ៍កាកាប ចុះទៅដល់ផ្ទះកើតហេតុ តែត្រូវបានក្រុមស្រ្តីម៉ាស្សាគេចខ្លួនបាត់អស់ ។
ផ្ទះម៉ាស្សាខាងលើ បើតាមការចង្អុលបង្ហាញពីជនរងគ្រោះ បញ្ជាក់ភិនភាគក្រុមស្រ្តីទាំងនោះ ត្រូវបានគេស្គាល់ ឈ្មោះ ហេង ធូ អាយុ៣០ឆ្នាំ មុខរបរកោសជប់ និងបើកកន្លែងសញ្ចាកម្ម ស្នាក់នៅផ្ទះកើតហេតុ មានស្រុកកំណើតភូមិអង្គរបុរី ឃុំអង្គរបុរី ស្រុកអង្គរបុរី ខេត្តតាកែវ ។ ទី២ ឈ្មោះ សៅ សុខហេង អាយុ១៨ឆ្នាំ មុខរបរនារីម៉ាស្សា ស្នាក់នៅផ្ទះកើតហេតុខាងលើ មានស្រុកកំណើតនៅឃុំរកាកោង១ ស្រុកមុខកំពូល ខេត្តកណ្តាល ។
តាមពលរដ្ឋបានឲ្យដឹងថា គ្រាន់តែស្គាល់ភិនភាគ ស្គាល់ឈ្មោះស្រ្តីម៉ាស្សាទាំង២នាក់ខាងលើ គេដឹងថាជាក្រុមល្បីខាងលួចលុយរាប់លែងឈ្នះទៅហើយ ទោះជាប៉ូលីិសចាប់ឃាត់ខ្លួន ចាត់ការតាមនីតិវិធីដល់តុលាកា ក៏ត្រូវដោះលែងឲ្យវិលមកបើករបរនេះវិញដែរ មិនដែលឃើញស្រ្តី២នាក់នេះជាប់ទោស ជាប់ចោទអ្វីដែរ ប៉ូលិសវិលមុខ ធុញនឹងចាប់ស្រ្តីឆបោក បើតុលាការចេះតែព្រលែងវិញដដែលចឹង ។
ជនរងគ្រោះក្រោយពីចាញ់ល្បិចបន្លំលួចលុយអស់៦០០ដុល្លារ បានត្រឹមរត់ទៅប្តឹងប៉ូលិសប៉ុស្តិ៍កាកាប ដើម្បីចាត់វិធានការជាថ្មី ទៅតាមផ្លូវច្បាប់ ៕