ភ្នំពេញ ៖ នារីជាមេការខារ៉ាអូខេ ញូវស្តារ ម្នាក់ ត្រូវជនសង្ស័យ២នាក់ ជាសង្សារនឹងគ្នា ធ្វើសកម្មភាពឆក់កាបូបបានសម្រេច ហើយជិះម៉ូតូរត់គេចទៅបុករថយន្តមួយគ្រឿង បណ្តាលឲ្យដួលត្រូវប្រជាពលរដ្ឋចាប់បានប្រគល់ឲ្យសមត្ថកិច្ច បង្កឲ្យមានការភ្ញាក់ផ្អើលឡើងកាលពីវេលាម៉ោង៨និង៥០នាទីយប់ ថ្ងៃទី១ ខែមិថុនា ឆ្នាំ២០១៧ ដែលហេតុការណ៍នេះកើតឡើងតាមបណ្តោយផ្លូវ២៧១ កែងផ្លូវ១៨២ ត្រូវបានប្រជាពលរដ្ឋចាប់ឃាត់ខ្លួនបាននៅត្រង់ចំណុចផ្លូវ១៨២ ខាងមុខខារ៉ាអូខេនគរសំរិទ្ធ ស្ថិតក្នុងសង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោក។
ជនសង្ស័យដែលឃាត់ខ្លួនបានជាអ្នកបើកម៉ូតូ និងជាអ្នកធ្វើសកម្មភាពឆក់កាបូប មានឈ្មោះ ម៉ី វុធ្ថា ភេទប្រុស អាយុ១៥ឆ្នាំ ជាសិស្សថ្នាក់៩ រៀននៅវិទ្យាល័យសន្ធរម៉ុក ស្នាក់នៅផ្ទះជួល សង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក មានស្រុកកំណើតនៅខេត្តស្វាយរៀង និងជនសង្ស័យដែលជាសង្សាររួមដំណើរជាមួយមានឈ្មោះប្រាក់ វុទ្ធថាលី ភេទស្រី អាយុ15ឆ្នាំ មុខរបរជាងអ៊ុតសក់ ស្នាក់នៅសង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ ពួកគេទាំងពីរនាក់ជាគូសង្សារនឹងគ្នា ជិះម៉ូតូមួយគ្រឿងម៉ាកស៊ុយស៊ូគីនិច ពណ៌ស លាយខ្មៅ អត់មានស្លាកលេខ ។
ចំណែកជនរងគ្រោះ មានឈ្មោះគង់ ស្រីកា ភេទស្រី អាយុ20ឆ្នាំ មុខរបរមេការខារ៉ាអូខេញូវស្តារ ស្នាក់នៅសង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ ជិះម៉ូតូមួយគ្រឿង ម៉ាក ធូដេ ពណ៌ស ពាក់ស្លាកលេខភ្នំពេញ ១CP-៦០១៦ នៅក្នុងកាបូបដែលជនសង្ស័យឆក់យកទៅ មានលុយ ជាង២ម៉ឺនរៀល និងគ្រឿងម៉ាកកាយ៉េ ។
បើតាមសម្តីនារីរងគ្រោះ បានរៀបរាប់ឲ្យដឹងថា នៅមុនពេលកើតហេតុ នាងបានជិះម៉ូតូមួយគ្រឿង ម៉ាកធូដេ ពណ៌ស ទើបតែចេញមកពីផ្ទះនៅម្តុំស្ទឹងមានជ័យ បំណងជិះទៅធ្វើការនៅខារ៉ាអូខេ ញូវស្តារ ដោយធ្វើដំណើរតាមបណ្តោយផ្លូវ២៧១ ក្នុងទិសដៅពីត្បូងទៅជើង និងបានដាក់កាបូបស្ពាយព្យួរជាប់កម៉ូតូ លុះមកដល់ចំណុចកើតហេតុ បម្រុងបត់ត្រឡប់ក្រោយវិញ ដើម្បីទៅកន្លែងធ្វើការ ស្រាប់តែលេចមុខជនសង្ស័យទាំងពីរ ជាសង្សារ ជិះ
ម៉ូតូមួយគ្រឿង មកពីក្រោយ បានធ្វើសកម្មភាពឆក់យកកាបូបពីរូបនាងបានសម្រេច ហើយព្យាយាមជិះរត់គេចខ្លួន តែភ្លាមៗនោះ នាងបានស្រែកឆោឡោបណ្តាលឲ្យប្រជាពលរដ្ឋដែលធ្វើដំណើរតាមដងផ្លូវ ជិះដេញតាមរហូតមកដល់មុខខារ៉ាអូខេនគរសំរិទ្ធ ស្ថិតក្នុងសង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោក ជនសង្ស័យបានជិះម៉ូតូជ្រុលទៅបុករថយន្តមិនស្គាល់ម៉ាកមួយគ្រឿងទៀត បណ្តាលឲ្យដួលត្រូវប្រជាពលរដ្ឋចាប់ឃាត់ខ្លួនបាន វាយមួយដៃមួយជើង រួចប្រគល់ឲ្យនគរបាលប៉ុស្តិ៍រដ្ឋបាលទឹកល្អក់ទី២ យកទៅសួរនាំ។
នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យទាំងពីរបានឆ្លើយសារភាពថា ពួកគេជាសង្សារនឹងគ្នាទើបតែចេញមកពីម្តុំផ្សារដើមគ គោលបំណងឌុបគ្នាទៅលេងនៅម្តុំកោះពេជ្រ ហើយពួកគេបានឆ្លើយបដិសេធថា ពួកគេមិនបានឆក់កាបូបខាងលើនោះទេ គឺមានម៉ូតូហុងដាឌ្រីម មួយគ្រឿងទៀតមិនចាំស្លាកលេខ បានបោះកាបូបជនរងគ្រោះអោយរូបគេទេ។
ទោះបីជាជនសង្ស័យទាំងពីរនាក់បានប្រកែក មិនព្រមសារភាពថា ខ្លួនជាអ្នកឆក់ក៏ដោយ ប៉ុន្តែសមត្ថកិច្ចយោងតាមការអះអាងរបស់ជនរងគ្រោះ បានឃាត់ខ្លួនជនសង្ស័យទាំង២នាក់ រួមទាំងវត្ថុតាងយកទៅប៉ុស្តិ៍នគរបាលរដ្ឋបាលទឹកល្អក់ទី៣ កសាងសុំណុំរឿងបញ្ជូនទៅអធិការរដ្ឋាននគរបាលខណ្ឌទួលគោក ដើម្បីចាត់ការទៅតាមនីតិវិធី៕