Monday, January 20, 2025
Homeព័ត៌មានជាតិស្ត្រីក្រីក្រឆ្លងទន្លេ នៅលើកាណូត

ស្ត្រីក្រីក្រឆ្លងទន្លេ នៅលើកាណូត

ខេត្តកំពង់ឆ្នាំង៖ ស្ត្រីក្រីក្ររស់នៅតាមដងទន្លេម្នាក់ មានផ្ទៃពោះគ្រប់ខែ ពេលធ្វើដំណើរទៅសម្រាលកូននៅមណ្ឌលសុខភាព មិនទាន់ដល់ផង ក៏សម្រាលកូននៅលើកាណូត បង្កឲ្យភ្ញាក់ផ្អើល ទាំងកណ្តាលថ្ងៃដល់បងប្អូនប្រជាពលរដ្ឋ ។ ហេតុការណ៍ភ្ញាក់ផ្អើលនេះបានកើតឡើងនៅវេលាម៉ោង១២ និង១០នាទីថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០១៧ ស្ថិតក្នុងភូមិឆ្នុកទ្រូ ឃុំឆ្នុកទ្រូ ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង ។

ប្រជាពលរដ្ឋរស់នៅខាងជើងផ្សារឆ្នុកទ្រូ បានឲ្យដឹងថា ស្ត្រីមានផ្ទៃពោះសម្រាលកូនខាងលើនេះឈ្មោះ ឃួន ស្រីមុំ មានប្តី និងកូន៣នាក់។ ស្ត្រីរូបនេះមានជីវភាពក្រីក្រណាស់ រស់នៅក្នុងផ្ទះបណ្តែតទឹក ដោយ ប្រកបមុខរបរជាអ្នកនេសាទរស់នៅក្នុង ភូមិ-ឃុំខាងលើ ។

ប្រជាពលរដ្ឋបានបន្តថា ដោយសារគ្មានកាណូតសម្រាប់ធ្វើដំណើរដោយខ្លួនឯង ស្ត្រីរូបនេះបានពឹងអ្នកជិតខាងឲ្យជួយដឹកទៅសម្រាលកូននៅមណ្ឌលសុខភាព ប៉ុន្តែខណៈធ្វើដំណើរមកដល់កំពង់ផ្សារឆ្នុកទ្រូ ស្រាប់តែស្ត្រីនេះឈឺពោះឆ្លងទន្លេនៅលើកាណូតតែម្តង ហើយប្រជាពលរដ្ឋបាននាំគ្នាជួយម្នាក់មួយដៃមួយជើង ដោយអ្នកខ្លះ រត់ទៅហៅពេទ្យនៅមណ្ឌលសុខភាព មកជួយបង្កើតបានទាន់ពេល ធ្វើឲ្យម្តាយនិងកូនមានសុវត្ថិភាពទាំង២នាក់ ។

ប្រជាពលរដ្ឋបានបញ្ជាក់ថា ដោយមើលឃើញគ្រួសារស្ត្រីខាងលើមានជីវភាពក្រីក្រ គ្មានលទ្ធភាពចេញថ្លៃពេទ្យ និងថ្នាំចាក់ ទើបពលរដ្ឋជួយជាថវិកាទិញរបស់របរប្រើប្រាស់ចាំបាច់ផ្សេងៗ។ ជាមួយគ្នានោះ លោក សាំង គឹមស៊ន បេក្ខភាពមេឃុំមកពីគណបក្សប្រជាជនកម្ពុជា បានធានាចេញថវិកាផ្ទាល់ខ្លួន ចំនួន២៥ម៉ឺនរៀល រួមទាំងសម្ភារមួយចំនួនទៀត ជួយដល់គ្រួសារស្ត្រីសម្រាលកូនលើកាណូតនេះផងដែរ ៕

RELATED ARTICLES