ភ្នំពេញ ៖ បន្ទាប់ពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៤ នៅថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០១៧ បានបញ្ចប់ ហើយការរាប់សន្លឹកឆ្នោតរួចរាល់ លទ្ធផលបឋមក្រៅផ្លូវការ ដែល “នគរធំ” ទទួលបានបង្ហាញថា គណបក្សប្រជាជនកម្ពុជា បានបន្តឈ្នះឈរនៅលំដាប់ទី១ ពោលគឺក្នុងចំណោម២៥រាជធានី-ខេត្តទូទាំងប្រទេស គណបក្សប្រជាជនកម្ពុជា (CPP) ឈ្នះ២២ខេត្ត ស្មើនឹង១១៦៣ឃុំ-សង្កាត់ ចំណែកគណបក្សសង្គ្រោះជាតិ (CNRP) ឈ្នះ៣ រាជធានី-ខេត្ត រួមមានភ្នំពេញ សៀមរាប និងកំពង់ចាម ស្មើនឹង៤៨២ឃុំ-សង្កាត់ ក្នុងចំណោម ១៦៤៦ឃុំ-សង្កាត់ ទូទាំងប្រទេស។
លទ្ធផលបឋមក្រៅផ្លូវការនៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៤ ថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០១៧ និងការគិតកៅអីមេឃុំ-ចៅសង្កាត់ តាមបណ្តារាជធានី-ខេត្ត របស់គណបក្សឈរឈ្មោះបោះឆ្នោត មានដូចខាងក្រោម ៖
១-ខេត្តបន្ទាយមានជ័យ មាន៦៥ឃុំ-សង្កាត់ ៖ គណបក្សប្រជាជនកម្ពុជា ៥៤, គណបក្សសង្គ្រោះជាតិ ១០, ខ្មែររួបរួមជាតិ ១
២-ខេត្តបាត់ដំបង មាន១០២ឃុំ-សង្កាត់ ៖ គណបក្សប្រជាជនកម្ពុជា ៥៤, គណបក្សសង្គ្រោះជាតិ ៤៨
៣-ខេត្តកំពង់ចាម មាន១០៩ឃុំ-សង្កាត់ ៖ គណបក្សប្រជាជនកម្ពុជា ៣៣, គណបក្សសង្គ្រោះជាតិ ៧៦
៤-ខេត្តកំពង់ឆ្នាំង មាន៧០ឃុំ-សង្កាត់ ៖ គណបក្សប្រជាជនកម្ពុជា ៦២, គណបក្សសង្គ្រោះជាតិ ៨
៥-ខេត្តកំពង់ស្ពឺ មាន៨៧ ឃុំ-សង្កាត់ ៖ គណបក្សប្រជាជនកម្ពុជា ៧៨, គណបក្សសង្គ្រោះជាតិ ៩
៦-ខេត្តកំពង់ធំ មាន៨១ឃុំ-សង្កាត់ ៖ គណបក្សប្រជាជនកម្ពុជា ៤២, គណបក្សសង្គ្រោះជាតិ ៣៩
៧-ខេត្តកំពត មាន៩៣ឃុំ-សង្កាត់ ៖ គណប្រជាជនកម្ពុជា ៧១, គណបក្សសង្គ្រោះជាតិ ២២
៨-ខេត្តកណ្តាល មាន១២៧ឃុំ-សង្កាត់ ៖ គណបក្សប្រជាជនកម្ពុជា ៧៩, គណបក្សសង្គ្រោះជាតិ ៤៨
៩-ខេត្តកោះកុង មាន២៩ឃុំ-សង្កាត់ ៖ គណបក្សប្រជាជនកម្ពុជា ២៦, គណបក្សសង្គ្រោះជាតិ ៣
១០-ខេត្តក្រចេះ មាន៤៧ឃុំ-សង្កាត់ ៖ គណបក្សប្រជាជនកម្ពុជា ៣៨, គណបក្សសង្គ្រោះជាតិ ៩
១១-ខេត្តមណ្ឌលគិរី មាន២១ឃុំ-សង្កាត់ ៖ គណបក្សប្រជាជនកម្ពុជា ២១, គណបក្សសង្គ្រោះជាតិ ០
១២-រាជធានីភ្នំពេញ មាន១០៥ សង្កាត់ ៖ គណបក្សប្រជាជនកម្ពុជា ៥១, គណបក្សសង្គ្រោះជាតិ ៥៤
១៣-ខេត្តព្រះវិហារ មាន៥១ឃុំ-សង្កាត់ ៖ គណបក្សប្រជាជនកម្ពុជា ៤៥, គណបក្សសង្គ្រោះជាតិ ៦
១៤-ខេត្តព្រៃវែង មាន១១៦ឃុំ-សង្កាត់ ៖ គណបក្សប្រជាជនកម្ពុជា ៧៣, គណបក្សសង្គ្រោះជាតិ ៤៣
១៥-ខេត្តពោធិ៍សាត់ មាន៤៩ឃុំ-សង្កាត់ ៖ គណបក្សប្រជាជនកម្ពុជា ៤៩, គណបក្សសង្គ្រោះជាតិ ០
១៦-ខេត្តរតនគីរី មាន៥០ឃុំ-សង្កាត់ ៖ គណប្រជាជនកម្ពុជា ៤៨, គណបក្សសង្គ្រោះជាតិ ២
១៧-ខេត្តសៀមរាប មាន១០០ឃុំ-សង្កាត់ ៖ គណបក្សប្រជាជនកម្ពុជា ៤៤, គណបក្សសង្គ្រោះជាតិ ៥៦
១៨-ខេត្តព្រះសីហនុ មាន២៩ឃុំ-សង្កាត់ ៖ គណបក្សប្រជាជនកម្ពុជា ២៦, គណបក្សសង្គ្រោះជាតិ ៣
១៩-ខេត្តស្ទឹងត្រែង មាន៣៤ឃុំ-សង្កាត់ ៖ គណបក្សប្រជាជនកម្ពុជា ៣៣, គណបក្សសង្គ្រោះជាតិ ១
២០-ខេត្តស្វាយរៀង មាន៨០ឃុំ-សង្កាត់ ៖ គណបក្សប្រជាជនកម្ពុជា ៧៣, គណបក្សសង្គ្រោះជាតិ ៧
២១-ខេត្តតាកែវ មាន១០០ឃុំ-សង្កាត់ ៖ គណបក្សប្រជាជនកម្ពុជា ៨២, គណបក្សសង្គ្រោះជាតិ ១៨
២២-ខេត្តឧត្តរមានជ័យ មាន២៤ឃុំ-សង្កាត់ ៖ គណបក្សប្រជាជនកម្ពុជា ២៣, គណបក្សសង្គ្រោះជាតិ ១
២៣-ខេត្តកែប មាន៥ឃុំ-សង្កាត់ ៖ គណប្រជាជនកម្ពុជា ៥, គណបក្សសង្គ្រោះជាតិ ០
២៤-ខេត្តប៉ៃលិន មាន៨ឃុំ-សង្កាត់ ៖ គណបក្សប្រជាជនកម្ពុជា ៧, គណបក្សសង្គ្រោះជាតិ ១
២៥-ខេត្តត្បូងឃ្មុំ មាន៦៤ឃុំ-សង្កាត់ ៖ គណប្រជាជនកម្ពុជា ៤៦, គណបក្សសង្គ្រោះជាតិ ១៨ ។
ទោះយ៉ាងណា ខាងលើនេះ គ្រាន់តែជាលទ្ធផលបឋមបណ្តោះអាសន្នក្រៅផ្លូវការ ហើយ “នគរធំ” នឹងចុះផ្សាយលទ្ធផលបឋមផ្លូវការលម្អិតបន្ថែមទៀតនៅលេខចេញផ្សាយនៅពេលបន្ទាប់។
ដោយឡែកនៅវេលាម៉ោង៤រសៀល ថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០១៧ ក្រោយដំណើរការ បោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៤ បានបញ្ចប់ គណៈកម្មការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានបើកកិច្ចប្រជុំផ្សព្វផ្សាយព័ត៌មានអំពីព្រឹត្តិការណ៍ទូទៅនៃដំណើរបោះឆ្នោត និងការប្រកាសផ្សព្វផ្សាយលទ្ធផលបឋមនៃការបោះឆ្នោតជាមួយភាគីពាក់ព័ន្ធក្រោមអធិបតីភាពពីលោកស៊ិក ប៊ុនហុក ប្រធានគ.ជ.ប និងមានការចូលរួមពីលោកហង្ស ពុទ្ធា សមាជិក និងជាអ្នកនាំពាក្យ, លោកទេព នីថា អគ្គលេខាធិការគ.ជ.ប, លោកម៉ៅ សុភារិទ្ធ អគ្គលេខាធិការរងគ.ជ.ប ព្រមថ្នាក់ដឹកនាំមួយចំនួនទៀត។
ប្រធាន គ.ជ.ប លោកស៊ិក ប៊ុនហុក បានបញ្ជាក់នៅក្នុងកិច្ចប្រជុំនោះថា កិច្ចប្រជុំនេះ ចែកជា២ គឺទី១ ស្តីពីព្រឹត្តិការណ៍ទូទៅនៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៤ ឆ្នាំ២០១៧។ ទី២ ស្តីពីការប្រកាសលទ្ធផលបឋម សម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៤ ឆ្នាំ២០១៧។ ចំពោះព្រឹត្តិការណ៍ទូទៅនៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ បានឆ្លងកាត់នូវដំណាក់កាលធំៗចំនួន៤ គឺទី១ ដំណាក់កាលចុះឈ្មោះបោះឆ្នោត គ.ជ.ប បានចាប់ផ្តើមចុះឈ្មោះបោះឆ្នោតនៅថ្ងៃទី០១ ខែកញ្ញា ដល់ថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០១៧ ប្រើពេលអស់៥ខែ គឺបានប្រព្រឹត្តដោយជោគជ័យ ដោយមានចំនួនប្រជាពលរដ្ឋ ៧៨៥៦០៣៣នាក់ បានមកចុះឈ្មោះបោះឆ្នោត ស្មើនឹង៨១,៣៨ភាគរយ នៃប្រជាពលរដ្ឋដែលមានអាយុគ្រប់ចុះឈ្មោះបោះឆ្នោត ប្រមាណ៩៦៦៤២១៦នាក់ ដោយប្រើប្រព័ន្ធកុំព្យូទ័រ ហើយបច្ចេកទេសនៃការចុះឈ្មោះ គ.ជ.ប បានសហការជាមួយជំនាញការជប៉ុន និងជំនាញការសហភាពអឺរ៉ុប តាំងពីដើមរហូតដល់ចប់…។
លោកស៊ិក ប៊ុនហុក បានបញ្ជាក់បន្តថា តាមសេចក្តីរាយការណ៍ពិសេសមក ឱ្យដឹងថា នៅព្រឹកថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០១៧ ចាប់ពីម៉ោង៧ព្រឹក គ្រប់ការិយាល័យបោះឆ្នោតទូទាំងប្រទេស ដែលមានចំនួន២២១៤៨ការិយាល័យ បានបើកបម្រើឱ្យការបោះឆ្នោត។ ដូច្នេះមិនមានការិយាល័យណាមួយដែលមិនបានបោះឆ្នោតនោះទេ។ ដំណើរការបោះឆ្នោតបានប្រព្រឹត្តទៅដោយប្រក្រតីភាព មិនមានរំខានអ្វីទេ គឺមុនម៉ោង៣ ដោយសារអ្នកមានឈ្មោះក្នុងបញ្ជីបោះឆ្នោតនៃការិយាល័យនោះ បានមកបោះឆ្នោត អស់ការិយាល័យបោះឆ្នោតខ្លះ ក៏បានបិទមុនម៉ោងកំណត់។ បន្ទាប់ពីការបិទការិយាល័យដំណើរការរាប់សន្លឹកឆ្នោតក៏បានចាប់ផ្តើមតាមនីតិវិធី ហើយលទ្ធផលនៃការរាប់សន្លឹកឆ្នោត ក៏មានបិទភ្លាមនៅតាមការិយាល័យបោះឆ្នោត រាប់សន្លឹកឆ្នោតនីមួយៗ។
លោកប្រធាន គ.ជ.ប បានឱ្យដឹងបន្តថា តាមតួលេខដែលទទួលបានដំបូងចំនួនអ្នកបោះឆ្នោត មាន ៦៧៤៣៣២៩នាក់ ស្មើនឹង៨៥,៧៤% គឺជាតួលេខខ្ពស់។ ដើម្បីមូលដ្ឋាននៃការផ្ទៀងផ្ទាត់លទ្ធផលបណ្តោះអាសន្ន និងលទ្ធផលបោះឆ្នោតផ្លូវការនោះ ក្នុងនោះការផ្សាយលទ្ធផលបឋម គ.ជ.ប បានសហការជាមួយទូរទស្សន៍ជាតិកម្ពុជា ក្នុងការផ្សាយនៅយប់ថ្ងៃទី០៤ មិថុនា ក្នុងទម្រង់១១០២ និងទម្រង់១១០៥ ពីគណៈកម្មការឃុំ-សង្កាត់ រៀបចំការបោះឆ្នោត គឺលើកតម្កើងឱ្យមាននីតិវិធី៣ក្រុម គឺក្រុមទទួលរូបភាពទម្រង់១១០២ និងទម្រង់១១០៥ មានចំនួន២៥នាក់ ក្រុមបញ្ចូលទិន្នន័យ មានចំនួន៥០នាក់ ត្រួតពិនិត្យ និងផ្ទៀងផ្ទាត់ មានចំនួន១៥នាក់។ នៅពេលដែលក្រុមត្រួតពិនិត្យ និងផ្ទៀងផ្ទាត់រួច បញ្ជូនមកគ.ជ.ប ដើម្បីពិនិត្យសម្រេច រួចបញ្ជូនទៅផ្សព្វផ្សាយតាមទូរទស្សន៍ជាតិកម្ពុជា និងបង្ហោះតាមគេហទំព័ររបស់គ.ជ.ប។ លទ្ធផលបណ្តោះអាសន្ន នឹងផ្សាយនៅថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០១៧ ហើយលទ្ធផលផ្លូវការនឹងត្រូវផ្សព្វផ្សាយនៅថ្ងៃទី២៥ ខែមិថុនា ឆ្នាំ ២០១៧។ ដូច្នេះការផ្សាយទៅតាមប្រតិទិនរបស់គ.ជ.ប ដែលចែកជាបីប្រភេទ គឺលទ្ធផលបឋម ត្រូវប្រើរយៈពេល២ថ្ងៃ ពីថ្ងៃទី០៤ដល់ថ្ងៃទី០៥ ខែមិថុនា ឆ្នាំំ២០១៧។ ចំពោះការត្រួតពិនិត្យបូកសរុប និងបិទផ្សាយលទ្ធផលបណ្តោះអាសន្ន មានរយៈពេល៣ថ្ងៃ ពីថ្ងៃទី០៥ ដល់ថ្ងៃទី០៧ ខែមិថុនា។ ក្រោយការប្រកាសលទ្ធផលបណ្តោះអាសន្ននេះហើយ នឹងមានដំណាក់កាលមួយហៅថា ដំណាក់កាលប្តឹងជំទាស់ទៅលើលទ្ធផលបណ្តោះអាសន្ន គឺប្តឹងជំទាស់នៅឃុំ-សង្កាត់ ទៅគណៈកម្មការខេត្តរៀបចំការបោះឆ្នោត ក្នុងរយៈពេល៣ថ្ងៃ គឺថ្ងៃ១០ មិថុនា គឺជាថ្ងៃចុងក្រោយ។ ការពិនិត្យលើពាក្យបណ្តឹងជំទាស់ ដោយ PEC មានរយៈពេល៥ថ្ងៃ គឺថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១៧ ជាថ្ងៃចុងក្រោយ។ សេចក្តីសម្រេចរបស់ PEC ទៅ NEC ឬគ.ជ.ប មានរយៈពេល៤ថ្ងៃ គឺថ្ងៃទី២០ ខែមិថុនា ជាថ្ងៃចុងក្រោយ។ ការពិនិត្យលើពាក្យបណ្តឹងតវ៉ាដោយគ.ជ.ប មានរយៈពេល៤ថ្ងៃ គឺថ្ងៃទី២៤ មិថុនា ជាថ្ងៃចុងក្រោយ។ ការផ្សាយប្រកាសលទ្ធផលផ្លូវការនៃការបោះឆ្នោត នៅថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៧៕