Tuesday, February 25, 2025
Homeព័ត៌មានជាតិជាតិស្ករ...រសផ្អែមលាយថ្នាំពុល

ជាតិស្ករ…រសផ្អែមលាយថ្នាំពុល

ពុំមានអ្នកណាបដិសេធ មិនសរសើរពីរសជាតិផ្អែមរបស់ស្ករនោះទេ ប៉ុន្តែបើវិភាគឱ្យដិតដល់ ជាតិស្ករគឺជាអាហារបំផ្លាញសុខភាព និងសម្រស់របស់អ្នកយ៉ាងច្រើន ដោយមិននឹកស្មានដល់។

១-ទោះអត់ជាតិផ្អែម ក៏អាចរស់បាន ៖

ក្រៅពីទឹកសុទ្ធ អ្វីដែលអ្នកញ៉ាំចូលទៅសុទ្ធតែមានជាតិស្ករទាំងអស់ បើមិនតិចក៏ច្រើនដែរ។ តាមការពិត ជាតិស្ករ ពុំមានគុណតម្លៃខាងអាហារនោះទេ មានប្រយោជន៍ត្រឹមតែផ្តល់ជាថាមពលប៉ុណ្ណោះ។ ប៉ុន្តែ ទោះបីជាអ្នកមិនញ៉ាំ ជាតិស្ករ រាងកាយរបស់អ្នក ក៏អាចទ្រទ្រង់ជីវិតរស់នៅបានតាមធម្មតា ព្រោះអ្នកតែងតែបានទទួលជាតិស្ករ ពី ធម្មជាតិ ដែលមានច្រើនលើសតម្រូវការស្រាប់ហើយ ដូចជាពីអាហារប្រភេទការបូហៃដ្រេត ដែលអ្នកញ៉ាំជាប្រចាំរាល់ថ្ងៃ ដូចជា បាយ គុយទាវ បន្លែ និងផ្លែឈើផ្សេងៗ។

២-បរិមាណគួរញ៉ាំ ៖

ចំពោះបរិមាណជាតិស្ករគួរញ៉ាំក្នុងមួយថ្ងៃ អង្គការអនាម័យពិភពលោកបានកំណត់ទុកថា មិនគួរលើសពី ១០% នៃបរិមាណថាមពល ដែលបានទទួលក្នុងមួយថ្ងៃ ឬមិនគួរលើសពីមួយថ្ងៃ ៦ស្លាបព្រាកាហ្វេ ( ២៤ក្រាម ) ដែលជាបរិមាណសម្រាប់មនុស្សធម្មតាទូទៅ ដែលប្រើថាមពល ២.០០០ គីឡូកាឡូរី (ទម្ងន់ខ្លួន ១ គីឡូក្រាម រាងកាយត្រូវការថាមពល ២៥ គីឡូកាឡូរី ក្នុងមួយថ្ងៃ )។

ប្រសិនបើញ៉ាំជាតិស្ករ ក្នុងបរិមាណលើសពីតម្រូវការចាំបាច់ ជាតិស្ករនឹងត្រូវបានបំប្លែងជាជាតិខ្លាញ់កកផ្តុំនៅតាមជាលិកាខ្លាញ់ នៅតាមជញ្ជាំងសរសៃឈាម និងផ្នែកផ្សេងៗនៃរាងកាយធ្វើឱ្យធាត់បាត់រាងបាត់រៅ។ ជាពិសេសពេលអ្នកអាយុកាន់តែច្រើន និងមិនបានហាត់ប្រាណឱ្យបានជាប់លាប់ ធ្វើឱ្យកើតជំងឺធាត់ និងឈានទៅរកជំងឺធ្ងន់ធ្ងរផ្សេងៗ ដូចជា ទឹកនោមផ្អែម ជំងឺបេះដូង ជំងឺស្ទះសរសៃឈាម និងជំងឺខ្សោយសន្លាក់ជាដើម។

ក្រៅពីនេះ ខាងផ្នែកសម្រស់ជាតិស្ករ គឺជាកត្តាអាក្រក់ ក្នុងការបំផ្លាញជាតិ ខូលឡាចេន និងអ៊ីឡាស្ទីន ក្នុងស្រទាប់ស្បែក ធ្វើឱ្យស្បែកមានសភាពជ្រីវជ្រួញមុនវ័យ។

៣- ជាតិផ្អែមជួយបន្ថយភាពតានតឹង ៖

ទោះជាយ៉ាងណា ក៏នៅមានចំណុច ល្អរបស់ជាតិស្ករមួយដែរ គឺជាតិស្ករជួយឱ្យរាងកាយមានអារម្មណ៍ស្រស់ស្រាយ ធូរស្រាល និងមានអារម្មណ៍ល្អ ព្រោះហេតុនេះ ទើបមនុស្សជាច្រើនជាប់ចិត្តនឹងជាតិផ្អែម ដោយសារប្រការនេះ ប៉ុន្តែអារម្មណ៍ល្អនោះ កើតឡើងក្នុងរយៈពេលខ្លីប៉ុណ្ណោះ។

ការស្រាវជ្រាវរបស់គ្រូពេទ្យ ចន យុតឃីន (Dr. John Yudkin) ជនជាតិអង់គ្លេស បានធ្វើការសិក្សាទៅលើការវិធីញ៉ាំអាហាររបស់អ្នកមានវ័យចំណាស់ និងរកឃើញថា អ្នកមានវ័យចំណាស់ភាគច្រើនចូលចិត្តពិសារចំណីអាហារផ្អែមៗ ឬបង្អែម ព្រោះផ្តល់ថាមពលដល់រាងកាយបានឆាប់រហ័ស ដោយមិនបាច់ឆ្លងកាត់យន្តការរំលាយ និងការបឺតជ្រាបដ៏ស្មុគស្មាញ។ ប៉ុន្តែពួកគាត់នឹងឆាប់ឆេវឆាវ ពេលជាតិស្ករក្នុងឈាមស្រកចុះ។ បើបានទទួលជាតិស្ករចូលទៅទៀត ពួកគាត់នឹងមានអារម្មណ៍ស្រស់ស្រាយឡើងយ៉ាងឆាប់រហ័ស ដែលហៅថា ញៀនជាតិផ្អែម ឬកាបូលីក (Carbolic) ដែលស្រដៀងនឹងអាការញៀនស្រា (Alcoholic)។

៤-បន្ថយជាតិស្ករយ៉ាងដូចម្តេច?

បើសព្វថ្ងៃនេះ អ្នកនៅញៀននឹងភាពឆ្ងាញ់របស់រសជាតិផ្អែម អ្នកអាចចាប់ផ្តើមបន្ថយបរិមាណជាតិផ្អែម ឱ្យថយចុះបន្តិចម្តងៗ បើធ្វើគំហុកពេក អាចធ្វើឱ្យមានអារម្មណ៍ឆេវឆាវ និងតានតឹង។ ក្រៅពីនេះ គួរយកចិត្តទុកដាក់ ការញ៉ាំដើម្បីសុខភាពឱ្យបានច្រើនផង ដោយជ្រើសញ៉ាំជាតិគ្លុយកូស ដែលមានផលល្អចំពោះរាងកាយ ឬគ្លុយកូស ដែលកើតពីការ បូហៃដ្រេតស៊ាំញ៉ាំ ដូចជាបាយ ឬបាយអង្ករសំរូប ពោត នំប៉័ង ធញ្ញជាតិ និងសណ្តែកផ្សេងៗ ដែលរាងកាយអាចរំលាយ និងបឺតជ្រាបយកទៅប្រើការបានជាសន្សឹមៗ ខុសពីគ្លុយកូស ដែលបានពីជាតិស្ករ ពេលចូលដល់រាងកាយហើយ នឹងត្រូវបានបឺតជ្រាប យកទៅប្រើការភ្លាមៗ ធ្វើឱ្យរាងកាយត្រូវធ្វើការធ្ងន់ និងបង្កឱ្យកើតមានផលប៉ះពាល់ដល់សុខភាពរយៈពេលយូរ។

៥-សារធាតុផ្តល់ជាតិផ្អែម ៖

បច្ចុប្បន្នមានជម្រើសច្រើន សម្រាប់អ្នកចូលចិត្តរសជាតិផ្អែម ដូចជា មានការផលិតសារធាតុផ្តល់ជាតិផ្អែម ជំនួសស្ករជាច្រើន ដែលភាគច្រើន មិនផ្តល់ថាមពលដល់រាងកាយទេ ឬផ្តល់តិចបំផុត តែមានរសជាតិផ្អែម ដូចស្ករ និងមិនធ្វើឱ្យពុកធ្មេញ ឬជំរុញឱ្យមានជាតិស្ករក្នុងឈាមខ្ពស់នោះទេ ដូចជា Sucralose, Aspartame, Stevia ឬស្មៅផ្អែម ដែលជំនួសស្ករបានល្អបំផុត ព្រោះមកពីធម្មជាតិ និងពុំមានការប៉ះពាល់អ្វីទេ ថែមទាំងសមស្រប ចំពោះអ្នកដែលចង់គ្រប់គ្រងទម្ងន់ខ្លួន និងអ្នកជំងឺទឹកនោមផ្អែម។ ទោះជាយ៉ាងណាក្តី ការញ៉ាំសារធាតុផ្តល់ជាតិផ្អែមទាំងនេះ គួរឋិតនៅក្នុងបរិមាណ ដែលគ្រូពេទ្យ ឬឱសថការីណែនាំប៉ុណ្ណោះ ៕

 

RELATED ARTICLES