Thursday, November 13, 2025
Homeសន្ដិសុខសង្គមសន្តិសុខសង្គមបង្ក្រាបឆបោកអនឡាញ ឃាត់ខ្លួន៣៧នាក់

បង្ក្រាបឆបោកអនឡាញ ឃាត់ខ្លួន៣៧នាក់

ខេត្តបន្ទាយមានជ័យ ៖ ជនសង្ស័យ ចំនួន៣៧នាក់ ក្នុងនោះមាន ស្រីចំនួន៨នាក់ ត្រូវបានកម្លាំងសមត្ថកិច្ចចម្រុះ ឃាត់ខ្លួនក្នុងប្រតិបត្តិការចុះត្រួតពិនិត្យឆែកឆេរ កាលពីថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅទីតាំងកាស៊ីណូ “ម៉ារី ណាន” ស្ថិតក្នុងបុរីសានហូរ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ក្រោយការស្រាវជ្រាវរបស់សមត្ថកិច្ចជំនាញ បានបង្ហាញថា មានការសង្ស័យ មានការលបលួចប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scam)។

ជនសង្ស័យដែលត្រូវបានឃាត់ខ្លួន ទាំង ៣៧នាក់នោះ មានជនជាតិចិន ចំនួន៥នាក់ ឥណ្ឌូនេស៊ី ចំនួន៣០នាក់ និងជនជាតិខ្មែរ ២នាក់ ត្រូវបានសង្ស័យជាប់ពាក់ព័ន្ធនឹងការប្រព្រឹត្តសកម្មភាពឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា មានគោលដៅចំពោះពលរដ្ឋនៅក្នុងប្រទេសផ្សេងៗ ក្រោមរូបភាពក្លែងបន្លំជាសមត្ថកិច្ច ការក្លែងបន្លំនិងផ្តល់កម្ចីអនឡាញ បន្លំជាអាជីវកម្មប្តូរប្រាក់ខុសច្បាប់ទៅប្រទេសដទៃ និងការប្តូររូបិយប័ណ្ណឌីជីថល។ ក្នុងប្រតិបត្តិការ សមត្ថកិច្ចបានដកហូតសម្ភារៈវត្ថុតាង រួមមាន កុំព្យូទ័រ ចំនួន៦៥គ្រឿង ទូរស័ព្ទ ចំនួន៦៣គ្រឿង និងអត្ត សញ្ញាណប័ណ្ណសញ្ជាតិថៃ ចំនួន២៦សន្លឹក។

ប្រតិបត្តិការនេះ ត្រូវបានអនុវត្តដោយកម្លាំងចម្រុះនៃអគ្គស្នងការដ្ឋាននគរបាលជាតិ គណៈបញ្ជាការឯកភាពខេត្តបន្ទាយមានជ័យ អាជ្ញាធរពាក់ព័ន្ធក្នុងខេត្ត ដោយមានការចូលរួមសម្របសម្រួលពីលេខាធិការដ្ឋានគណៈ កម្មការចំពោះកិច្ចប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (គ.ប.ឆ.ប) ព្រមទាំងសម្របសម្រួលនីតិវិធីពីលោកសំរឹទ្ធ សុខុន ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តបន្ទាយមានជ័យ ដោយបានចុះត្រួតពិនិត្យនៅទីតាំងសង្ស័យ និងបានឈានដល់ការឃាត់ខ្លួនជនសង្ស័យពាក់ព័ន្ធនឹងការប្រព្រឹត្តការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ដូចបានរៀបរាប់ខាងលើនេះ។

ក្រោយការបង្ក្រាបនេះ សមត្ថកិច្ចជំនាញកំពុងសហការជាមួយភាគីពាក់ព័ន្ធ ដើម្បីបន្តស្រាវជ្រាវបន្ថែមទៀត ឈានទៅចាត់វិធានការផ្លូវច្បាប់ចំពោះមេខ្លោងនៃការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានេះ ខណៈជនសង្ស័យនិងវត្ថុតាង ត្រូវបានប្រគល់ជូនស្នងការដ្ឋាននគរបាល ខេត្ត និងសមត្ថកិច្ចពាក់ព័ន្ធ ដើម្បីអនុវត្តតាមនីតិវិធី។ ចំ ណែកទីតាំងខាងលើ ត្រូវបានបិទបណ្តោះអាសន្ន៕

RELATED ARTICLES