Tuesday, February 25, 2025
Homeព័ត៌មានជាតិការពារជំងឺទឹកនោមផ្អែមសម្រាប់ស្ត្រីអំឡុងពេលមានផ្ទៃពោះ

ការពារជំងឺទឹកនោមផ្អែមសម្រាប់ស្ត្រីអំឡុងពេលមានផ្ទៃពោះ

ជំងឺទឹកនោមផ្អែមពេលមានគភ៌ បែងចែកជា២ប្រភេទ គឺអ្នកជំងឺដែលកើតទឹកនោមផ្អែមមុនមានផ្ទៃពោះ និងអ្នកជំងឺ មិនធ្លាប់កើតទឹកនោមផ្អែមពីមុន ឬហៅថា កើតទឹកនោមផ្អែម ខណៈពេលមានគភ៌។

-ទឹកនោមផ្អែមមុនមានផ្ទៃពោះ ៖

គួរប្រឹក្សាជាមួយគ្រូពេទ្យ និងរៀបគម្រោងមានផ្ទៃពោះឱ្យល្អ។ ជាទូទៅ អ្នកជំងឺនឹងទទួលបានឱសថបញ្ចុះជាតិស្ករ ដើម្បីឱ្យស្ថិតក្នុងកម្រិតប្រក្រតី ដោយ គ្រូពេទ្យនឹងចេញវេជ្ជបញ្ជាឱ្យឈប់ ឬប្តូរឱសថឱ្យសមស្របចំពោះស្ត្រីមាន ផ្ទៃពោះ ដោយសារឱសថមួយចំនួន អាចបង្កឱ្យពិការដល់ទារកក្នុងផ្ទៃ និងគ្រប់គ្រងជាតិស្ករ មិនសូវល្អក្នុងអំឡុងមានគភ៌។ អ្នកជំងឺក្រុមនេះ គួរទទួលការប្រឹក្សា និងវាយតម្លៃល្អិតល្អន់មុនមានផ្ទៃពោះ មានការពិនិត្យដំណើរការ របស់តម្រងនោម ពិនិត្យភ្នែកផង ដើម្បីប៉ាន់ស្មានរយៈ ឬភាពធ្ងន់ធ្ងរនៃជំងឺទឹកនោមផ្អែម។ ចំណែកអ្នកជំងឺគួរពន្យារកំណើតឱ្យល្អ និងគ្រប់គ្រងជាតិស្ករឱ្យស្ថិតក្នុងកម្រិតធម្មតា ឬប្រហាក់ប្រហែលបំផុតមុនមានផ្ទៃពោះ ដើម្បីទទួលលទ្ធផលគាប់ប្រសើរនៃគភ៌ដ៏ល្អ។

-ផលប៉ះពាល់នៃទឹកនោមផ្អែមមុនមានផ្ទៃពោះ ៖

  • ចំពោះស្ត្រីមានផ្ទៃពោះ ៖ នឹងបង្កើនហានិភ័យនៃការរលូតកូន ទឹកភ្លោះច្រើនខុសប្រក្រតី សម្រាលមុនកំណត់ ភាវៈសន្លប់ពីជាតិស្ករខ្ពស់ខុសប្រក្រតី។
  • ចំពោះទារក ៖ រកឃើញថា បង្កើនហានិភ័យនាំឱ្យទារកពិការពីកំណើត ប្រព័ន្ធបេះដូង និងប្រព័ន្ធប្រសាទ ប្រឈមហានិភ័យទារកខ្លួនធំខុសប្រក្រតី។

ដូច្នេះ អ្នកជំងឺទឹកនោមផ្អែម ដែលស្ថិតក្នុងវ័យបន្តពូជ និងមានគម្រោង ចង់មានបុត្រ គួរថែទាំខ្លួនឯងឱ្យល្អ និងជួបគ្រូពេទ្យជាប្រចាំ។

ទឹកនោមផ្អែមអំឡុងពេលមានផ្ទៃពោះ ដោយសារការមានផ្ទៃពោះមានការបង្កើតអ័រម៉ូនមួយចំនួន ដែលប្រឆាំងអ៊ីនស៊ូលីន នាំឱ្យមានភាវៈទឹកនោមផ្អែម បណ្តោះអាសន្នក្នុងអំឡុងពេលមានផ្ទៃពោះបាន។ ក្រុមនេះ អ្នកជំងឺអាចមិនមានអាការអ្វីមុនមានផ្ទៃពោះទេ។ ដូច្នេះ ដើម្បីវិនិច្ឆ័យគ្រូពេទ្យ នឹងធ្វើការពិនិត្យកម្រិតជាតិស្ករចំពោះស្ត្រីមានផ្ទៃពោះ ដែលមានហានិភ័យខ្ពស់ ដូចជា ស្ត្រីមានផ្ទៃពោះ ដែលមានវ័យច្រើនជាង៣០ឆ្នាំ មានប្រវត្តិដែលក្រុមគ្រួសារកើតជំងឺទឹកនោមផ្អែម មានប្រវត្តិមុនមានភាវៈទឹកភ្លោះលើស ទារកខ្លួនធំខុសប្រក្រតី ទារកពិការតាំងពីកំណើត រលូតកូនច្រើនដង ពិនិត្យឃើញសម្ពាធឈាមខ្ពស់ អំឡុងពេលមានផ្ទៃពោះ ពិនិត្យឃើញមានជាតិស្ករក្នុងទឹកនោមអំឡុងពេលមានផ្ទៃពោះ។

-ការប្រតិបត្តិខ្លួនដើម្បីបន្ថយហានិភ័យនៃការកើតជំងឺទឹកនោមផ្អែម អំឡុង ពេលមានផ្ទៃពោះ ៖

  • កំណត់បរិមាណអាហារឱ្យសមស្រប បន្ថយចំណែកការបូអ៊ីដ្រាត និង បង្កើនប្រូតេអ៊ីន គួរបានថាមពលពីអាហារប្រមាណ៣០គីឡូកាឡូរី ចំពោះទម្ងន់ ខ្លួនមួយគីឡូក្នុងមួយថ្ងៃ។
  • គ្រប់គ្រងនំផ្អែម បង្អែម និងម្សៅ រក្សាទម្ងន់ខ្លួនកើនតាមអំឡុងពេល មានផ្ទៃពោះ ប្រមាណ ៩-១២គីឡូក្រាម។
  • ប្រយ័ត្នប្រយែង ដោយការពិនិត្យជាតិស្ករក្នុងទឹកនោមគ្រប់ពេលដែល ទៅពិនិត្យផ្ទៃពោះ។

-ថែទាំខ្លួនដូចម្តេចពេលកើតទឹកនោមផ្អែម?

  • អំឡុងពេលមានផ្ទៃពោះ ៖ នៅពេលមានទឹកនោមផ្អែមអំឡុងពេលមានផ្ទៃពោះ គ្រូពេទ្យតែងព្យាបាលដោយឱសថប្រភេទចាក់អ៊ីនស៊ូលីន ដើម្បីគ្រប់- គ្រងកម្រិតជាតិស្ករក្នុងឈាមឱ្យសមស្រប។ អ្នកជំងឺត្រូវធ្វើការពិនិត្យជាតិស្ករ ដោយជោះឈាមចុងម្រាមដៃដោយខ្លួនឯងមួយថ្ងៃច្រើនដង ដើម្បីប្តូរឱសថ ចាក់ទាំងនោះ ផ្តោតលើការរាប់ចំនួនកូនរើឱ្យច្បាស់ ដោយសារទារកអាចស្លាប់ ក្នុងផ្ទៃ ដោយមិនដឹងមូលហេតុ។
  • អំឡុងពេលឈឺពោះសម្រាល ៖ អាចត្រូវពិនិត្យឈាម តាមដានកម្រិត ជាតិស្ករយ៉ាងល្អិតល្អន់រាល់ម៉ោង។ អ្នកជំងឺ អាចសម្រាលតាមទ្វារមាសបាន នៅពេលអាយុគភ៌សមស្រប អាចវះកាត់សម្រាលនៅពេលមានការសម្រាល ធម្មជាតិមានដំណើរការយឺត ទារកមិនបង្វែរក្បាលជាដើម។
  • ក្រោយសម្រាល ៖ គ្រូពេទ្យនឹងប៉ាន់ស្មានទារកម្តងទៀត។ ប្រសិនមានការ ពិនិត្យឈាម វាស់កម្រិតជាតិស្ករក្នុងឈាមទាប អាចត្រូវដាក់សេរ៉ូម តាម- សរសៃឈាមរួចសង្កេតភាវៈលឿន និងតាមដានកម្រិតសារធាតុរ៉ែក្នុងឈាម បន្តទៀត។ ករណីទារកប្រក្រតីល្អ គ្រូពេទ្យណែនាំឱ្យបៅទឹកដោះម្តាយ ព្រោះ ភាវៈទឹកនោមផ្អែម មិនមានផលប៉ះពាល់ចំពោះបរិមាណ និងគុណភាពរបស់ ទឹកដោះឡើយ ទើបអាចឱ្យទារកបៅដោះម្តាយបានតាមធម្មតា ដើម្បីការ អភិវឌ្ឍរបស់កូនសមតាមវ័យ ៕

 

RELATED ARTICLES