កំពង់ធំ៖ គ្រួសារកូនបំណុលរបស់ធនាគារអាស៊ីវឌ្ឍនៈចំកាត់ (ABA) នៅភូមិត្រស់ ឃុំបល្ល័ង្ក ស្រុកបារាយណ៍ ខេត្តកំពង់ធំ កំពុងភ័យខ្លាចរងការលក់ឡៃឡុងផ្ទះរបស់ខ្លួន ព្រោះខ្លួនជាកូនបំណុលមិនបានបង់ប្រាក់ប្រចាំខែឲ្យបានទៀងទាត់ តាមកិច្ចសន្យារបស់ធនាគារ ABA សាខាស្រុកបារាយណ៍។
លោកពូថោង ឡូញ និងមីងកែ សេងហន ជាគ្រួសារកូនបំណុលរបស់ធនាគារអាស៊ីវឌ្ឍនៈ ដែលបានខ្ចីលុយចងការធនាគារ ABA ចំនួនសរុប២៨០០០$ (២ម៉ឺនប្រាំបីពាន់ដុល្លារអាមេរិក) ដោយបានសន្យាបង់រំលស់ជាប្រចាំខែ ក្នុង១ខែៗ មានទឹកប្រាក់ចំនួន៧០០$ ហើយមានរយៈពេល៦ឆ្នាំទើបចប់ តែមកដល់ដើមខែឧសភា ឆ្នាំ២០១៧នេះ គ្រួសារគាត់បានបង់ប្រាក់ប្រចាំខែចំនួន១២ខែហើយ ចំណែកប្រាក់ត្រូវបង់ប្រចាំខែឧសភានេះ ពួកគាត់មិនទាន់មានប្រាក់ទេ! ព្រោះគ្រួសាររបស់គាត់ធ្លាក់ខ្លួនឈឺ ហើយមុខរបរគាត់រាល់ថ្ងៃ គឺលក់ទឹកកកនៅផ្ទះសម្រាប់ចិញ្ចឹមជីវិត។
គ្រួសារកូនបំណុលនេះ បានបន្តថា ប្រាក់ដែលគាត់បានខ្ចីធនាគារ ចំនួន២៨០០០$នេះ គឺគាត់បានយកសង់ផ្ទះសម្រាប់បង្កើតដេប៉ូលក់ទឹកកកបោះដុំនិងលក់រាយ តែចូលមកដល់ខែវស្សា ទឹកកកលក់មិនសូវដាច់សោះ ជាហេតុផលធ្វើឲ្យគាត់រកប្រាក់ពុំសូវបាន ទើបបណ្តាលឲ្យខកខានដល់ការបង់លុយប្រចាំខែ ដោយសារតែភាពយឺតយ៉ាវនេះហើយ ទើបខាងធនាគារ ABA បានចេញលិខិត១ច្បាប់ ឲ្យគ្រួសាររបស់គាត់យកប្រាក់ប្រចាំឧសភា ទៅបង់ឲ្យធនាគារ នៅត្រឹមរសៀលថ្ងៃទី៩ ខែមិថុនា បើពុំដូច្នេះទេ ធនាគារនឹងអនុវត្តទៅតាមច្បាប់។
ជាមួយគ្នានេះ មីងកែ សេងហន ជាគ្រួសារកូនបំណុលបានសូមសំណូមពរដល់ធនាគារថា សូមឲ្យពន្យាពេលដល់គាត់ចំនួន៥ខែ ដើម្បីលក់ផ្ទះរបស់គាត់ ទំហំ៤.៥មx១២ម តម្លៃ៤៥០០០$ ហើយរយៈពេល៥ខែ គាត់សុំបង់តែការប្រាក់ បើផុតរយៈពេលនេះ គាត់ព្រមប្រគល់ឲ្យតែម្តង។
លោកឌុល វិចិត្រ ប្រធានសាខាធនាគារស្រុកបារាយណ៏ បានប្រាប់អ្នកយកព័ត៌មានថា រឿងចេញលិខិតនេះ គឺមិនមែនលិខិតសម្រេចលក់ឡៃឡុងផ្ទះទេ គឺគ្រាន់តែជាលិខិតជូនដំណឹងឲ្យកូន បំណុលត្រូវយកប្រាក់ទៅបង់ ព្រោះគាត់បានហួសការកំណត់បង់ប្រាក់២០ថ្ងៃ ហើយសេចក្តីជូនដំណឹងលើកទី២ មានអាជ្ញាធរចូលរួមចុះវាយតម្លៃ និងលើកទី៣ មានមេធាវីរបស់ធនាគារនិងស្ថាប័នតុលាការ ទើបអាចសម្រចបាន ហើយភាគីធនាគារចង់ឲ្យកូនបំណុលនិយាយលក្ខខណ្ឌណាមួយឲ្យបានលាស់ ដើម្បីខាងធនាគារឆ្លងយោបល់ទៅថ្នាក់លើជួយបន្ធូរបន្ថយដល់កូនបំណុល៕