Tuesday, January 21, 2025
Homeព័ត៌មានជាតិរថយន្តចំនួន៥គ្រឿងបើកបុកបន្តកន្ទុយគ្នា លើកំណាត់ផ្លូវជាតិលេខ៤

រថយន្តចំនួន៥គ្រឿងបើកបុកបន្តកន្ទុយគ្នា លើកំណាត់ផ្លូវជាតិលេខ៤

ភ្នំពេញ ៖ រថយន្តចំនួន៥គ្រឿង បើកបុកបន្តកន្ទុយគ្នា ខណៈដែលរថយន្តទី១ បើកខាងមុខគេហ្វ្រាំងបង្អន់ល្បឿន ពេលដែលមានម៉ូតូឆ្លងផ្លូវ ទើបធ្វើឲ្យរថយន្តបើកតាមពីក្រោយ ប្រកៀកប្រកិតធ្វេសប្រហែសជ្រុលទៅបុកជាបន្តបន្ទាន់ រងការខូចខាត សំណាងល្អគ្មានអ្នករងរបួស កាលពីវេលាម៉ោង៧និង២០នាទីព្រឹក ថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០១៧ ស្ថិតនៅលើកំណាត់ផ្លូវជាតិលេខ៤ មុខផ្សារពិភពថ្មីកំបូល ភូមិផ្សារកំបូល សង្កាត់កំបូល ខណ្ឌពោធិ៍សែនជ័យ ។

រថយន្តជួបហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ទាំង៥គ្រឿង រថយន្តទី១ ម៉ាករ៉េវហ្វរ ពណ៌ស្ករ ពាក់ស្លាកលេខ ភ្នំពេញ2V-5983  ទី២ រថយន្តម៉ាកកូរ៉ូឡា ពណ៌ស្ករ ពាក់ស្លាកលេខ  ភ្នំពេញ 2J-3510 ទី៣ រថយន្តម៉ាកហ្វររ៉េនន័រ  ពណ៌ស្ករ ពាក់ស្លាកលេខ ភ្នំពេញ 2H-9674  ទី៤ រថយន្តម៉ាកកូរ៉េ ហុីយ៉ាន់ដាយទ្រុង ចំណុះ១តោន ពណ៌ខៀវ ពាក់ស្លាកលេខ ភ្នំពេញ 2F-7257  ទី៥ រថយន្តម៉ាក CRV ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2C-9929 ។

តាមប្រភពនៅកន្លែងកើតហេតុ បានឲ្យដឹងថា រថយន្តទាំង៥គ្រឿង បើកបន្តកន្ទុយគ្នាលើកំណាត់ផ្លូវជាតិលេខ៤ ពីលិចទៅកើត លុះរថយន្តទី១ ដែលបើកខាងមុខគេ ហ្វ្រាំងបង្អង់ល្បឿនដោយសារមានម៉ូតូបើកឆ្លងកាត់ ស្រាប់តែរថយន្តបន្ទាប់ជ្រុលទៅបុកពីក្រោយ ទើបរថយន្តខាងក្រោយៗទៀត បុកជាបន្តបន្ទាប់ សរុបរថយន្តចំនួន៥គ្រឿង រងការខូតខាត ក្នុងនោះមានតែរថយន្តទី១ទេ ដែលខូចខាតតិចជាងគេ ។

ក្រោយកើតហេតុ នគរបាលចុះទៅអន្តរាគមន៍ សម្រួលចរាចរណ៍ ហើយភាគីទាំង៥ សម្របសម្រួលគ្នា ទីបំផុត ឯកភាពគ្នា បើកចេញរៀងខ្លួន ជួសជុលដោយខ្លួនឯង គ្មានអ្នកណាសងអ្នកណា ជាការបញ្ចប់រឿងនៅកន្លែងកើតហេតុ ៕

RELATED ARTICLES