ភ្នំពេញ ៖ បុរសជនជាតិចិន២នាក់ បើករថយន្តដេញតាមឃាត់រថយន្តស្រ្តី២នាក់ ចោទពីបទ រំលោភលើទំនុកចិត្ត បង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១និង៣០នាទីរសៀល ថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៧ នៅចំណុចផ្លូវព្រះមុនីរ៉េត ស្ថិតនៅភូមិ៤ សង្កាត់ទំនប់ទឹក ខណ្ឌចំការមន ។
ប្រភពព័ត៌មានពីនគរបាលការិយាល័យចរាចរណ៍ផ្លូវគោក ដែលឈរជើងនៅស្តុបផ្សារដើមគបានប្រាប់អ្នកយកព័ត៌មានថា មុនពេលកើតហេតុ មានបុរសជនជាតិចិនម្នាក់ បើករថយន្តម៉ាក CRV ពណ៌ខៀវ ពាក់ស្លាកលេខភ្នំពេញ២B-៣២៧៥ បានប្រទះឃើញរថយន្តម៉ាក morning ពណ៍ផ្ទៃមេឃ ពាក់ស្លាកលេខភ្នំពេញ២AB-៣២៣១ ជិះដោយស្រ្តី២នាក់ តាំងពីផ្លូវវេងស្រេង រហូតមកដល់ស្តុបផ្សារដើមគរ ទើបបើកកៀរឃាត់ជាប់ ដើម្បីហៅឈប់ដោះស្រាយគ្នាសិន គ្រាន់តែបុរសជនជាតិចិន និយាយខ្មែរ បានមួយម៉ាត់ៗថា ជំពាក់លុយគាត់ជិត៥ម៉ឺនដុល្លារសហរដ្ឋអាមេរិក ភ្លាមៗនោះ នគរបាលចរាចរណ៍បានទាក់ទងទៅជំនាញនគរបាលខណ្ឌចំការមន ផ្នែកព្រហ្មទណ្ឌ ដើម្បីមកដោះស្រាយ ដោយខ្លាចមានបញ្ហាបង្ករបួសស្នាម ។
ចំណែកបុរសជនជាតិចិន មានឈ្មោះ លី សិនលីន (Ly Sen ling) បានប្រាប់សមត្ថកិច្ចថា ឃាត់ម្ចាស់រថយន្តម៉ាក morning ដោយសារជំពាក់លុយគាត់ជិត៥ម៉ឺនដុល្លារសហរដ្ឋអាមេរិក គាត់បានប្ដឹងដល់សាលាដំបូងរាជធានីភ្នំពេញ និងមានដីកានាំខ្លួន។
លោក កែវ វ៉ាន្នី ជាគណ:មេធាវីបានប្រាប់អ្នកយកព័ត៌មានថា គាត់ជាអ្នកការពារក្ដីរបស់
ភាគីខាងស្រ្តីជិះរថយន្តម៉ាក morning ពណ៍ផ្ទៃមេឃ ពាក់ស្លាកលេខភ្នំពេញ២AB-៣២៣១ មានឈ្មោះ ស៊ុំ ស្រីធំ ហៅសុភា ភេទស្រី ស្នាក់នៅផ្ទះលេខ២០B ផ្លូវសឡា ភូមិចោមចៅ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ដែលប្ដឹងចោទកូនក្ដីរបស់គាត់ថា រំលោភលើទំនុកចិត្ត តាមពាក្យបណ្ដឹងចុះថ្ងៃទី០១ ខែ មីនា ឆ្នាំ២០១៧ ពាក់ព័ន្ធករណីថាកូនក្ដីជំពាក់លុយជិត៥ម៉ឺនដុល្លារ ការពិតកូនក្ដីគាត់បានជួលផ្ទះឲ្យបុរសជនជាតិកូរ៉េ ហើយគាត់ធ្វើការជាមួយជនជាតិកូរ៉េ ហើយបុរសជនជាតិកូរ៉េនោះ មិនដឹងថា ជំពាក់លុយបុរសជនជាតិចិន យ៉ាងម៉េច ឬរកស៊ីទិញអំបោះពីបុរសជនជាតិចិន ជាមួយគ្នាយ៉ាងម៉េច ខាតចំណេញទេ ហើយបុរសជនជាតិកូរ៉េ រត់គេចខ្លួនបាត់ ស្រាប់តែបុរសជនជាតិចិន រកមិនឃើញជនជាតិកូរ៉េ ក៏ទៅប្ដឹងកូនក្ដីគាត់ថាជាប្រពន្ធរបស់ជនជាតិកូរ៉េ ជាអ្នកសងជំនួសប្តី ទាំងកូនក្ដីគាត់គ្រាន់តែជាអ្នកជួលផ្ទះឲ្យគេទេ មិនមែនជាប្ដីប្រពន្ធទេ ហើយបុរសជនជាតិកូរ៉េជួលផ្ទះឲ្យលុយថ្លៃជួលមិនទាន់គ្រប់ផង។
បន្ទាប់ពីជនជាតិចិន ឃាត់រថយន្តស្រ្តី២នាក់ ហើយដោយមានតំណាងមេធាវីរបស់ស្រ្តីខាងលើធ្វើការសម្របសម្រួលជិត៣ម៉ោង ទើបយល់ព្រមឲ្យស្រ្តីជាកូនក្តីបើករថយន្តចេញទៅ រង់ចាំជួបគ្នានៅតុលាការ ៕