ភ្នំពេញ ៖ បុរសម្នាក់ជិះម៉ូតូ PCX មួយគ្រឿង បោះពួយយ៉ាងលឿន បម្រុងបត់ឆ្វេង តែបត់មិនទាន់ ដួលអូសជាង២០ម៉ែត្រ ទៅបុករបងផ្ទះ និងបង្គោលស្លាកសញ្ញាចរាចរណ៍ បណ្តាលឲ្យរងរបួសធ្ងន់ពេលបញ្ជូនទៅដល់មន្ទីរពេទ្យកាល់ម៉ែត បានស្លាប់ ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង១១និង១០នាទីយប់ ថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៧ ត្រង់ចំណុចផ្លូវ២៩១ កែងនិងផ្លូវ៥៤០ ស្ថិតក្នុងសង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញបុរសម្នាក់ជិះម៉ូតូមួយគ្រឿង ម៉ាកហុងដា PCX ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ ១GG-៦៦៩៦ ធ្វើដំណើរតាមបណ្តោយផ្លូវ២៩១ ក្នុងល្បឿនលឿនបោះពួយពីទិសខាងត្បូងទៅជើង លុះមកដល់ចំណុចកើតហេតុ បម្រុងបត់ឆ្វេងទៅផ្លូវ៥៤០ តែដោយសារជិះលឿនពេក បត់មិនទាន់ បណ្តាលឲ្យដួលអូសជាង២០ម៉ែត្រ ទៅបុករបងផ្ទះលេខ១៣E២ តាមបណ្តោយផ្លូវ២៩១ រងការខូចខាតបន្តិចបន្តួច តែម៉ូតូមិនទាន់អស់ល្បឿន ក៏ជ្រុលទៅបុកបង្គោលស្លាកសញ្ញាចរាចរណ៍ បណ្តាលឲ្យបាក់រាបដល់ដី រីឯម៉ូតូរងការខូចខាតផ្នែកខាងមុខយ៉ាងដំណំ ចំណែកឯអ្នកបើកបររងរបួស យ៉ាងធ្ងន់ធ្ងរ ភ្លាមៗនោះ អ្នកបើកម៉ូតូត្រូវបានរថយន្តសាមុយដឹកបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យកាល់ម៉ែត្រ តែជាអកុសល ខណៈពេលដឹកទៅដល់មន្ទីពេទ្យ បុរសរងគ្រោះបានស្លាប់ទៅហើយ។
ក្រោយពេលកើតហេតុសមត្ថកិច្ចមូលដ្ឋាន បានចុះទៅដល់កន្លែងកើតហេតុ និងបានឆែកឆេរក្នុងកែបម៉ូតូ តែឃើញអត្តសញ្ញាណប័ណ្ណមួយសន្លឹក មានឈ្មោះឈ្មោះ ម៉ូ រតនា ភេទប្រុស អាយុ៣៤ឆ្នាំ ស្នាក់នៅផ្ទះលេខ១០៩BE០ ផ្លូវលេខ២១៤ ភូមិ៧ សង្កាត់បឹងព្រលឹត ខណ្ឌ៧មករា មានវិទ្យុទាក់ទងមួយគ្រឿង ID និងឯកសណ្ឋានមន្ត្រីយោធា ២កំប្លេ ។ សមត្ថកិច្ចមូលដ្ឋានទាក់ទងហៅសមត្ថកិច្ចជំនាញចរាចរណ៍រាជធានី ឲ្យមកវាស់វែង យកម៉ូតូទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញ ។ ដោយឡែកសពបុរសរងគ្រោះត្រូវបានតម្កល់ទុកនៅមន្ទីរពេទ្យកាល់ម៉ែត ដើម្បីរង់ចាំសាច់ញាតិមកយកទៅធ្វើបុណ្យទៅតាមប្រពៃណី៕