ភ្នំពេញ ៖ ប្រពន្ធមានផ្ទៃពោះ៥ខែ ប្តីដឹកប្រពន្ធទៅអង្គុយលេងស្រូបយកខ្យល់អាកាសបរិសុទ្ធ នៅមាត់ទន្លេ ស្រាប់តែមានបុរសម្នាក់ទូរស័ព្ទចូលមកទូរស័ព្ទរបស់ប្រពន្ធ ហើយប្តីលើក សួរថាត្រូវជាអ្វី ស្រាប់តែបុរសដែលទូរស័ព្ទចូលមកនោះ ប្រាប់ថា ត្រូវជាប្តី ធ្វើឲ្យបុរសជាប្តីផ្ទុះកំហឹង យកកូនសោម៉ូតូចាក់ក្បាលប្រពន្ធ និងវាយរហូតបែកក្បាល បង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១០និង៣០នាទីយប់ ថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៧ តាមបណ្តោយផ្លូវព្រះស៊ីសុវត្ថិ នៅចំណុចមាត់ទន្លេ ស្ថិតនៅក្នុងសង្កាត់ផ្សារកណ្តាល១ ខណ្ឌដូនពេញ។
តាមសម្តីស្រ្តីជាជនរងគ្រោះ មានឈ្មោះ សេក លាវ អាយុ៣០ឆ្នាំ មុខរបរជាអ្នកលក់បន្លែ នៅផ្សារកណ្តាល ស្នាក់នៅសង្កាត់ផ្សារដើមគ ខណ្ឌទួលគោក បានរៀបរាប់ប្រាប់ឲ្យដឹងថា មុនពេលកើតហេតុ គាត់ជាមួយប្តីរបស់គាត់បានស្រលាញ់គ្នាអស់រយៈពេល១០ឆ្នាំមកហើយ ក្រោយចំណងដៃអាពាហ៍ពិពាហ៍បន្សល់បានកូន៣នាក់ និងមានផ្ទៃពោះ៥ខែទៀត ។ ជារៀងរាល់ថ្ងៃ ប្តីរបស់គាត់តែងតែរករឿង ហើយវាយគាត់រហូត នៅថ្ងៃកើតហេតុ គាត់និងប្តីបានជិះ
ម៉ូតូទៅអង្គុយលេងនៅមាត់ទន្លេ បានមួយសន្ទុះ ក្រោយមកមានបុរសម្នាក់បានទូរស័ព្ទចូលមកទូរស័ព្ទគាត់ ហើយប្តីរបស់គាត់ជាអ្នកលើកទូរស័ព្ទ ឮសំឡេងមនុស្សប្រុសនិយាយ ប្តីរបស់គាត់បានសួរថា ត្រូវអីជាមួយប្រពន្ធគាត់ ស្រាប់តែបុរសដែលទូរស័ព្ទមកប្រាប់ថា ត្រូវជាប្តី ភ្លាមៗនោះបុរសជាប្តីបានបិទទូរស័ព្ទ ហើយសួរប្រពន្ធថា មានសហាយផង គាត់ប្រាប់ថា អត់មានទេ កាលពីល្ងាច គាត់បានយកទូរស័ព្ទទៅធ្វើ ហើយជាងជួសជុលទូរស័ព្ទបានទូរស័ព្ទចូលលេខរបស់គាត់សាកមើល ហើយគាត់ច្រឡំលេខ តែប្តីមិនជឿ ទប់កំហឹងមិនបាន ក៏យកសោម៉ូតូចាក់ក្បាលស្ត្រីរងគ្រោះជាប្រពន្ធ និងវ៉ៃបណ្តាលឲ្យបែកក្បាល ធ្វើឲ្យប្រពន្ធស្រែកយំផ្អើលពេញលើសួនមាត់ទន្លេ ក៏ត្រូវសមត្ថកិច្ចចុះទៅដល់កន្លែងកើតហេតុ ជួយសម្រប់សម្រួលកុំឲ្យអំពើហិង្សាជាបន្តទៀត។
ក្រោយពេលកើតហេតុសមត្ថកិច្ចមកជួយសម្របសម្រួលសួរនាំស្រ្តីរងគ្រោះ ចង់ដាក់ពាក្យ បណ្តឹងឬទេ? តែស្រ្តីជាប្រពន្ធបានប្រាប់ថា គាត់មិនប្តឹងដាក់ពន្ធនាគារទេ គឺគាត់ចង់ប្តឹងលែង លះ លុះពេលសមត្ថកិច្ចសួរនាំចុះឡើងបានមួយសន្ទុះ ស្រាប់តែពីរនាក់ប្តីប្រពន្ធបានជិះម៉ូតូឌុបគ្នាត្រឡប់ទៅផ្ទះបាត់ទៅ ៕