ល្បីៗភ្លាមៗ ក្នុងពេលមួយប៉ប្រិចភ្នែក នៅពេលស្រីស្អាត បៃហ្វឺន អាន់ឆៈ មានឱកាសឡើងគ្រែជាមួយតារាឯកប្រុសសម្បូរស្នេហ៍ ប៉ង ណៈវ៉ាត់ ហើយឱបរឹតថើប ញញាក់គ្នាក្នុងរឿង“កំណាត់ហេតុស្នេហា” រហូតដល់ស្រីៗ ទ្រលាន់ លាន់មាត់ថា ឆាកស្នេហ៍នោះគួរឱ្យស្អប់ខ្ពើមណាស់…។
សម្រាប់ បៃហ្វឺន បើទោះជាមានការរិះគន់ជេរស្តីនាង បែរជាចាត់ទុកថា ប្រតិកម្មរបស់ទស្សនិកជនបង្ហាញថា នាងសម្តែងឆាកនេះសម។
បៃហ្វឺន និយាយថា “បានផលល្អណាស់ មានអ្នកជេរស្តីរិះគន់ច្រើន។ រីករាយ ណាស់ដែលអាចធ្វើឱ្យទស្សនិកជនអណ្តែតអណ្តូងតាមសាច់រឿង។ ឃើញដូច្នេះ ហើយលែងនឿយហត់តែម្តង។ ពេលនេះខ្ញុំតាមមើល តាមដានប្រតិកម្មអស់នេះជានិច្ច ទាំងនៅក្នុង Facebook, Twitter, Instagram។ គេស្លុងតាមការសម្តែងគេជេរ។ គេមិនបានជេរ បៃហ្វឺន ទេ គឺគេជេរម៉ាយ (តួក្នុងរឿង) គេថា គួរឱ្យរអើម គួរឱ្យចង់ទះអីជាដើម។ ខ្ញុំមានអារម្មណ៍ថា សប្បាយចិត្តណាស់”។
បៃហ្វឺន ចាត់ទុកកំហឹងរបស់ទស្សនិកជនលើតួរងម៉ាយថា ជាជោគជ័យរបស់នាង ក្នុងការសម្តែង។ ប៉ុន្តែការសម្តែងនេះ ក៏មានឥទ្ធិពលមកដល់ជីវិតពិតរបស់នាងដែរ ព្រោះមានអ្នកវិភាគថា នាងអាចសម្តែងសមឥតខ្មាសអៀនបែបនេះ ក៏ព្រោះតែនាង និងលោក ប៉ង ធ្លាប់សមឆាកឈុតបែបនេះក្នុងជីវិតពិតមកហើយ។
បៃហ្វឺន និយាយពីបញ្ហា នេះថា “ការពិត គេ (ទស្សនិកជន) គួរតែបែងចែកឱ្យដាច់រវាងការសម្តែង និងជីវិតពិត ព្រោះបងប៉ង គាត់សម្តែងច្រើនមកហើយ។ ដូច្នោះគាត់ដឹងច្បាស់ថា ត្រូវលេងដូចម្តេច មិនចាំបាច់ទាល់តែមានអីៗជាមួយនាងនៅខាងក្រៅ ទើបអាចសម្តែងសមឡើយ។
ទោះជាយ៉ាងណា អ្នកខ្លះយល់ថា ជួនកាលអាចមកពីកិត្តិសព្ទ ព្រាននារីរបស់លោក ប៉ង រួមផ្សំនឹងការសម្តែងដ៏រោលរាលផង ទើបនាំឱ្យមានការយល់ច្រឡំថា អ្នកទាំងពីរមិនត្រឹមតែមានទំនាក់ទំនងលើគ្រែក្នុងសាច់រឿងទេ គឺមាននៅក្រៅឆាកផងដែរ៕