ពេជ្រ សោភា ដែលកំពុងតែមានសន្ទុះខ្លាំងឡើងវិញ នូវអាជីពចម្រៀងរបស់នាងនោះ ត្រូវបានផលិតកម្មរស្មីហង្សមាស រុញឱ្យនាងទៅថតកុនថ្មីរបស់ប៉ុស្តិ៍ហង្សមាស វិញម្តង តាមរយៈរឿង “បិសាចគួរឱ្យស្រលាញ់” តែសោភា មិនមែនជាតួអង្គឯកក្នុងរឿងភាគខ្នាតធំនោះឡើយ បែរជាទៅជាធ្លាក់កូដធ្វើជាតួម្តាយគេទៅវិញ ខណៈដែលរ៉េត ស៊ូហ្សាណា និង Step គឺជាតួឯកស្រីប្រុស។
តាមប្រភពថា សោភា មិនសប្បាយចិត្តនឹងតំណែងជាតួម្តាយនេះឡើយ តែមិនដឹងជាធ្វើយ៉ាងម៉េច ដោយសារតែមិនអាចប្រកែករួច ព្រោះតែក្រុមអ្នកគាំទ្រ (Fan) នាងជាច្រើនបានឱ្យដំបូន្មានសោភា ថា នៅពេលដែលរឿងនោះដាក់បញ្ចាំងនោះ នាងនឹងអាចធ្លាក់កូដវិញ ហើយច្បាស់ណាស់ថា សម្រាប់រឿងថ្មីក្រោយៗទៀត របស់ហង្សមាស ច្បាស់ជាសោភា គ្រងតំណែងជាតួ “ម៉ែ” រហូតជាមិនខាន…។
ក្នុងជំនួបតាមទូរស័ព្ទ កាលពីពលេថ្មីៗនេះ តារាចម្រៀងពេជ្រ សោភា បានអះអាងថា នាងគ្មានអ្វីត្រូវអាក់អន់ស្រពន់ចិត្តជាមួយផលិតកម្មរស្មីហង្សមាស ឡើយ ហើយសម្រាប់ការថតរឿងថ្មីៗទៀត លើកក្រោយក៏នាងពេញចិត្តធ្វើតួដែលហង្សមាស ដាក់ឱ្យដែរ ដោយមិនមានការតវ៉ាឡើយ។
សោភា និយាយថា “យី! ខឹងគេឱ្យលេងតួម៉ែម៉េច? ខ្ញុំមិនគិតអីចឹងទេ ព្រោះតួម្តាយដែលខ្ញុំលេងនេះជាតួម្តាយកាលីប តួម្តាយសំខាន់ម្នាក់ ជាឆ្អឹងរឿងតែម្តង បើគ្មានតួខ្ញុំទេ រឿងហ្នឹងក៏មិនមានសាច់រឿងដែរចា៎! ខ្ញុំឆ្នាំនេះបើមិនច្រឡំទេ គឺអាយុជាង៣០ឆ្នាំហើយ អីចឹងតើនៅចង់បានតំណែងជាតួឯកអីទៀតទៅ ទុកឱ្យក្មេងៗចុះ។ សម្រាប់រឿងក្រោយៗ បើហង្សមាស ឱ្យហើយយកខ្ញុំជាតួម្តាយទៀត ក៏ខ្ញុំព្រមសម្តែងដែរ និយាយទៅ យើងធ្វើអ្វីទៅតាមក្រុមហ៊ុនដាក់ឱ្យ មិនប្រឆាំងជាមួយផលិតកម្មអីផង”។
ពេជ្រ សោភា ឱ្យដឹងថា ក្នុងរឿង “បិសាចគួរឱ្យស្រលាញ់” ពិតជាមានសង្សារនាង លោកឆឹម សក្កដា សម្តែងក្នុងរឿងនោះមែន តែគ្មានឈុតណាដែលនាងត្រូវឱបថើបគ្នាជាមួយសក្កដា ឡើយ ហើយបើទោះជាអាជីពភាពយន្តជាលើកទី១មែន សម្រាប់នាង តែគ្មានឧបសគ្គក្នុងការថតឡើយ ប៉ុន្តែ នាពេលអនាគត នាងគ្មានបំណងបោះបង់អាជីពសម្តែងចោល ដោយមកចាប់អាជីពថតកុនឡើយ តែអ្វីដែលនាងពេញចិត្តនាពេលនេះ គឺហង្សមាស បានដាក់តួឱ្យនាងលេង គឺដូចជីវិតពិតរបស់នាងនៅក្រៅឆាកអីចឹង។
តារាចម្រៀងក្លាយជាតារាសម្តែងរូបនេះ បានថ្លែងថា “ឈុតទាំងអស់ដែលខ្ញុំថតហ្នឹង ដូចជាមិនមានការលំបាកអីទេ ព្រោះដូចដឹងហើយថា ខ្ញុំធ្លាប់ថតសម្តែង MV ឱ្យហង្សមាស ច្រើនណាស់ អីចឹងពេលថតរឿងហ្នឹង មានតែពេលខ្លះ ខ្ញុំបានប្រាប់តារាថ្មីៗខ្លះផង តែខ្ញុំជាអ្នកចម្រៀងអាជីពម្នាក់ ការថតភាពយន្តនេះ ខ្ញុំមិនចង់ថា ដើម្បីឱ្យខ្លួនឯងកាន់តែល្បីទៀតអី គឺអត់មានទេ តែខ្ញុំធ្វើតាមក្រុមហ‘នុដាក់ឱ្យប៉ុណ្ណោះ ហើយខ្ញុំមិនអាចចោលអាជីពចម្រៀងទៅចាប់អាជីពថតកុននោះទេ គឺនៅតែផ្តោតសំខាន់លើការច្រៀងអីចឹង។ សម្រាប់រឿងដែលខ្ញុំថតនេះ គឺចង់ប្រាប់ថា ខ្ញុំពេញចិត្តខ្លាំងណាស់ ព្រោះសាច់រឿងសឹងតែដូចរឿងខ្ញុំមែនទែនអីចឹង។ រឿងហ្នឹង ខ្ញុំយំរហូត សឹងតែខ្សោះខ្លួនអស់ទៅហើយ ហើយខ្ញុំគិតថា អ្នកទស្សនាប្រាកដជាខឹងស្អប់ខ្ញុំខ្លាំងណាស់ ពេលដែលគាត់ទស្សនាដំបូង ឬត្រឹមពាក់កណ្តាលរឿង ព្រោះសាច់រឿង គេចោទប្រកាន់ខ្ញុំ មួលបង្កាច់គ្រប់បែបយ៉ាង ពិសពុលណាស់ និយាយទៅឈឺចាប់យ៉ាងសាហាវតែម្តង។ ខ្ញុំមានវិបត្តិផ្លូវចិត្ត តស៊ូច្រើនរឿងហ្នឹង ហើយនៅពេលដែលអ្នកទស្សនាបានផុតពាក់កណ្តាលរឿងបន្តិច ទើបពួកគាត់ចាប់ផ្តើមអាណិតខ្ញុំវិញថា ខ្ញុំជាមនុស្សយ៉ាងម៉េច តែទម្រាំតែគេដឹងនោះ គឺខ្ញុំឈឺចាប់រាប់សិបដងទៅហើយ”។
តាមរយៈការថតរឿង “បិសាចគួរឱ្យស្រលាញ់” នេះ ពេជ្រ សោភា បានសណ្តោងប្រុសក្មេងឆឹម សក្កដា ឱ្យសម្តែងជាតួអង្គសំខាន់ជាមួយនាង ដែរ ហើយបើទោះជាសោភា ថា ផ្ទៃរឿងទាំងមូល នាងគ្មានតម្រូវឱ្យសម្តែង ជាឈុតស្នេហាជាមួយសក្កដា តែគេជឿថា ទំនាក់ទំនងអ្នកទាំង២ នឹងកាន់តែ ស្អិតល្មួតថែមទៀតជាមិនខាន ថ្វីត្បិតតែកន្លងមក សោភា រងការរិះគន់ថា នាងនិងសក្កដា លេងឆាកល្ខោនស្នេហាក្លែងក្លាយ ដើម្បីឱ្យសក្កដា បានល្បី ឈ្មោះក៏ដោយ តែពួកគេទាំង២មិនខ្វល់ឡើយ៕