ភ្នំពេញ៖ ជនសង្ស័យម្នាក់បានជិះម៉ូតូមួយគ្រឿង ទៅចូលលួចទូរស័ព្ទដៃ២គ្រឿង ដែលគេទុកនៅ តុការិយាល័យធ្វើការ ធ្វើឲ្យម្ចាស់គេឃើញទាន់ស្រែកឆោឡោ បង្កឲ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ ជួយចាប់ប្រគល់ឲ្យសមត្ថកិច្ចភ្លាមៗ កាលពីវេលាម៉ោង១និង១៥នាទីរសៀល ថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៧ នៅត្រង់ចំណុចក្រុមហ៊ុន NAE ជាក្រុមហ៊ុននាំពលករធ្វើការនៅក្រៅប្រទេស ស្ថិតនៅបុរីសំបួរមាស ស្ថិតក្នុងភូមិសំបួរ សង្កាត់ដង្កោ ខណ្ឌដង្កោ។
ជនសង្ស័យដែលឃាត់ខ្លួនមានឈ្មោះ មាស សុភាព អាយុ៣០ឆ្នាំ មុខរបរកម្មករសំណង់ ស្នាក់នៅសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ស្រុកកំណើតនៅភូមិព្រែកជ្រាង ឃុំពាមរក៍ ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង ជិះម៉ូតូធ្វើសកម្មភាពម៉ាកហុងដាឌ្រីម សេរី២០១៥ ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 1FF-5461 ។ ចំណែកជនរងគ្រោះមានឈ្មោះចែវ សុខលាប ភេស្រីអាយុ៣១ឆ្នាំ មុខរបរបុគ្គលិកក្រុមហ៊ុនខាងលើ ស្នាក់នៅទីកន្លែងកើតហេតុ។
បើតាមសម្ដីស្រ្តីរងគ្រោះខាងលើ បាននិយាយប្រាប់ឲ្យដឹងថា នៅមុនកើតហេតុ រូបគាត់បានទុកទូរស័ព្ទ២គ្រឿង ១គ្រឿងម៉ាកសាំស៊ុង និង១គ្រឿងទៀតម៉ាកអាយហ្វូនហ្វាយ នៅលើតុនៅក្នុងការិយាល័យធ្វើការរួចហើយ ដើរចូលហូបបាយនៅផ្ទះបាយ ស្រាប់តែក្រឡេកឃើញមានជនសង្ស័យម្នាក់ខាងលើ ដើរចូលទីស្នាក់ការ យកទូរស័ព្ឋគាត់២គ្រឿង ដាក់ចូលហោប៉ៅខោ រួចដើរចេញពីបន្ទប់បម្រុងឡើងជិះម៉ូតូ ភ្លាមៗនោះ ជនរងគ្រោះក៏រត់មកខាងក្រៅ ហើយស្រែកថាចោរៗ ទើបបង្កឲ្យមានការភ្ញាក់ផ្អើលដល់បងប្អូនប្រជាពលរដ្ឋជួយស្ទាក់ចាប់បានភ្លាមៗ ក៏ស្វាគមន៍ម្នាក់មួយដៃមួយជើងឡើងទ្រោមខ្លួន ទើបប្រគល់ឲ្យសមត្ថកិច្ចមូលដ្ឋាន។
ក្រោយពីទទួលបានដំណឹងនេះរួច សមត្ថកិច្ចមូលដ្ឋានបានចុះទៅឃាត់ខ្លូន រួមទាំងវត្ថុតាង យកមកប៉ុស្ដិ៍នគរបាលរដ្ឋបាលដង្កោ ដើម្បីសាកសួរ និងកសាងសំណុំរឿងបញ្ចូនបន្តទៅអធិការដ្ឋាននគរបាលខណ្ឌដង្កោ ចាត់ការបន្តតាមនីតិវិធី ៕