Tuesday, April 30, 2024
Homeព័ត៌មានជាតិអាណិកជនខ្មែរ-អូស្ត្រាលី មានជម្ងឺប្រចាំកាយ ស្លាប់តាមផ្លូវពេលក្រុមគ្រួសារដឹកបញ្ជូនទៅមន្ទីរពេទ្យ

អាណិកជនខ្មែរ-អូស្ត្រាលី មានជម្ងឺប្រចាំកាយ ស្លាប់តាមផ្លូវពេលក្រុមគ្រួសារដឹកបញ្ជូនទៅមន្ទីរពេទ្យ

ភ្នំពេញ ៖ បុរសចំណាស់ម្នាក់ ជាអាណិកខ្មែរ​រស់នៅប្រទេសអូស្រ្តាលី បន្ទាប់ពីចូលមកទេសចរណ៍ និងមកលេងប្រពន្ធនៅប្រទេសកម្ពុជា អស់រយៈពេល៣ខែ មានជម្ងឺប្រចាំកាយ បានស្លាប់តាមផ្លូវពេលដែលក្រុមគ្រួសារដឹកតាមម៉ូតូបញ្ជូនទៅមន្ទីរពេទ្យ កាលពីវេលាម៉ោង១១ព្រឹក ថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៧ ស្ថិតនៅតាមផ្លូវ២០១១  មុខផ្សារឈូកមាស ភូមិក្រាំងអង្ក្រង សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ រួចបានដឹកវិលត្រឡប់មកតម្កល់នៅវត្តជម្ពូវ័ន សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ដោយអត់មានឯកសារលិខិតបញ្ជាក់ពីគ្រូពេទ្យ សមត្ថកិច្ច ទើបរាយការណ៍ទៅនគរបាលចុះមកពិនិត្យមើល ។

ជនរងគ្រោះឈ្មោះ ញាញ់ សាវឿន ភេទប្រុស អាយុ៥៦ឆ្នាំ ជាអាណិកជនខ្មែរ-អូស្រ្តាលី កាន់លិខិតឆ្លងដែនលេខ PA10155733 បានចូលមកប្រទេសកម្ពុជា កាលពីថ្ងៃទី១២ ខែមេសា ឆ្នាំ២០១៧ កន្លងមក ជាទេសចរណ៍ និងមកលេងប្រពន្ធផង ។

បើតាមក្រុមគ្រួសារបានឲ្យដឹងថា ជនរងគ្រោះ មានស្រុកកំណើតនៅខេត្តបាត់ដំបង ហើយបានទៅរស់នៅប្រទេសអូស្ត្រាលី នៅឆ្នាំ១៩៨៣  ក្រោយពីលែងលះគ្នាជាមួយប្រពន្ធដើម នៅប្រទេសអូស្រ្តាលី ក៏បានមកយកប្រពន្ធក្រោយម្នាក់ទៀត ឈ្មោះ ស្រី កល្យាណ អាយុ៤៦ឆ្នាំ រស់នៅភូមិព្រៃជីសក់ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ក្នុងអំឡុងឆ្នាំ២០១២  ។

តាមប្រភពពីសាច់ញាតិបានឲ្យដឹងថា ជនរងគ្រោះតាំងពីមកលេងប្រពន្ធនៅប្រទេសកម្ពុជា ស្នាក់នៅផ្ទះរបស់ប្រពន្ធក្រោយនៅភូមិព្រៃជីសាក់ សង្កាត់ចោមចៅ ចេះតែមានជម្ងឺឈឺក្រពះ ពោះវៀន ឈឺឆ្អល់ចុកក្នុងពោះ ធ្លាប់ទៅពេទ្យជារឿយៗ នៅក្នុងខណ្ឌសែនសុខ លុះមកដល់ព្រឹកថ្ងៃទី១៣ ខែមិថុនា នេះ ជនរងគ្រោះមានអាការៈឈឺចុកក្នុងពោះកាន់តែខ្លាំងឡើងៗ រហូតទ្រាំលែងបាន ឲ្យប្រពន្ធ និងប្អូនថ្លៃ ឌុបតាមម៉ូតូ គោលបំណងឆ្ពោះទៅពេទ្យ កន្លែងធ្លាប់ទៅពិគ្រោះព្យាបាលនៅម្តុំវត្តសំរោងអណ្តែត ខណ្ឌសែនសុខ  តែទើបទៅដល់ម្តុំផ្សារឈូកមាស ផ្លូវ២០១១ ស្រាប់តែជនរងគ្រោះបាត់មាត់បាត់ក ដាច់ខ្យល់ស្លាប់បាត់ ទើបដឹកយកមកតម្កល់ទុកនៅវត្តជម្ពូវ័ន សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ វិញ ។

តាមលោកតាអាចារ្យ  បានឲ្យដឹងថា បន្ទាប់ពីក្រុមគ្រួសារដឹកសាកសពមកតម្កល់សុំកន្លែងធ្វើបុណ្យបូជា  តែពុំមានឯកសារបញ្ជាក់ពីគ្រូពេទ្យ ឬសមត្ថកិច្ច ទើបឲ្យក្រុមគ្រួសាររាយការណ៍ទៅនគរបាល ដើម្បីចុះមកពិនិត្យនិងកោសល្យវិច័យជាមុនសិន៕

RELATED ARTICLES