ភ្នំពេញ ៖ បុរសម្នាក់កំពុងតែផឹកស្រា ឃើញគេមកទារលុយប្រពន្ធ កើតក្តីខឹងសម្បាប្រពន្ធជំពាក់លុយ ក៏បានស្ទុះទៅវាយប្រពន្ធ ត្រូវប្រពន្ធតដៃវិញ ផ្ទុះកំហឹងយកទុលវីសចាក់ប្រពន្ធចំនួន៤កន្លែង បណ្តាលអោយរងរបួសធ្ងន់ បង្កឲ្យមានកាភ្ញាក់ផ្អើលកាលពីវេលាម៉ោង៨និង៣០នាទីយប់ ថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៧ ស្ថិតនៅភូមិស្ងួនពេជ្រ សង្កាត់កន្ទោក ខណ្ឌពោធិ៍សែនជ័យ។
ជនរងគ្រោះមានឈ្មោះ សេង ឡង់ឌី ភេទស្រី អាយុ៣០ឆ្នាំ មុខរបរកម្មកររោងចក្រ ស្នាក់នៅភូមិស្ងួនពេជ្រ សង្កាត់កន្ទោក ខណ្ឌពោធិ៍សែនជ័យ មានកូន២នាក់។ ចំណែកជនបង្កជាប្តី មានឈ្មោះ ភឹម វណ្ណចាន់ ភេទប្រុស អាយុ៣៧ឆ្នាំ មុខរបរកម្មកររោងចក្រ រស់នៅជាមួយគ្នា ។
តាមប្រភពព័ត៌មានពីជនរងគ្រោះត្រូវជាប្រពន្ធ បាននិយាយថា ប្តីប្រពន្ធរបស់គាត់បង្កើតបានកូនប្រុសស្រី២នាក់ ដែលកូនបងជាកូនប្រុសអាយុ១០ឆ្នាំ និងកូនស្រីអាយុ៧ឆ្នាំ ជារៀងរាល់ថ្ងៃប្តីរបស់គាត់ តែងតែផឹកស្រាស្រវឹង ដោយសារតែជីវភាពខ្វះខាត គាត់បានខ្ចីលុយគេ២នាក់ចំនួន៣០០ដុល្លារ នៅថ្ងៃកើតហេតុ ខណៈពេលដែលគាត់កំពុងតែធ្វើម្ហូបហូបបាយ ស្រាប់តែមានអ្នកមកទារលុយទាំងយប់ ហើយគាត់ពុំមានលុយសងទេ។
ប្រភពដដែលបានបន្តទៀតថា ពេលដែលគេមកទារលុយ ចំពេលដែលប្តីរបស់គាត់កំពុងផឹកស៊ីនៅជិតផ្ទះរបស់ខ្លួន លុះឃើញគេមកទារលុយ ក៏បានដើរមករករឿងគាត់ ហើយបានវាយទៅលើរូបគាត់ ពីរទៅបីដៃ ធ្វើឲ្យគាត់យកមួកសុវត្ថិភាពវាយទៅលើប្តីវិញ ស្រាប់តែប្តីបានស្ទុះទៅយកទុលវីសមកចាក់លើរូបគាត់ចំពោះ និងគល់ដោះ ចំនួន៣កន្លែង និងបាតដៃមួយកន្លែងបណ្តាលឲ្យរងធ្ងន់ សរុបចំនួន៤កន្លែង ភ្លាមៗនោះ គាត់បានទូរស័ព្ទប្តឹងសមត្ថកិច្ចឲ្យចុះមកជួយអន្តរាគមន៍ភ្លាមៗផងដែរ។
បើតាមការសាកសួរពីបុរសជាប្តី មិននិយាយស្តីអ្វីទាំងអស់ ក្រោយពេលកើតហេតុ ជនបង្កជាប្តីត្រូវបានកម្លាំងប៉ុសិ៍្តនគរបាលកន្ទោក បានកសាងសំណុំរឿងបញ្ជូនទៅកាន់ជំនាញព្រហ្មទណ្ឌខណ្ឌពោធិ៍សែនជ័យ ដើម្បីចាត់ការតាមច្បាប់ ៕