តាមប្រភពពីSky Sport ចេញផ្សាយកាលពីថ្ងៃអង្គារទី 13 មិថុនា 2017 បានឲ្យដឹងថា ក្លឹបAston Villa កំពុងចាប់អារម្មណ៍ចង់បានកីឡាករខ្សែការពារចាស់វស្សា ចន ធៀរី ។
កាលពីចុងសប្តាហ៍កន្លងទៅ លោកSteve Bruce គ្រូបង្វឹកក្លឹបAston Villa បានទៅលេងកូនហ្គោលជាមួយអតីតកីឡាករក្លឹបChelsea ចន ធៀរី ហើយពួកគេទាំងពីរបានពិភាក្សាគ្នា ពីគម្រោងមកលេងនៅ ពហុកីឡដ្ឋាន Villa Park សម្រាប់រដូវកាលថ្មី នេះ។
លោកបានបន្តទៀតថា៖’’ កីឡាករចាស់វស្សារូបនេះ បានបង្ហាញចំណាប់អារម្មណ៍ចង់មកលេងជាមួយAston Villa ដែរ ក៏ប៉ុន្តែគាត់នៅមានជម្រើស ជាមួយនឹងក្លឹបបាល់ទាត់នៅក្នុងក្របខណ្ឌអង់គ្លេសប្រឺមីញេលីក ពីព្រោះគាត់នៅមានសមត្ថភាពគ្រប់គ្រាន់សម្រាប់ក្លឹបកម្រិតខ្ពស់’’ ។
កីឡាករ ខ្សែការពារកណ្តាលរូបនេះ បានបង្ហាញវត្តមានប្រកួតចុងក្រោយ ឲ្យក្លឹបChelsea បន្ទាប់ពីចំណាយពេល22ឆ្នាំ ខណៈអាជីពនៅជាមួយក្លឹបនេះនឹងត្រូវបញ្ចប់ជាផ្លូវការនៅដំណាច់ខែនេះ។
កាលពីប្រកួតបញ្ចប់រដូវកាលកីឡាករវ័យ36 ឆ្នាំ បាននិយាយថា គាត់នៅតែចង់បន្តអាជីពបាល់ទាត់ជាមួយក្លឹបផ្សេងទៀតប្រសិនបើមានក្លឹបណាចង់បាន។ជាមួយគ្នានេះគាត់ក៏ធ្លាប់ប្រាប់សារព័ត៌មានថាគាត់ក៏មានចំណាប់អារម្មណ៍ចង់ធ្វើជាគ្រូបង្វឹកផងដែរ។
គួររំឮកថា កីឡាករធៀរីបានចូលមកលេងឲ្យក្លឹបChelsea កាលពីឆ្នាំ 1998 រហូតមកដល់ 2017នេះ។នៅជាមួយChelesea ធ្លាប់បង្ហាញវត្តមានបាន492 ប្រកួតនិងស៊ុតបាល់បញ្ចូលទី បាន 41គ្រាប់៕