ភ្នំពេញ ៖ បុរសម្នាក់បានជិះម៉ូតូទាក់ដៃចង្កូតគ្នា បណ្តាលឲ្យដួលខ្ទាតអ្នកបើកម៉ូតូ បោកទៅនឹងរថយន្តសន្លប់មួយសន្ទុះ ទើបដឹងខ្លួនវិញ ដែលហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង១និង២០នាទីរសៀល ថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១៧ នៅចំណុចក្បែរស្ពានអាកាសស្ទឹងមានជ័យ តាមផ្លូវព្រះមុន្នីរ៉េត សង្កាត់ទំនប់ទឹក ខណ្ឌចំការមន ។
ជនរងគ្រោះមានឈ្មោះ សុខ ផារិទ្ធ ភេទប្រុស អាយុ១៧ឆ្នាំ ស្នាក់នៅភូមិថ្មី សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ ជិះម៉ូតូម៉ាក ZOOMER.X ពណ៍ត្រួយចេក ពាក់ស្លាកលេខភ្នំពេញ ១GD-៩៩៨៩ របួសរលាត់ដៃជើង សន្លប់មួយសន្ទុះ រួចដឹងខ្លួនវិញ ។
អ្នកបើកបររថយន្តមានឈ្មោះ លឹម ខេវិន ភេទប្រុស អាយុ១៨ឆ្នាំ ស្នាក់នៅបុរីកម្មករ សង្កាត់ជើងឯក ខណ្ឌដង្កោ បានប្រាប់សមត្ថកិច្ចថា មុនពេលកើតហេតុ គាត់បើករថយន្តតាមផ្លូវព្រះមុន្នីរ៉េត ក្នុងទិសដៅពីត្បូងទៅជើង ហើយមានម៉ូតូម៉ាក ZOOMER.X ពណ៍ត្រួយចេក ពាក់ស្លាកលេខភ្នំពេញ១GD-៩៩៨៩ បើកស្របទិសជាមួយរថយន្តគាត់ ហើយបានទាក់ដៃចង្កូតជាមួយម៉ូតូហុងដាឌ្រីម ពណ៍ខ្មៅ មិនចាំស្លាកលេខ បានជិះទាក់ដៃចង្កូតម៉ូតូជនរងគ្រោះខ្ទាតបោកចំរថយន្តពីខាងមុខ ហើយដួលសន្លប់ ពេលនោះមានប្រជាពលរដ្ឋលើកមកដាក់នៅស្ថានីយប្រេង ដើម្បីលាបប្រេងកូឡា លាបរឺត ទើបដឹងខ្លួន ហើយក្រុមគ្រួសារយកចូលមន្ទីរពេទ្យហុង អិន ក្បែរកន្លែងកើតហេតុ ដោយគាត់ជាអ្នកជួយថ្លៃព្យាបាលរបួស តែបើអោយចេញថ្លៃព្យាបាលទាំងស្រុងមិនបានទេ ព្រោះមិនមែនរថយន្តគាត់ទៅបុកម៉ូតូទេ គឺម៉ូតូខ្ទាតចូលរថយន្តគាត់ ហើយសាក្សីកន្លែងកើតហេតុឃើញគ្រប់គ្នា សង្ឃឹមថា ក្រុមគ្រួសារជនរងគ្រោះដឹងហេតុផលផង ។
ចុងក្រោយ ភាគីទាំងពីរនៅតែជជែកវែកញែក ដោយខាងម៉ូតូទាមទារសំណងទាំងស្រុង ចំណែកអ្នកបើករថយន្តសុំចេញពាក់កណ្តាល ៕