Tuesday, January 21, 2025
Homeព័ត៌មានជាតិសង្ស័យបែកថ្នាំ ផ្តួលម៉ូតូចោលនៅលើស្ពានអាកាស៧មករា រត់គ្រវីទង់ជាតិ

សង្ស័យបែកថ្នាំ ផ្តួលម៉ូតូចោលនៅលើស្ពានអាកាស៧មករា រត់គ្រវីទង់ជាតិ

​ភ្នំពេញ ៖ បុរសម្នាក់បែកថ្នាំម្នាក់ជិះម៉ូតូទៅដឹកសង្សារចេញពីធ្វើការ តែដោយសារប្រើប្រាស់ថ្នាំញៀនលើសចំណុះ បានជិះម៉ូតូផ្តួលចោលនៅលើស្ពានអាកាស៧មករា រួចហើយរត់គ្រវីទង់ជាតិ ស្រែកឡូឡា បង្កឲ្យមានការភ្ញាក់ផ្អើល​កាលពីវេលាម៉ោង២និង៣០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១៧ ត្រង់ចំណុចខាងលើស្ពានអាកាស៧មករា ត្រើយខាងកើត ស្ថិតក្នុងសង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា ​មុនពេលកើតហេតុ គេឃើញមាន
ម៉ូតូមួយគ្រឿង ម៉ាកហុងដាឌ្រីម ស៊េរីឆ្នាំ២០០៦ ពណ៌ខ្មៅ ពាក់ស្លាកលេខតាកែវ 1C-6115 បើកបរដោយបុរសម្នាក់តាមបណ្តោយផ្លូវសហព័ន្ធរុស្ស៊ី ក្នុងទិសដៅពីលិចទៅកើត លុះមកដល់ចំណុចកើតហេតុ ក៏បានផ្តួលម៉ូតូចោលកណ្តាលផ្លូវ នៅគល់ស្ពានអាកាស៧មករា ត្រើយខាងកើត រួច​ធ្វើសកម្មភាពកាន់ទង់ជាតិរត់គ្រវី និងស្រែក​ឡូឡាពេញដងផ្លូវ ។

បើតាមសម្តីបុរសខាងលើទាំងសភាពបែកថ្នាំ​​ បានឲ្យដឹងថា រូបគេមានឈ្មោះយិន សូរិយា​ អាយុ20ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិកាកាប សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ រូបគេទើបតែជក់គ្រឿងញៀនអស់ចំនួនដប់ដុល្លារ គ្នាបួននាក់ រួចក៏ជិះម៉ូតូចេញមកបំណងទៅយកសង្សារនៅម្តុំបារបារាំង តែពេលជិះមកដល់ចំណុចកើតហេតុ ម៉ូតូរបស់គេក៏បានធ្លាក់ច្រវាក់ ទើបគេផ្តួលចោលតែម្តងទៅ។

ក្រោយពេលកើតហេតុ ដោយម៉ូតូជនបែកថ្នាំខាងលើ ធ្លាក់ច្រវាក់មិនអាចជិះបាន ទើបសមត្ថកិច្ចយកទៅរក្សាទុកនៅប៉ុស្តិ៍នគរបាលរដ្ឋបាលទឹកល្អក់ទី១ ដោយឡែកបុរសបែកថ្នាំខាងលើត្រូវបានសមត្ថកិច្ចឌុបទៅផ្ទុះវិញ រង់ចាំព្រឹកស្អែកមកយកត្រឡប់ទៅវិញ៕​

RELATED ARTICLES