Tuesday, November 26, 2024
Homeតារាខ្មែរ“គ្រួសារតារាកម្ពុជា”ចូលរួមរាំ ច្រៀង បំផុសក្នុងយុទ្ធនាការផ្ដល់ឈាម

“គ្រួសារតារាកម្ពុជា”ចូលរួមរាំ ច្រៀង បំផុសក្នុងយុទ្ធនាការផ្ដល់ឈាម

នៅថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១៧ សមាជិកក្រុមគ្រួសារតារាកម្ពុជាប្រមាណជិត១០០នាក់​ បានចូលរួមយ៉ាងសកម្មសម្ដែង រាំ ច្រៀង និងកំប្លែង នៅក្នុងទិវាពិភពលោកនៃអ្នកបរិច្ចាគឈាម នៅក្នុងបរិវេណមជ្ឈមណ្ឌលជាតិផ្ដល់ឈាមនៅ​ជិតមន្ទីរពេទ្យរុស្ស៊ី ដែលជាសកម្មភាពមួយក្នុងការបំផុសឲ្យមានការចូលរួមផ្ដល់ឈាម។

តារាចម្រៀង តារាសម្ដែង តារាកំប្លែង និងក្រុមតារាភេទទី៣ ដែលមកពីក្រុមគ្រួសារតារាកម្ពុជា បានបង្ហាញពីចន្ទៈ​យ៉ាងមុះមុតក្នុងការចូលរួមសម្ដែង​ ច្រៀង រាំ និងកំប្លែង បង្កបរិយាកាសយ៉ាងសប្បាយរីករាយនៅក្នុង​យុទ្ធនាការផ្ដល់ឈាមនេះ។ពោលគឺពួកគេបានចូលរួមដោយទឹកចិត្តមិនគិតពីប្រាក់កម្រៃ ខណៈដែលក្រុមគ្រួសារ​តារាកម្ពុជាធ្លាប់បានចូលរួមម្ដងរួចមកហើយនៅក្នុងយុទ្ធនាការផ្ដល់ឈាមនៅថ្ងៃទី១៤ កុម្ភះ ឆ្នាំ២០១៧ នាពេលកន្លងទៅដែលទទួលបានឈាមចំនួន៧២០កំប្លោក។

លោកសុះ ម៉ាច ប្រធានសមាគមសិល្បៈករខ្មែរដែលបានចូលរួមនៅក្នុងយុទ្ធនាការផ្ដល់ឈាមថ្ងៃទី១៤មិថុនា បានថ្លែងឲ្យដឹងថា​ លោកពិតជាមានអារម្មណ៍សប្បាយរីករាយយ៉ាងក្រៃលែងនៅពេលឃើញសមាជិកក្រុម​គ្រួសារតារាកម្ពុជាចូលរួមនៅក្នុងព្រឹត្តិការណ៍ជួយសង្គមមួយនេះពោលគឺបើទោះបីពួកគេពុំបានបរិច្ចាគឈាមនៅ​ក្នុងថ្ងៃនេះប៉ុន្តែបានផ្ដល់នូវភាពសប្បាយរីករាយ កំដរអារម្មណ៍ដល់អ្នកដែលមកផ្ដល់ឈាមមានន័យថា គ្រួសារតារាកម្ពុជា​ក៏បានរួមចំណែកនៅក្នុងកិច្ចការនេះផងដែរហើយក៏សបញ្ជាក់ឲ្យឃើញថាតារា យើងពុំមែនគិតតែសប្បាយទេគឺតែងតែមានកិច្ចការជាច្រើនជួយសង្គមជាតិ។ជាក់ស្ដែងដូចពេលនេះ ជាដើមគឺលោកពិតអរគុណណាស់ដល់ក្រុមគ្រួសារតារាកម្ពុជា ។លោកសុះ បន្តថា ការបរិច្ចាគឈាមគឺមាន អត្ថប្រយោជន៍បំផុតក្នុងការជួយដល់ជនរងគ្រោះជាច្រើននៅកម្ពុជា​ដែលកំពុងត្រូវការឈាមហើយ ក៏ជាបុណ្យកុសល្យមួយដែលមិនអាចកាត់ថ្លៃបានផងដែរក្នុងការរួមចំណែកជួយសង្គមជាតិ។

មន្ត្រីខាងមជ្ឈមណ្ឌលជាតិផ្ដល់ឈាមបានថ្លែងឲ្យដឹងថា សម្រាប់យុទ្ធនាការបរិច្ចាគឈាមនៅថ្ងៃទី១៤ ខែមិថុនា​ នេះគឺប្រមូលបានឈាមចំនួន៤៥០កំប្លោកហើយមូលហេតុដែលប្រមូលឈាមបានតិចជាងព្រឹត្តិការណ៍លើកមុន ដោយសារតែយុទ្ធនាការនេះចំថ្ងៃធ្វើការហើយសិស្សានុសិស្សពុំបានចូលរួមច្រើន។ប៉ុន្តែយ៉ាងណាលោកពិត ជាមានមោទនៈភាព​យ៉ាងក្រៃលែងនិងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសមាជិក ក្រុមគ្រួសារតារាកម្ពុជាដែល បានចូលរួមយ៉ាងសស្រាក់សស្រាំបង្កើតបរិយាកាសយ៉ាងសប្បាយរីករាយ ក៏ដូចជាបំផុសឲ្យមានការបរិច្ចាគ ឈាមនៅក្នុងទិវាពិភពលោកនៃអ្នកផ្ដល់ឈាមនេះ៕

RELATED ARTICLES