ភ្នំពេញ ៖ បុរសម្នាក់មកពីខេត្តតាកែវ តាំងពីម៉ោង៧យប់ រហូតដល់ម៉ោង១០យប់ ទើបមភ្នំពេញ ដើម្បីមករកប្រពន្ធ ត្រូវជនសង្ស័យវាយប្លន់យកម៉ូតូទៅបាត់ បង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៤ទៀបភ្លឺ ឈានចូលថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១៧ តាមបណ្តោយផ្លូវ៤៧ នៅចំណុចជិតសាលារៀនវត្តភ្នំ ស្ថិតនៅក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ។
ជនរងគ្រោះមានឈ្មោះ សឺង ហ៊ា ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរធ្វើស្រែ មានស្រុកកំណើតនៅភូមិសមលើ ឃុំខ្វាវ ស្រុកត្រាំង ខេត្តតាកែវ មានប្រពន្ធឈ្មោះ ហៃ ម៉ុន ភេទស្រី អាយុ៣១ឆ្នាំ ធ្វើការតាមហាងលក់បាយនៅភ្នំពេញ មានស្រុកកំណើតនៅភូមិបាធាតុ ស្រុកអូរាំងឪ ខេត្តកំពង់ចាម បានកូន២នាក់ កូនស្រីអាយុ៨ឆ្នាំ និងកូនប្រុស១ខួប ។
តាមប្រភពពត៌មានពីបុរសជាជនរងគ្រោះ បានឲ្យដឹងថា ដោយសារតែប្រពន្ធផ្ញើលុយឲ្យតិចពេក ក្នុង១ខែ ផ្ញើឲ្យតែ១០ម៉ឺនរៀល ចាយវាយនិងទិញទឹកដោះគោឲ្យកូនមិនគ្រប់ ទើបរូបគេបានខ្ចីម៉ូតូរបស់ឪពុកមា ម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ សេរី២០១៤ ពាក់ស្លាកលេខតាកែវ1K-1590 មករកប្រពន្ធនៅភ្នំពេញ ដោយជិះមកតាំងពីម៉ោង៧យប់ រហូតដល់ម៉ោង១០យប់ ទើបមកភ្នំពេញ បានសុំលុយម្តាយបានតែ១ម៉ឺនរៀល ដាក់ជាប់ខ្លួន ។ លុះពេលមកដល់ភ្នំពេញ មិនសូវស្គាល់កន្លែងប្រពន្ធធ្វើការច្បាស់ផង មិនដឹងទៅណា ម្យ៉ាងអត់មានលុយផងនោះ ក៏បានឈប់ម៉ូតូអង្គុយលេងនៅលើសួនច្បារក្តាន់ពីរបានមួយសន្ទុះ ក្រោយមកក៏ស្រាប់តែមានបុរសម្នាក់មិនស្គាល់អត្តសញ្ញាណបានមកបបួលរូបគាត់ទៅផឹកស្រា ពេលនោះគាត់បានទៅផឹកស្រាបៀរជាមួយជនសង្ស័យអស់៣កំប៉ុង ចំណែកជនសង្ស័យផឹកអស់៤កំប៉ុង ក៏ត្រូវជនសង្ស័យបបួលឲ្យជូនទៅរកបងប្អូននៅឯម្តុំរង្វង់មូលកួចកាណុង ជ្រោយចង្វារ ខណៈ ពេលជិះម៉ូតូដឹកទៅជិតដល់សាលាវត្តភ្នំ ក៏ត្រូវជនសង្ស័យវាយយកម៉ូតូជិះរត់គេចខ្លួនបាត់ស្រមោល។
ជនរងគ្រោះក៏បានបន្តទៀតថា មូលហេតុដែលគាត់សម្រេចខ្ចីម៉ូតូពូមករកប្រពន្ធដែលធ្វើការនៅភ្នំពេញ ទាំងយប់ គឺមកពីប្រពន្ធរបស់គាត់បើកប្រាក់ខែ ផ្ញើមកផ្ទះតែ១០ម៉ឺនរៀល ហើយគាត់យកទៅសងថ្លៃទឹកគោគេអស់៣ម៉ឺន នៅសល់តែ៧ម៉ឺន ចិញ្ចឹមកូនតូចប្រុសមួយ អាយុ១ខួប ។
ក្រោយពេលកើតហេតុ ជនរងគ្រោះបានទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍ស្រះចក ដើម្បីឲ្យសមត្ថកិច្ចតាមចាប់ជនសង្ស័យមកផ្តន្ទាទោស ៕