កំពង់ឆ្នាំង៖ មន្រ្តីសាខាកាំកុងត្រូលខេត្តកំពង់ឆ្នាំង សហការជាមួយមន្ទីរពាណិជ្ជកម្មខេត្តកំពង់ឆ្នាំង អាជ្ញាធរស្រុកបរិបូរណ៏ បានចុះពិនិត្យគុណភាពមុខទំនិញដែលកំពុងដាក់តាំងចរាចរនៅលើទីផ្សារ ក្នុងស្រុកបរិបូរណ៏ ខេត្តកំពង់ឆ្នាំង។ ការចុះត្រួតពិនិត្យនេះបានធ្វើនៅថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១៧ នៅស្រុកបរិបូរណ៏។
លោក យីវ ណារិន ប្រធានសាខាកាំកុងត្រូលខេត្តកំពង់ឆ្នាំង បានឲ្យដឹងថា ក្នុងប្រតិបត្តិការនេះ មន្រ្តីជំនាញកាំកុងត្រូលសាខាខេត្ត បានចុះត្រួលពិនិត្យទំនិញវេចខ្ចប់គ្រប់មុខទាំងអស់ មានជា គ្រឿងអាហារកំប៉ុង ដោយធ្វើការពិនិត្យទៅលើកាលបរិច្ឆេទប្រើប្រាស់ កំប៉ុងកំពិត ការក្លែងបន្លំម៉ាកសញ្ញា គ្មានស្លាកសញ្ញាត្រឹមត្រូវ និងពិនិត្យសារធាតុគីមីហាមឃាត់ ដែលមានដាក់លើបន្លែ និងនៅលើផលិតផលប្រេងខ្យង ដែលករណីនេះបានធ្វើអោយប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋដែលជាអ្នកប្រើប្រាស់។
បន្ទាប់ពីធ្វើការពិនិត្យរួច មន្រ្តីជំនាញក៏បានធ្វើការពន្យល់ណែនាំបន្ថែមដល់ក្រុមអាជីវករទាំងអស់ពីបញ្ហាអនាម័យ និងការរៀបចំទុកដាក់ទំនិញលក់ដូរឲ្យមានសណ្តាប់ធ្នាប់ទៅតាមប្រភេទទំនិញនីមួយៗ ត្រូវដាក់ដាច់ដោយឡែកៗពីគ្នា និងបានណែនាំកុំឲ្យអាជីវករឆ្លៀតឧិកាសយកទំនិញដែលខូចគុណភាពទាំងនេះ មកដាក់លក់ឲ្យប្រជាពលរដ្ឋ ដែលនាំឲ្យប៉ះពាល់ដល់បញ្ហាសុខភាពយ៉ាងខ្លាំង។
ជាលទ្ធផលនៃការចុះពិនិត្យ សមត្ថកិច្ចកាំកុងត្រូលខេត្តកំពង់ឆ្នាំង បានបញ្ជាក់ថា ការលក់ដូររបស់អាជីវករស្រុកបរិបូរណ៏ គឺមានរបៀប ហើយចំពោះការដាក់ទំនិញវិញ គឺធ្វើទៅតាមមុខទំនិញនីមួយៗ ដែលទំនិញទាំងនោះសុទ្ធតែជាទំនិញមានគុណភាពល្អ ពុំមានសារធាតុគីមីហាមឃាត់នៅលើបន្លែ ផ្លែឈើនោះទេ ចំណែកផលិតផលប្រេងខ្យង ម៉ាក Yuan’s ដែលជាគ្រឿងផ្សំម្ហូបអាហារនោះ មិនឃើញមានដាក់លក់នៅក្នុងផ្សារបរិបូរណ៏ ទេ។ ក្នុងពេលចុះពិនិត្យនោះ សមត្ថកិច្ចក៏បានដកហូតយកទឹកក្រូចដប ដែលហួសកាលបរិច្ឆេទប្រើប្រាស់មួយចំនួនផងដែរ ដើម្បីយកទៅកម្ទេចចោល៕