តាមប្រភពព័ត៌មានពី ប៊ី ប៊ីស៊ី ចេញផ្សាយកាលពីថ្ងៃព្រហស្បត៍ទី 15 មិថុនា 2017 បានឲ្យដឹងថាក្លឹប Southampton បានសម្រេចបណ្តេញលោក Claude Pauel ចេញពីតំណែងកៅអីគ្រូបង្វឹក បន្ទាប់ពីដឹកនាំបានរយៈពេលត្រឹមតែមួយឆ្នាំ ប៉ុណ្ណោះ។ លោក Pauel គឺជាគ្រូបង្វឹកទី 3 ដែលបានខ្ទាតចេញពីក្លឹបSouthampton ក្នុងរយៈពេល3ឆ្នាំចុងក្រោយនេះ។
លោក Puel បានចូលមកដឹកនាំ ក្លឹបSouthampton កាលពីខែមិថុនា ឆ្នាំ 2016 ស្នងតំណែងលោក Ronald Koeman ។កាលពីរដូវកាលចាស់លោកបានដឹកនាំក្លឹបSouthampton ទទួលបានចំណាត់ថ្នាក់លេខរៀងទី 8 ក្នុងតារាងទោះបីក្រុមរបស់គេចាញ់ 16ប្រកួត។ ជាងនេះទៅទៀលោកគឺជាគ្រូបង្វឹកទី1 ដែលបាននាំSouthampton ឡើងទៅវគ្គផ្តាច់ព្រ័ត្រនៃការប្រកួតពានរង្វាន់អង់គ្លេស League Cup លើកដំបូងចាប់តាំងពីឆ្នាំ 2003 ។
នៅក្នុងសេចក្តីថ្លែងការរបស់ក្លឹបបានឲ្យដឹងថា៖’’ ក្លឹបកំពុងស្វះស្វែងរកគ្រូបង្វឹកថ្មី ដោយសង្ឃឹមថានឹងរកបានគ្រូបង្វឹកមួយរូបដែលមានសមត្ថភាពនិងបទពិសោធន៍ដឹកនាំក្លឹបបានជោគជ័យ’’។ ជាមូយគ្នានេះដែរ ក្លឹបក៏បានថ្លែងអំណរគុណដល់ លោក Claude Pauel ចំពោះអ្វីដែលលោកបានប្រឹងប្រែងនាពេលកន្លងមក។
រហូតមកដល់ពេលនេះគេមិនទាន់មានតម្រុយណាមូយពីឈ្មោះគ្រូបង្វឹកថ្មីនៅឡើយទេ។