Tuesday, January 21, 2025
Homeព័ត៌មានជាតិ រថយន្តដឹកទឹកកកអនាម័យ រេចង្កូតឡើងខឿនទ្រូងផ្លូវ ក្រឡាប់ចាក់ទឹកកកចោលពេញផ្លូវ

 រថយន្តដឹកទឹកកកអនាម័យ រេចង្កូតឡើងខឿនទ្រូងផ្លូវ ក្រឡាប់ចាក់ទឹកកកចោលពេញផ្លូវ

ភ្នំពេញ ៖ រថយន្តឃ្លុបដឹកទឹកកកអនាម័យរបស់សិប្បកម្មផលិតទឹកកក សញ្ញាខ្លាឃ្មុំទឹកកក សង្ស័យអ្នកបើកបរងោក ទើបបើករេចង្កូតឡើងខឿនទ្រូងផ្លូវ ក្រឡាប់ផ្ងារជើងឡើងលើ រយះហែកទ្រុងធ្លាយចាក់បាវទឹកកករាយពេញផ្លូវ សំណាងល្អមិនបង្កឲ្យអ្នកណារងរបួស ខូចខាតតែសម្ភារៈ កាលពីវេលាម៉ោង៤និង៣០នាទីព្រឹក ថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០១៧ ស្ថិតនៅលើកំណាត់ផ្លូវទំនប់កប់ស្រូវ ភូមិសំរោង សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ ក្រោយកើតហេតុ ថៅកែសិប្បកម្មប្រញាប់ប្រញាល់រើសទឹកកកដាក់រថយន្តផ្សេង ហើយស្ទូចរថយន្តរងគ្រោះចេញ កុំឲ្យសមត្ថកិច្ចមកទាន់ ។

រថយន្តបង្កម៉ាក ហុីយ៉ាន់ដាយ ចំណុះ១តោនឃ្លុប ពណ៌ខៀវ ពាក់ស្លាកលេខ ភ្នំពេញ 3A-1010 អ្នកបើកបរមិនស្គាល់ឈ្មោះ ក្រោយកើតហេតុបានគេចខ្លួនបាត់ ។

តាមប្រជាពលរដ្ឋនៅកន្លែងកើតហេតុ បានឲ្យដឹងថា ចំណុចផ្លូវខាងលើជាចំណុចផ្លូវកោង កាលបើអ្នកបើកបរធ្វេសប្រហែស ខ្វះការប្រុងប្រយ័ត្ននោះ ច្បាស់ជាជួបបញ្ហា ហើយជារឿយៗ រថយន្តច្រើនគ្រឿងហើយ ដែលបើកឡើងខឿនក្រឡាប់ មកដល់លើកនេះ នៅវេលាម៉ោងខាងលើ គេឃើញរថយន្តឃ្លុបដឹកទឹកកក បើកពីជើងទៅត្បូងល្បឿនលឿន ហើយរេចង្កូតឡើងខឿនទ្រូងផ្លូវ បណ្តាលឲ្យក្រឡាប់ផ្ងារជើង សំណាងល្អគ្មានអ្នករបួស ក្រោយកើតហេតុ អ្នកបើកបរភ័យរត់គេចខ្លួនបាត់ ទុករថយន្ត និងទឹកកកឲ្យថៅកែហៅប្រមូលកូនចៅ កម្មករ មករើសដាក់រថយន្តផ្សេង រួចស្ទូចយករថយន្តរងគ្រោះ ទៅជួសជុល យ៉ាងប្រញាប់ប្រញាល់ ខ្លាចសមត្ថកិច្ចមកទាន់ ។

តាមប្រភពពលរដ្ឋផ្សេងទៀត បានឲ្យដឹងថា រថយន្តដឹកទឹកកកអនាម័យខាងលើ ដែលមានសិប្បកម្ម នៅសង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ ហើយដឹកទឹកកកយកទៅដាក់ឲ្យម៉ូយ តាមផ្លូវទំនប់កប់ស្រូវ សង្ស័យអ្នកបើកបរងងុយដេក ទើបបើកឡើងខឿនទ្រូងផ្លូវបែបនេះ ៕

RELATED ARTICLES