ភ្នំពេញ ៖ នគរបាលប៉ុស្តិ៍ទំនប់ទឹក ជិះល្បាតប្រទះឃើញជនសង្ស័យស្រីប្រុស២នាក់ បើកទ្វាររថយន្តជនជាតិចិនស្រវឹងស្រា ឈប់រថយន្តដេកតាមផ្លូវ កាលពីវេលាម៉ោង១និង២០នាទីរំលងអធ្រាត្ រឈានចូលថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០១៧ ត្រង់ចំណុចតាមបណ្តោយផ្លូវព្រះមុនីរ៉េត ខាងមុខហាងលក់វាំងននយីហោ ទិត្យា វាំងនន ស្ថិតក្នុងសង្កាត់បឹងសាឡាង ខណ្ឌទួលគោក។
ជនសង្ស័យប្រុសស្រីទាំងពីរនាក់ មិនបានស្គាល់ឈ្មោះ បើកបរម៉ូតូមួយគ្រឿង ម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ ១GE-២៣៩១។
បើតាមនគរបាលប៉ុស្តិ៍ទំនប់ទឹក បានរៀបរាប់ឲ្យដឹងថា នៅមុនពេលកើតហេតុ កម្លាំងពួកគាត់បានជិះល្បាតក្នុងមូលដ្ឋាន មកដល់ចំណុចកើតហេតុ ក៏ប្រទះឃើញបុរសជាជនជាតិចិនម្នាក់ស្រវឹងដេកនៅក្នុងរថយន្តមួយគ្រឿង ម៉ាកតាកូម៉ា ពណ៌ស ពាក់ស្លាកលេខភ្នំពេញ២E-៣២៨០ដោយមិនបានឡុកសោ ហើយរថយន្តឈប់ចតនៅលើចិញ្ចើមផ្លូវក្នុងទឹកដីរបស់ខណ្ឌទួលគោក ខណៈពេលនោះ ស្រាប់តែមានជនសង្ស័យទាំងពីរនាក់ជិះម៉ូតូខាងលើ មកឈប់ក្បែររថយន្ត ហើយបុរសដែលជាជនសង្ស័យបានចុះទៅបើកទ្វាររថយន្ត ចំណែកឯនារីសង្ស័យនៅអង្គុយលើម៉ូតូ ហើយកម្លាំងពួកគាត់ក៏បានជិះទៅបម្រុងសួរនាំ និងធ្វើការឆែកឆេរ តែជនសង្ស័យគ្រាន់តែឃើញកម្លាំងសមត្ថកិច្ចព្យាយាមជិះរត់គេចខ្លួន រួចកម្លាំងពួកគាត់ក៏ជិះដេញតាមរហូតដល់មកដល់ខាងមុខបញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស ទើបធ្វើការកាក់ឃាត់ខ្លួនបាន រួចក៏ប្រគល់អោយសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលបឹងសាឡាង យកទៅសួរនាំបន្ត។
ក្រោយកើតហេតុ ដោយបុរសជាជនចិនស្រវឹង មិនដឹងថាមានអ្វីដែលបាត់ខ្លះ ក៏ត្រូវប្រពន្ធមកទទួលយកត្រលប់ទៅផ្ទះវិញ ហើយដោយគ្មានភស្តុតាងអ្វីដាក់បន្ទុកទៅលើជនសង្ស័យទាំងពីរក៏ សមត្ថកិច្ចប៉ុស្តិ៍បឹងសាឡាង ដោះលែងអោយត្រឡប់ទៅវិញទៅ៕