Friday, December 27, 2024
Homeព័ត៌មានសិល្បៈច្រករបៀងក្រុងបាវិត សំបុកកុងត្រូលជជុះ និងទំនិញឆ្លងដែនគេចពន្ធ

ច្រករបៀងក្រុងបាវិត សំបុកកុងត្រូលជជុះ និងទំនិញឆ្លងដែនគេចពន្ធ

ខេត្តស្វាយរៀង ៖ ច្រករបៀងក្រុងបាវិត ត្រូវបានគេមើលឃើញថា កំពុងក្លាយជាសំបុកកុងត្រូលជជុះ និងពោរពេញទៅដោយក្រុមឈ្មួញដឹកទំនិញឆ្លងដែនគេចពន្ធ ដោយពុំបានគិតពីផលប្រយោជន៍ជាតិ ឬសុវត្ថិភាពម្ហូបអាហារ និងសុខមាលភាពរបស់ប្រជាពលរដ្ឋនោះទេ ខណៈដែលសមត្ថកិច្ចនិងអាជ្ញាធរប្រចាំច្រករបៀង កំពុងឃុបឃិតគ្នាប្រព្រឹត្តអំពើពុករលួយជាប្រព័ន្ធ ដើម្បីប្រមូលលុយដាក់ហោប៉ៅរៀងៗខ្លួន។

តាមប្រភពពីប្រជាពលរដ្ឋ បានឱ្យដឹងថា សង្កាត់បាវិត ក្រុងបាវិត គឺជាសំបុកកុងត្រូលជជុះ ដោយប្រមូលផ្តុំពីច្រើនស្ថាប័ន ដូចជា ទី១-ភាស៊ីខេត្ត គឺជាការគ្រប់គ្រងរបស់លោកស្រីឆឹង ណេង ដែលជាអ្នកមានឥទ្ធិពលម្នាក់ នៅក្រុងបាវិត បានដាក់កុងត្រូលទារភាស៊ីពីអ្នករត់ពន្ធ និងប្រជាពលរដ្ឋរកស៊ីឆ្លងកាត់ផ្លូវច្រករបៀងជាច្រើនទៀត យ៉ាងដុះស្លែ រាប់សិបឆ្នាំមកហើយ ទី២-ទាហាន វរៈការពារព្រំដែនលេខ២០១ នៃប្រតិបត្តិការសឹករងខេត្តស្វាយរៀង និងទី៣-នគបាលវរៈការពារព្រំដែនលេខ៦០៩។

ប្រភពដដែលបន្តថា ច្រករបៀងបាវិតនេះ ជាច្រកផ្លូវមួយដែលគេបើកសម្រាប់ឱ្យឈ្មួញឆ្លងដែនចេញចូលប្រទេសវៀតណាម រកស៊ីរត់ពន្ធ ហើយសមត្ថកិច្ចឃុបឃិតគ្នាដាក់កុងត្រូលជជុះ ដើម្បីបង់ភាស៊ី ឬបង់ប្រាក់ដាក់ហោប៉ៅ ធ្វើមានបានតែប៉ុណ្ណោះ។ មិនតែប៉ុណ្ណោះ ច្រកមួយនេះ មានជនជាតិវៀតណាម ចូលមកលេងល្បែងក្នុងកាស៊ីណូមិនដាច់ ក្នុងនោះមនុស្សម្នាក់ ត្រូវបង់ឱ្យនគរបាលវរៈការពារព្រំដែន ១ម៉ឺនដុង, ទាហាន ១ម៉ឺនដុង, ភាស៊ីឆឹង ណេង ១ម៉ឺនដុង។ ចំពោះទំនិញ គឺយកតាមមុខទំនិញ ក្នុង១ម៉ូតូ ចាប់ពី២ម៉ឺនដុង ដល់១០ម៉ឺនដុង និងរថយន្តដឹកទំនិញដឹកអេតចាយត្រូវបង់ឱ្យសមត្ថកិច្ច ចាប់ពី១០ម៉ឺនដុងឡើងទៅ ក្នុងមួយរថយន្ត។

ប្រភពខាងលើ បានឱ្យដឹងទៀតថា ទំនិញដែលឈ្មួញនាំពីប្រទេសវៀតណាម ចូលមកតាមច្រកក្រុងបាវិត រួមមាន សត្វជ្រូក បន្លែបង្កា ត្រី សាច់ជ្រូក ពោះជ្រូក ពោះគោ គ្រឿងក្នុងមាន់ទា ពងទា ពងមាន់ មី ទឹកក្រូច និងស្រាបៀរហិននីហ្គែន ដែលជិតផុតសុពលភាពប្រើប្រាស់ ជាដើម ដែលមិនឃើញមានស្ថាប័នគយ ឬកាំកុងត្រូលមកពិនិត្យ ឬបង់ពន្ធនោះទេ ដែលជាហេតុធ្វើឱ្យបាត់បង់ចំណូលថវិការដ្ឋជាច្រើន។ មិនតែប៉ុណ្ណោះ ប្រជាពលរដ្ឋខ្មែរ ត្រូវប្រឈមនឹងបញ្ហាសុវត្ថិភាពម្ហូបអាហារ និងសុខភាពយ៉ាងខ្លាំង ដោយសារខ្វះការត្រួតពិនិត្យពីស្ថាបន័ជំនាញ  ខណៈដែលប្រភេទទំនិញម្ហូបអាហារ បន្លែបង្កា ដែលនាំចូល ភាគច្រើនសុទ្ធតែមានសារជាតិគីមី។ គួរតែអាជ្ញាធរមានវិធានការទប់ស្កាត់។

ទាក់ទងទៅនឹងការលើកឡើងខាងលើនេះ “នគរធំ“ នៅមិនទាន់អាចទាក់ទងសុំការបំភ្លឺពីអាជ្ញាធរក្រុងបាវិត បាននៅឡើយទេ។ យ៉ាងណា យើងរង់ចាំការបកស្រាយបំភ្លឺពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់៕

RELATED ARTICLES