បន្ទាប់ពីសម្រិតសម្រាំងការផលិតអស់រយៈពេលជាច្រើនខែខ្សែភាពយន្តភាគថ្មីរបស់PNN រឿង”ពស់កេងកង”បាន បើកសម្ភោធជាផ្លូវការហើយនៅថ្ងៃទី១៥ ខែមិថុនា ម្សិលមិញនេះនៅឯសណ្ឋាគារភ្នំពេញ ដែលមានក្រុមតារាសម្ដែង ក្រុមផលិតករ និងភ្ញៀវកិត្តិយសចូលរួមយ៉ាងច្រើនកុះករខណៈដែលភាពយន្ត ភាគនេះគ្រោងដាក់បញ្ចាំងនៅ ស្ថានីយ៍ទូរទស្សន៍PNN ចាប់ពីថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៧ តទៅ។
តារាល្បីៗដែលចូលរួមនៅក្នុងពិធីសម្ភោធរឿង”ពស់កេងកង”មានដូចជាលោកទេព រិនដារ៉ូ លោកជា សំណាង លោកណាខន លោកតា ចេក លោករស់ វិទ្ធី កញ្ញាដួង ម៉ានិច្ច កញ្ញាសក្កដា រួមនឹងតារាល្បីៗជាច្រើនរូបទៀត។
កញ្ញាទូច បុប្ផា ប្រធានផ្នែកកម្មវិធីផ្សាយរបស់ស្ថានីយ៍ទូរទស្សន៍PNN បានថ្លែងឲ្យដឹងថា រឿង”ពស់កេងកង”ត្រូវបានPNN ផលិតឡើងវិញជារឿងភាគនិងត្រូវចែកចេញជា២វគ្គ ដោយវគ្គទី១ត្រូវបានរក្សាទម្រង់ដើមទាំងស្រុងមាន១២ភាគ ចំណែកវគ្គទី២ មានចំនួន២៦ភាគ។ក្រុមការងារផលិតក៏បានសហការគ្នាយ៉ាងល្អនិងមានការចូលរួមពីអ្នកជំនាញ មកពី៣ប្រទេសផ្សេងគ្នាដូចជាប្រទេស កាណាដា ហ្វីលីពីន និងកម្ពុជា។
កញ្ញាបន្តថា កន្លងមកPNN បានជ្រើសរើសយ៉ាងសម្រិតសម្រាំងនូវប្រភេទសាច់រឿងបែបកំប្លែងមនោសញ្ចេតនា ទាំងសម័យ និងបុរាណមកផលិតជាភាពយន្តភាគទូរទស្សន៍ដើម្បីជាចំណីអារម្មណ៍ថ្មីសម្រាប់ ទស្សនិកជននៅតាម គេហដ្ឋានហើយយើងយល់ថាប្រភេទរឿងព្រេងខ្មែរមួយចំនួនគឺ ទទួលបានភាពទាក់ទាញគួរឲ្យចាប់ អារម្មណ៍ហើយយើងជឿជាក់ថាទស្សនិកជនជាច្រើនចង់ ទស្សនារឿងភាគដូច្នេះទើបយើងលើក រឿង”ពស់កេងកង”មកផលិតជាភាពយន្តភាគទូរទស្សន៍។
កញ្ញាបុប្ផា ក៏បានលើកឡើងដែរថា”យើងសង្ឃឹមថា ការពង្រឹងនូវគុណភាពផលិតភាពយន្តភាគទូទស្សន៍នេះនឹង ធ្វើទស្សនិកជនខ្មែរទាំងអស់ងាកមកចាប់អារម្មណ៍ទស្សនានិងគាំទ្រភាពយន្តខ្មែរ។នៅពេលដែលមានការ គាំទ្រខ្លាំងពីមហាជន និងធ្វើឲ្យបណ្ដាម្ចាស់ឧបត្ថម្ភកម្មវិធីទាំងអស់យល់ព្រមផ្សព្វផ្សាយផលិតផល ឬសេវាកម្មរបស់ ខ្លួនក្នុងកម្មវិធីភាពយន្តទូរទស្សន៍ហើយការដែលយើងមានម្ចាស់ឧបត្ថម្ភកម្មវិធីទាំងអស់ នេះហើយទើបធ្វើឲ្យទូរទស្សន៍និងផលិតករខិតខំបន្តពង្រឹងស្នាដៃផលិតកុនខ្មែរបន្តទៀតនេះជាចំណែក ដ៏ធំដើម្បីឲ្យវិស័យភាពយន្តខ្មែរកាន់តែរីកចំរើនទៅមុខ”។
ស្ថានីយទូរទស្សន៍បានលើកឡើងថាPNN តែងតែគាំទ្រលើកស្ទួយនិងលើកតម្កើងរឿងខ្មែរមានទាំង រឿងបែបអក្សរសិល្បិ៍ រឿងព្រេងខ្មែររឿងប្រលោមលោក និងស្នាដៃផលិតថ្មីដើម្បីឲ្យខ្សែភាពយន្តខ្មែរទទួល បានការគាំទ្រពីសំណាក់ទស្សនិក ជនទាំងក្នុងនិងក្រៅស្រុក ខណៈដែលរឿង”ពស់កេងកង”នឹងដាក់បញ្ចាំង នៅកញ្ចក់ទូរទស្សន៍PNN ចាប់ពីថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៧ តទៅ៕